ព័ត៌មានជាតិ
យោងតាមច្បាប់ តើគ្រឹះស្ថានធនាគារអាចចូលឆែកប្រវត្តិឥណទានហិរញ្ញវត្ថុ (CBC) របស់អតិថិជន ដោយរបៀបណា?
អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានពន្យល់ពីនីតិវិធី ដែលគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ អាចមានសិទ្ធិក្នុងការពិនិត្យប្រវត្តិឥណទានរបស់អតិថិជន (CBC) ដោយយោងតាមការកំណត់នៃច្បាប់។
លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌាបានបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុអាចចូលត្រួតពិនិត្យប្រវត្តិឥណទានរបស់អតិថិជន ដែលអាចធ្វើឡើងតាមពីរករណី។

លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា
លោកលើកឡើងករណីទទួលបានការយល់ព្រមពីអតិថជន។ ជាទូទៅនៅពេលដែលអតិថិជនស្នើសុំឥណទាន (កម្ចី) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគេត្រូវបំពេញ «ពាក្យស្នើសុំឥណទាន» ដែលនៅក្នុងពាក្យស្នើសុំនោះ ច្បាប់តម្រូវឱ្យមានប្រយោគមួយ ដែលបញ្ជាក់ពីការយល់ព្រមរបស់អតិថិជន។
នៅពេលអតិថិជនផ្តិតមេដៃ ឬចុះហត្ថលេខាលើពាក្យស្នើសុំនោះ វាស្មើនឹងការផ្តល់សិទ្ធិឱ្យគ្រឹះស្ថាន ក្នុងការឆែកមើលប្រព័ន្ធព័ត៌មានឥណទានរបស់ខ្លួនហើយ។
លោកលើកករណីមួយទៀត ដែលច្បាប់ក៏ផ្តល់លទ្ធភាពនិងសិទ្ធិទៅឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចឆែកមើលប្រព័ន្ធព័ត៌មានឥណទានអតិថិជនរបស់ខ្លួន ក្នុងករណីដែលអតិថិជននោះជាអតិថិជនសកម្ម ដែលកំពុងប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានស្រាប់។
លោកបញ្ជាក់យ៉ាងដូច្នេះថា «គ្រឹះស្ថានមានសិទ្ធិក្នុងការពិនិត្យឡើងវិញនូវប្រវត្តិឥណទានរបស់អតិថិជនជាប្រចាំ។ ឧទាហរណ៍ ៦ ខែ ម្តង ឬ ១២ ខែម្តង ទៅតាមគោលនយោបាយរបស់គ្រឹះស្ថាននីមួយៗដើម្បីបង្ការហានិភ័យ និងគ្រប់គ្រងហានិភ័យឥណទាន ដោយមិនចាំបាច់សុំការយល់ព្រមរាល់ពេលឆែកនោះឡើយ»។

ពាក់ព័ន្ធដំណើរការប្រព័ន្ធចែករំលែកឥណទាន CBC លោក ខុម ច័ន្ធតារា បានអះអាងថា ប្រព័ន្ធនេះមិនត្រឹមតែជួយដល់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការវាយតម្លៃហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារអតិថិជនពីការជាប់បំណុលលើសលប់ និងជួយឱ្យពួកគេអាចគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុខ្លួនឯងបានល្អ។
គម្រោងទៅថ្ងៃអនាគត លោកបញ្ជាក់ថា CBC នឹងបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទ (Mobile App) ជំនាន់ថ្មី ដែលក្រៅពីផ្តល់ព័ត៌មានពីទីតាំងនិងព័ត៌មានរបស់គ្រឹះស្ថាននានា ក៏នឹងដាក់បញ្ចូលព័ត៌មានអំពីផលិតផលរបស់គ្រឹះស្ថាន ដើម្បីឱ្យអ្នកប្រើប្រាស់ឬអតិថិជនទូទៅអាចទទួលបានព័ត៌មានកាន់តែសម្បូរបែប។

ក្នុងវេទិកាពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញហិរញ្ញវត្ថុស្តីពីការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព អ្នកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទបញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិកម្ពុជា ក៏មើលឃើញប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (CBC) បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដែលជួយបង្កើនបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
អ្នកស្រីបានលើកឡើងពីផែនការជំរុញការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជាពិសេសអតិថិជនដែលបម្រុងនឹងប្រើប្រាស់សេវាឱ្យយល់ដឹងពីចំណុចសំខាន់ៗមុនពេលសម្រេចចិត្តខ្ចីប្រាក់ ដូចជាអត្រាការប្រាក់ សមត្ថភាពសងត្រឡប់ សិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំធនាគារជាតិរូបនេះ ផ្តល់ការណែនាំដល់អ្នកប្រើប្រាស់ឬអតិថិជនដែលជួបប្រទះបញ្ហា ឬមិនពេញចិត្តនឹងសេវាកម្មលើការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ មានសិទ្ធិដាក់ពាក្យបណ្តឹងឬតវ៉ា តាមរយៈឧបករណ៍និងចរន្តនានាដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


