Connect with us

ព័ត៌មានជាតិ

ទូរ​ទស្សន៍ជាតិកម្ពុជា គ្រោងរៀបចំ «កម្មវិធីកីឡាប្រដាល់» ឡើងវិញ ក្រោយខកខានអស់ជាច្រើនឆ្នាំ

បានផុស

នៅ

ក្រោយពីខកខានអស់រយៈពេលជាច្រើនឆ្នាំមក នៅអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខនេះ អគ្គនាយកដ្ឋាន ទូរ​ទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន «កម្មវិធីកីឡាប្រដាល់» ឡើងវិញ ហើយបច្ចុប្បន្ន ក្រុមការងារទូរ​ទស្សន៍ជាតិកម្ពុជា បាននឹងកំពុងសិក្សាលម្អិតបន្ថែមទៀត ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយល្អ និងមានភាព​យូរ​អង្វែង។  

លោក ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៤ ខែសីហានេះថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលទូរទស្សន៍ជាតិកម្ពុជា ទទក-TVK ពុំបានរៀបចំឲ្យមានការ «កម្មវិធីកីឡាប្រដាល់» នេះ។ កាលពីថ្ងៃទី២៣ ខែសីហា អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា បានរាយការណ៍ ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានរួចហើយ ជុំវិញការបង្កើតកម្មវិធី ប្រដាល់ប្រចាំសប្តាហ៍ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដែលគ្រោងចាប់ផ្ដើម នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០២១ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម វុទ្ធី​ បានបញ្ជាក់ថា ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា កំពុងសិក្សាលម្អិត ចំពោះគម្រោងបង្កើត «កម្មវិធីកីឡាប្រដាល់» នេះ។ លោកបានថ្លែងថា «ពីមុនមក ដូចជាយូរមកហើយធ្លាប់បានធ្វើ ប៉ុន្តែដល់ពេល ដែលតាំងពីអាណត្តិឯកឧត្ដម កឹម គុណវឌ្ឍន៍ និងខ្ញុំមក ដូចជាអត់ទេ ប៉ុន្តែឥឡូវដោយសារតែយើង គិតថាវាល្អ ហើយយើងវាចាប់ផ្ដើម យើងចង់ប្រែពណ៌ទូរទស្សន៍ ឲ្យមានប្រដាល់ ឲ្យមានកីឡា ឲ្យមានអី ទោះបីជាយើង ចង់និយាយថា ថវិកាយើងមានកម្រិត ក៏ប៉ុន្តែយើងព្យាយាម ដើម្បីឲ្យវាល្អជាងនេះ ក៏ប៉ុន្តែលទ្ធផលការ ងារនេះ គឺយើងនឹងបញ្ជាក់ មានន័​យថា យើងនឹងជួបជាមួយនឹងដៃគូរការងារ របស់យើងបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់»។

តាមអគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ខាងមុខ ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា នឹងចាប់ផ្ដើម «កម្មវិធីកីឡាប្រដាល់» នេះ ដោយសាកល្បងជាមួយដៃគូពាក់ព័ន្ធ មុននឹងចុះអនុស្សារ ណៈយោគយល់គ្នា (MOU) នៅដើមឆ្នាំ២០២២ខាងមុខ។ លោក ឃឹម វុទ្ធី បានបញ្ជាក់ទៀតថា ការរៀបចំ «កម្មវិធីកីឡាប្រ​ដាល់» នេះ នឹងត្រូវរៀបចំជាពីរកម្មវិធី ដែលរួមមាន៖ ការរៀបចំ ចំព្រឹត្តិការណ៍បុណ្យធំៗរបស់ជាតិ និងការប្រកួត​ប្រចាំសប្ដាហ៍តែម្ដង។ លោកថា ការប្រកួត សម្រាប់ថ្ងៃចំព្រឹត្តិការណ៍បុណ្យធំៗរបស់ជាតិ នឹងត្រូវចាប់ផ្ដើមក្នុង​អំឡុ​ងខែតុលាខាងមុខនេះ ហើយការប្រកួតប្រចាំសប្ដាហ៍ គឺក្រុមការងារបាននឹងកំពុងសិក្សាលម្អិតបន្ថែមទៀត។

លោក ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នៅពេល «កម្មវិធីកីឡាប្រដាល់» នេះលេចចេញជារូបរាងឡើង គឺនឹងបង្ហាញអំពីកិត្តិយស និងមោទនភាព របស់ក្រុមការងារទូរ​ទស្សន៍​​ជាតិកម្ពុជា។ លោកបានថ្លែងថា «តាមការពិតទៅ វាជាកិត្តិយស ហើយជាមោទនភាព សម្រាប់មន្ត្រីផលិតករ​របស់យើង ដោយសារថា ពីមុនមកវាអត់ដែលមានទេ ហើយយើងទើបតែចាប់ផ្ដើម វាគិតថា ជាទំព័រថ្មីដែលយើង​ចាប់ផ្ដើមដើរ នៅលើការងារដែលយើង ពីមុនមកអត់ធ្លាប់មាន ហើយយើងសង្ឃឹម ថា យើងបានចូលរួមចំណែក ផ្សព្វផ្សាយគុនខ្មែរ ផ្សព្វផ្សាយអំពីដែលជាមរតក ដែលស្នាដៃរបស់បុព្វបុរសយើង ជាពិសេសសម្រាប់យុវជន អ្នក​ចូលចិត្តខាងប្រដាល់ហ្នឹងតែម្ដង ជាការលើកស្ទួយវិស័យហ្នឹងតែម្ដង ហើយយើងមានមោទនភាពមែនទែន​ ប្រសិន​បើទទករបស់យើង សម្រេចបាន»។

យ៉ាងណាក៏ដោយ បើតាមលោក ឃឹម វុទ្ធី បានថ្លែងបញ្ជាក់ថា អ្វីដែលលោកចង់ឃើញនោះ គឺចង់ឲ្យ «កម្មវិធីកីឡាប្រដាល់» នេះ ដំណើរការទៅយូរអង្វែង មិនមែនចាប់ផ្ដើមតែមួយរយៈ ហើយបិទកម្មវិធីវិញនោះទេ។ ដូច្នេះក្រុម​ការងារទូរទស្សន៍ជាតិកម្ពុជា បាននឹងកំពុងសិក្សាលម្អិត ហើយរកដៃគូរសហការច្បាស់លាស់ ជាពិសេស​ខាង​សហ​ព័ន្ធកីឡាប្រដាល់តែម្ដង។

ជាជំហានដំបូង គឺការប្រកួតកីឡាប្រដាល់នេះ នឹងត្រូវផ្សាយចេញពីStudio អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជាតែម្ដង។ ប៉ុន្តែដោយសារ Studio មានទំហំតូច និងកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ សមាសភាពដែលមាន នៅ​ក្នុងកម្មវិធីប្រកួតផ្ទាល់ គឺមានតែអ្នករៀបចំកម្មវិធី, អាជ្ញាកណ្ដាល, និងកីឡាតែប៉ុណ្ណោះ ហើយត្រូវតែមានការធ្វើ​តេស្ដរហ័ស រកកូវីដផងដែរ។ ជំហានបន្ទាប់ នៅពេលដែលស្ថានភាពជំងឺកូវីដ មានការស្ងប់ស្ងាត់ គឺទូរទស្សន៍ជាតិកម្ពុជា នឹងមានលទ្ធភាពសហការ ជាមួយសហ​ព័ន្ធកីឡាប្រដាល់ ស្នើសុំទីតាំងណាមួយ ដើម្បីរៀបចំការប្រកួត​លក្ខ​ណៈទ្រង់ទ្រាយធំ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាប្រដាល់ ចូលទៅទស្សនាផ្ទាល់តែម្ដង។

សូមជម្រាបថា ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០​២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា សម្រាប់កម្មវិធីប្រដាល់ប្រចាំសប្តាហ៍ ដែលគ្រោងធ្វើឡើង នៅក្នុងខែតុលាខាងមុខនេះ ត្រូ​វយកចិត្តទុកដាក់ សហការជាមួយក្រុមការងារបច្ចេកទេស និងផ្នែកពាក់ពន្ធ័ទាំងអស់ ដោយត្រូវធ្វើយ៉ាងណាឲ្យដំណើរការ រៀបចំកម្មវិធីផ្សាយ និងកម្មវិធីប្រកួត ឲ្យទទួលបានជោគជ័យ ដើម្បីបម្រើដល់ការទស្សនា របស់ប្រជាពលរដ្ឋ៕ (ដោយ)៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម