ព័ត៌មានជាតិ
វិបត្តិកូវីដ មិនជះឥទ្ធិពលខ្លាំងលើវិស័យអចលនទ្រព្យ ខណៈមន្រ្តីសេដ្ឋកិច្ចថា នឹងងើបឡើងជាង៤% ឆ្នាំ ២០២២
លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅឆ្នាំ ២០២២ អនុវិស័យអចលនទ្រព្យ រំពឹងថា នឹងងើបឡើងវិញក្នុងអត្រា ៤,១% ដោយផ្អែកទៅលើការងើបឡើងនៃសកម្មភាពជួលផ្នែកផ្សារលក់រាយ ស្របនឹងនិន្នាការកើតឡើងនូវសកម្មភាពទិញលក់ និងជួលលំនៅឋានថ្លៃទាប និងមធ្យម។ ខណៈដែលការទិញលក់ និងជួលអាផាតមិន ខុនដូ រំពឹងថា នឹងមានកំណើនទាប ដោយសារការហូរចូលយឺតនៃទុនបរទេស។

ផ្នែកលើទិន្នន័យ ១១ខែ របស់ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ឥណទានផ្តល់ទៅផ្នែកទិញ និងលក់លំនៅឋានថ្លៃទាប និងមធ្យមបានបន្តកំណើនក្នុងអត្រា ២៥,៣% ក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ចំណូលពីការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន និងភ្នាក់ងារអចនទ្រព្យបានកើនឡើង ១៧% ធៀបនឹងដក ១៧,៣% នៅឆ្នាំ ២០២០។

ជាមួយគ្នានេះ លោក ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យអចលនទ្រព្យ បានរួមចំណែកយ៉ាងសំខាន់ និងបានផ្តល់ការងារឲ្យពលរដ្ឋ បើទោះជាស្ថិតនៅក្នុងវិបត្តិកូវីដ-១៩នេះក្តី។ លោកថា វិស័យអចលនទ្រព្យ និងវិស័យដីធ្លី នៅតែជាវិស័យដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ។
បន្ថែមលើនេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យ និងវិស័យសំណង់ គឺជាវិស័យរុញច្រានកំណើនសេដ្ឋកិច្ចជាតិ និងជាចន្ទល់ដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ច។

លោកថ្លែងយ៉ាងដូច្នេះថា «សម័យកូវីដ វិស័យអចលនទ្រព្យ និងសំណង់ នៅដើរតួជាចន្ទល់នៃសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេលមធ្យមយើងត្រូវការវិស័យនេះ ដើម្បីជួយសេដ្ឋកិច្ចរស់សិន… មិនមែនតែស្រុកខ្មែរ ដែលពឹងលើវិស័យអចលនទ្រព្យ សម្រាប់ជាចន្ទល់សេដ្ឋកិច្ច ហុងកុង សិង្ហបុរី ចិន អាមេរិក ដូច្នេះយើងត្រូវមានគោលនយបាយចំពោះមុខសម្រាប់តម្រង់»។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
បើទោះជាកំណើននេះស្ថិតក្នុងកម្រិតទាប តែអ្នកជំនាញបានវាយតម្លៃថា វិស័យអចលនទ្រព្យនឹងល្អប្រសើរនៅឆ្នាំ ២០២២នេះ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា នៅឆ្នាំ ២០២២នេះ គឺជាចំណុចចាប់ផ្តើមនៃវិស័យអចលនទ្រព្យ ខណៈដែលមនុស្សចេញធ្វើដំណើរច្រើន ឱកាសនៃការទិញលក់ ក៏មានស្ថានភាពប្រសើរជាងមុនដែរ។ ប៉ុន្តែទាំងអស់នេះ នៅមានភាពផុយស្រួយនៅឡើយ ដោយសារភាពមិនច្បាស់លាស់នៃស្ថានភាពជំងឺកូវីដ-១៩៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


