ព័ត៌មានជាតិ
ខេត្តកណ្តាលជំរុញគ្រោងបង្កើតក្រុមការងារអនុវត្តការពិន័យអ្នកចោលសំរាមពាសវាលពាសកាល
អភិបាលខេត្តកណ្តាល បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក បង្កើតក្រុមការងារអនុវត្តការពិន័យទៅលើអ្នកចោល និងការដុតសំរាមនៅទីសាធារណៈ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន អនាម័យសោភ័ណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ។

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលទើបទទួលបាននៅថ្ងៃនេះថា រដ្ឋបាលក្រុង ស្រុកត្រូវបង្កើតក្រុមការងារទទួលបន្ទុកអនុវត្តការពិន័យអន្តរការណ៍សម្រាប់ថ្នាក់ក្រុង ស្រុកនីមួយៗ និងបង្កើតភ្នាក់ងារអនុវត្តការពិន័យអន្តរការណ៍តាមគោលដៅចាំបាច់ ដើម្បីអនុវត្តការពិន័យ អន្តរការណ៍ ទៅលើអំពើល្មើស ដូចជា ការចោលសំរាមនិងការដុតសំរាមនៅទីសាធារណៈ ដោយអនុលោម តាមអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង។
លោកអភិបាលខេត្តបានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវចាត់ចែងរៀបចំនិងត្រួតពិនិត្យលើការផ្តល់សេវាប្រមូលសំរាមសំណល់រឹងឱ្យមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ត្រូវត្រួតពិនិត្យ និងតាមដានជាប្រចាំនូវការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូល និងដឹក ជញ្ចូនសំរាមឬក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដើម្បីឱ្យប្រមូលសំរាមឱ្យបានស្អាត មានសុវត្ថិភាពនិងទាន់ពេល វេលាតាមគោលដៅដែលត្រូវប្រមូល។

លោកអភិបាលខេត្តបានបន្តថា ត្រូវរៀបចំកែលម្អឡើងវិញទីលានចាក់សំរាមនិងឡដុតសំរាមដោយអនុលោមតាមបទដ្ឋានបច្ចេទេសដើម្បីចៀសវាងការនៅសល់សំរាមគរនៅក្រៅឬក្បែរទីលាន ដែលបង្កនូវការបាត់បង់សោភ័ណភាព ជះក្លិនមិនល្អដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះ។ត្រូវរកទីតាំងដីសមស្របន្ថែមទៀតដើម្បីកសាងទីលានចាក់សំរាមនិងឡដុតសំរាមដើម្បីធានាដល់ការគ្រប់គ្រង និងទុកដាក់សំរាមសំណល់នឹងរយៈពេលវែង។ត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំសង្កាត់ដឹកនាំកំលាំងប្រជាការពារភូមិ ធ្វើការសំអាត និងប្រមូលសំរាគ្រប់ប្រភេទតាមងផ្លូវក្នុងទឹក និងកន្លែងសាធារណៈសំខាន់ៗ ដូចជា មែកឈើ អាចម៍ដី ខ្សាច់ ថង់ប្លាស្ទិកជ័រ កំប៉ុង កំទីចថ្ម ស្មៅ និងកាប់ដើមត្រែងដែលដុះតាមចិញ្ចើមផ្លូវឱ្យបានស្អាតជានិច្ច។
ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងស្រុកត្រូវសហការរួមគ្នាជាមួយរដ្ឋបាលឃុំសង្កាត់ណែនាំប្រជាពលរដ្ឋកម្មករនិយោជិក អាវជីករអ្នកលក់ដូរតាមចិញ្ចើមផ្លូវ អ្នកលក់ដូរតាមរោងចក្រម្ចាស់ការដ្ឋានសាងសង់ ឱ្យទុកដាក់សំរាម, សំណល់រឹង របស់ខ្លួនបានត្រឹមត្រូវដើម្បីលើកកម្ពស់បរិស្ថាន និងការរស់នៅស្អាត។ត្រូវពិនិត្យលទ្ធភាពរៀបចំដាក់ធុងសំរាមនៅកន្លែងសាធារណៈសំខាន់ៗដូចជានៅតាម សួនច្បារ កន្លែងកំសាន្ត រមណីយដ្ឋាននិងកន្លែងសាធារណៈ។ត្រូវសហការជាមួយឃុំសង្កាត់និងក្រុមហ៊ុនប្រមូលសំរាមដែលមានស្រាប់ ក្នុងការរៀបចំ កន្លែងដាក់ធុងសំរាមរួមជាក់លាក់សម្រាប់មូលដ្ឋានណាដែលរថយន្តឬរ៉ូម៉កប្រមូលសំរាមមិនអាចចូលទៅដល់រួចផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតំបន់នោះឱ្យយកសំរាមរបស់ខ្លួនទៅដាក់នៅទីនោះ។
ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយសាលារៀនរដ្ឋនិងឯកជនក្នុងមូលដ្ឋានរបស់ខ្លួន រៀបចំកម្មវិធីអប់រំបរិស្ថានជាពិសេសការទុកដាក់សំរាមដល់សិស្សានុសិស្សដោយអាចកំណត់យកថ្ងៃព្រហស្បតិ៍ ឬថ្ងៃសៅរ៍ ពេលព្រឹកជាថ្ងៃដឹកនាំសិស្សានុសិស្សធ្វើហត្ថកម្មបរិស្ថាននៅតាមសាលារៀន វត្តអារាមផ្លូវសាធារណៈ និង កន្លែងសាធារណៈសំខាន់ៗដោយអនុវត្តកិច្ចការនេះជាប្រចាំ។ត្រូវធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទការបិទខិតប័ណ្ណ ឬចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីធ្វើការអប់រំអំពីអនាម័យបរិស្ថាន ជាពិសេសការទុកដាក សំរាម, ការហាមឃាត់ការចោលឬតសំរាមតាមទីសាធារណៈ ដងផ្លូវ ឬដឹឯកជន និងការបោះសំរាមក្នុងប្រភពទឹកដូចជា ទន្លេ បឹង ប្រឡាយ ឬស្រះ។
លោកអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុកត្រូវសហការជាមួយក្រុមហ៊ុនដែលផ្តល់សេវាប្រមូលសំរាមធ្វើការកំណត់ពេលវេលា និង កាលវិភាគនៃការបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋនិងកាលវិភាគនៃការប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូល សំរាមឱ្យបានត្រឹមត្រូវព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាលមានបរិមាណសំរាមសំណល់រឹងជាមធ្យមប្រមាណ ៧៨០តោនក្នុង១ថ្ងៃ ឬប្រមាណ ២៨.៥ម៉ឺនតោន ក្នុង១ឆ្នាំក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង១លាននាក់៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


