ព័ត៌មានជាតិ
កម្ពុជាកំពុងចរចាជាមួយឥណ្ឌូនេស៊ី ដើម្បីបញ្ជូននាវាដែលលួចដឹកប្រេងប្រមាណ៣០ម៉ឺនបារ៉ែលមកកម្ពុជាវិញ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បាននិងកំពុងចរចាជាមួយរដ្ឋាភិបាល នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជូននាវា ដែលលួចដឹកប្រេងឆៅពីអណ្តូងប្រេងរបស់កម្ពុជាប្រមាណ ៣០ម៉ឺនបារ៉ែល និងក្រុមនាវិកចំនួន១៩នាក់ ត្រឡប់មកកម្ពុជាវិញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយបើតាមព័ត៌មានមួយចំនួនអះអាងថា ឥណ្ឌូនេស៊ី បានយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាហើយ។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា នាវាដឹកប្រេងនេះត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ឃាត់តាំងពីខែកក្កដាមកម្ល៉េះ ហើយរឿងនេះ ដោយសារតែពាក់ព័ន្ធនឹងច្បាប់ខាងក្រសួងយុត្តិធម៌ គឺជាអ្នកនាំមុខក្នុងការចរចារ ជាមួយភាគីឥណ្ឌូនេស៊ី ដើម្បីនាំយកកប៉ាល់ដឹកប្រេងនោះត្រឡប់មកកម្ពុជាវិញ។
ទាក់ទងករណីនេះ កម្ពុជាថ្មីមិនអាចទាក់ទងសុំការពន្យល់បន្ថែមពីលោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរសព្ទពុំមានអ្នកទទួល។

ចំណែកលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏មិនអាចសុំការបញ្ជាក់បន្ថែមបានដែរ ប៉ុន្តែលោកបានថ្លែងប្រាប់ទូរទស្សន៏ក្នុងស្រុកថា ករណីនេះ ក្រសួងយុត្តិធម៌រួមជាមួយក្រសួងការបរទេស កំពុងចាត់វិធាការតាមផ្លូវច្បាប់ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានចាប់ឃាត់ទុកកប៉ាល់ និងក្រុមនាវិក ដែលបើកដឹកប្រេងចេញពីកម្ពុជា។ លោកថា កម្ពុជាបានប្រើប្រាស់កិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកក្នុងវិស័យអាស៊ាន (MLA) ដោយស្នើសុំកិច្ចសហប្រតិបត្តិការតាមផ្លូវច្បាប់ និងធ្វើបត្យាប័ន (កម្ពុជា-ឥណ្ឌូនេស៊ី) បញ្ជូនខ្លួនជនទាំង១៩នាក់ រួមទាំងវត្ថុតាងទាំងអស់ រួមទាំងកប៉ាល់ប្រគល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តតាមច្បាប់ ហើយរដ្ឋាភិបាលឥណ្ដូនេស៊ី បានយល់ព្រមទទួលសំណើពីរាជរដ្ឋាភិបាលកម្ពុជារួចហើយ។
ទោះជាយ៉ាងណា លោក គឹម សន្តិភាព បញ្ជាក់ថា កម្ពុជា-ឥណ្ឌូនេស៊ី ពុំទាន់មានបត្យាប័នជាមួយគ្នានៅឡើយទេ ដូច្នេះភាគីទាំងពីរ ប្រើប្រាស់សន្ធិសញ្ញាអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ ជាយន្តការច្បាប់ក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួររំលឹកថា កាលពីថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានឃាត់នាវាដឹកប្រេងមួយគ្រឿង ដែលបានលួចប្រេងជិត៣០ម៉ឺនបារ៉ែលពីកម្ពុជា និងនាវិកចំនួន១៩នាក់ (ជនជាតិឥណ្ឌា១៣នាក់ បង់ក្លាដេស៣នាក់ និងមីយ៉ាន់ម៉ា៣នាក់) នៅលើនាវានោះ ដែលនាវានោះ ដោតទង់ជាតិប្រទេសប៉ាហាម៉ា មានឈ្មោះថា MT Strovolos ហើយការឃាត់នោះ បានធ្វើឡើងនៅឆ្នេរកោះស៊ូម៉ាត្រា បន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឱ្យអាជ្ញាធរ អាំងទែប៉ូល (Interpol) តាមចាប់កប៉ាល់នេះ។

នាវានេះមានប្រវែង១៨៣ម៉ែត្រ បានចាកចេញពីប្រទេសថៃ ឆ្ពោះទៅឥណ្ឌូណេស៊ី បានឈប់ដោយខុសច្បាប់ នៅតំបន់ប្រជុំកោះនៅឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី កប៉ាល់នេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy ដែលសហការជាមួយកម្ពុជា ដើម្បីបូមប្រេងក្នុងប្លុក A តំបន់អប្សរា សម្រាប់ផ្ទុកប្រេងដែលបូមបាន ប៉ុន្តែក្រុមហ៊ុននេះ បានប្រកាសក្ស័យធន កាលពីខែមិថុនា ឆ្នាំ២០២១ ហើយក្រុមហ៊ុនបានជំពាក់ប្រាក់ក្រុមនាវិក៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


