ព័ត៌មានជាតិ
យន្តការចំនួន ៤ ជំហានឆ្ពោះដោះស្រាយបញ្ហារវាងអតិថិជនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ
នៅក្នុងវេទិកាពិភាក្សារវាងស្ថាប័នអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដែលធ្វើឡើងក្រោមប្រធានបទ «ការលើកកម្ពស់ការប្រើប្រាស់ឥណទាន ប្រកបដោយសុវត្ថិភាព» លោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ស្របពេលដែលវិស័យធនាគារមានការរីកចម្រើនលឿន ប៉ុន្តែកង្វះយន្តការការពារអ្នកប្រើប្រាស់ អាចបណ្តាលឱ្យមានបញ្ហានាំផលប៉ះពាល់ដល់សង្គម។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាផ្សេងៗពីការប្រើប្រាស់កម្ចី លោកបានលើកពីយន្តការដែលអតិថិជនអាចស្វែងរកនៅពេលជួបបញ្ហា តាមរយៈការសម្របសម្រួលឱ្យមានដំណោះស្រាយរួមមួយ ដែលអាចទទួលយកបាន។
លោកលើកពីជំហានការផ្តល់សេវាដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការចំនួន ៤ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាផ្សេងៗពីការប្រើប្រាស់កម្ចីរបស់អតិថិជនរួមមាន៖
១. កម្រិតគ្រឹះស្ថាន គឺអតិថិជនអាចព្យាយាមទាក់ទងនិងដោះស្រាយជាមួយគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុផ្ទាល់
២. ប្រសិនបើមិនពេញចិត្តនឹងដំណោះស្រាយនៅកម្រិតទី១ ឬខ្លាចការគាបសង្កត់ អតិថិជនអាចទាក់ទងមកមជ្ឈមណ្ឌលតាមរយៈលេខទូរសព្ទ (Hotline) ដែលមានភ្ជាប់នៅក្នុងកុងត្រាប្រាក់កម្ចី
៣. ប្រសិនបើដំណោះស្រាយនៅកម្រិតទី ២ នៅតែមិនអាចទទួលយកបាន អតិថិជនអាចបន្តដាក់ពាក្យបណ្តឹងទៅកាន់ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរពាក់ព័ន្ធ
៤. ជាជម្រើសចុងក្រោយ អតិថិជនមានសិទ្ធិស្ម័គ្រចិត្តប្តឹងទៅតុលាការនៅដំណាក់កាលណាក៏បាន។

លោក ហេង កូយ បានបញ្ជាក់ថា ចំពោះដំណើរការដោះស្រាយរបស់មជ្ឈមណ្ឌលគឺមានភាពសាមញ្ញ ដោយអតិថិជនអាចទាក់ទងតាមរយៈទូរស័ព្ទ (Hotline) ដែលមានដាក់នៅលើកិច្ចសន្យាប្រាក់កម្ចី។ មជ្ឈមណ្ឌលអាចជួយដោះស្រាយដោយធ្វើជាភ្នាក់ងារកណ្តាលដោយមិនបាច់ឱ្យភាគីជួបគ្នាឬអាចហៅភាគីទាំងពីរមកជួបប្រជុំទល់មុខគ្នា។
លោកអះអាងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ មជ្ឈមណ្ឌលទទួលបានការទាក់ទងពីប្រជាពលរដ្ឋជាង ២០០០នាក់ ហើយមជ្ឈមណ្ឌលអាចជួយដោះស្រាយបញ្ហាបានជោគជ័យជាង ៨០% នៃករណីសរុបទាំងអស់។
លោក ហេង កូយ បានលើកឡើងពីសិទ្ធិរបស់អតិថិជន ក្នុងការទទួលបានសេវាហិរញ្ញវត្ថុដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយមិនរងការប្រមាថ ប៉ុន្តែលោកក៏ក្រើនរំលឹកអំពីទំនួលខុសត្រូវរបស់អតិថិជនលើការប្រើប្រាស់ប្រាក់កម្ចីឱ្យចំគោលដៅ។
លោកណែនាំឲ្យអតិថិជនត្រូវអាន និងស្វែងយល់លក្ខខណ្ឌកុងត្រាឱ្យច្បាស់មុននឹងចុះហត្ថលេខា។ ចំណែកឯគ្រឹះស្ថានវិញ ក៏មានកាតព្វកិច្ចពន្យល់លម្អិតអំពីហានិភ័យ និងផលប្រយោជន៍នានាឱ្យអតិថិជនយល់ច្បាស់ជាមុនផងដែរ។
ពាក់ព័ន្ធការជ្រើសរើសគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់សេវាហិរញ្ញវត្ថុ លោកលើកទឹកចិត្តអតិថិជនត្រូវប្រើប្រាស់សេវាកម្មតែជាមួយគ្រឹះស្ថានស្របច្បាប់ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិប៉ុណ្ណោះ។
បើតាមលោក ហេង កូយ គ្រឹះស្ថានស្របច្បាប់មានស្តង់ដារត្រឹមត្រូវ មានយន្តការវាយតម្លៃប្រវត្តិឥណទានអតិថិជនច្បាស់លាស់ តាមរយៈក្រុមហ៊ុនព័ត៌មានឥណទានកម្ពុជា (CBC) និងមានគោលនយោបាយជួយសម្រួលដល់អតិថិជននៅពេលជួបបញ្ហាលំបាក។ ផ្ទុយទៅវិញ ភ្នាក់ងារផ្តល់កម្ចីក្រៅប្រព័ន្ធតែងតែមិនខ្វល់ពីលទ្ធភាពសងរបស់អតិថិជនឡើយ ដោយគិតតែពីការបញ្ចេញលុយឱ្យបានលឿន ដើម្បីចាប់បង្ខំអតិថិជនបង់សងតាមរយៈកុងត្រា។
មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ គឺជាស្ថាប័នឯករាជ្យមួយដែលបង្កើតឡើងដើម្បីបម្រើប្រយោជន៍សាធារណៈជន ដោយមិនស្វែងរកប្រាក់ចំណេញ។ ការបង្កើតមជ្ឈមណ្ឌលនេះធ្វើឡើងស្របពេលដែលវិស័យធនាគារមានការរីកចម្រើនលឿន ប៉ុន្តែយន្តការការពារអ្នកប្រើប្រាស់មិនទាន់អាចដើរទាន់ ដែលបណ្តាលឱ្យមានបញ្ហានិងផលប៉ះពាល់ដល់សង្គមដូចជាការបាត់បង់ផ្ទះសម្បែង និងដីធ្លីជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


