Connect with us

ព័ត៌មានជាតិ

ចុង​សប្តាហ៍ចំថ្ងៃ​បុណ្យជាតិ ភ្ញៀវ​ទេសចរ​សម្រុក​ចេញ​ដើរ​កម្សាន្ត​ជាង ១០ ម៉ឺន​នាក់​​ទូទាំង​ប្រទេស

បានផុស

នៅ

(ភ្នំពេញ)៖ ចុងសប្ដាហ៍ពី​ថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាម​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍​​ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការកត់សម្គាល់ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ។

​ខេត្តក្រុង​ចំនួន ៦ ជា​គោលដៅ​មាន​ភ្ញៀវ​ទេសចរ​ទៅលេង​ច្រើន​រួមមាន៖ រាជធានីភ្នំពេញ ២០,៧១៦ នាក់ ខេត្តកំពត ១៩,៤១៦ នាក់ ខេត្តកំពង់ស្ពឺ ១២,៣២០ នាក់ ខេត្តបាត់ដំបង ៩,៦៨៨ នាក់ ខេត្តព្រះសីហនុ ៨,៧៩៣ នាក់ និង​ខេត្តកែប ៨,៣៤០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម