ព័ត៌មានជាតិ
ទោះវិបត្តិកូវីដ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឆែក សម្រេចបាន ៨០លានដុល្លារ ឆ្នាំ ២០២១
ប្រទេសឆែក ជាទីផ្សារដ៏សំខាន់មួយ ក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ១២៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ ទោះជាយ៉ាងណា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។

ថ្លែងនៅក្នុងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នៅថ្ងៃទី ០១ ខែ កុម្ភៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ភាគីទាំងពីរ នឹងបន្តសម្រេចឲ្យបានសមិទ្ធផលសំខាន់ៗក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតថ្មី តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ។

លើសពីនេះទៀត លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជកម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូបអាហារ និងការកែច្នៃនិងវេចខ្ចប់ផ្លែឈើកម្ពុជា។
នាឱកាសនេះ លោកឯកអគ្គរដ្ឋទូតឆែក បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ ក្នុងការបង្ហាញជំហរគាំទ្រលើបេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានលើកឡើងពីផលប៉ះពាល់នៃស្ថានការណ៍ជំងឺរាតត្បាតសកល ដែលកំពុងជះឥទ្ធិពលអវិជ្ជមានលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់ និងសកលលោក ដែលនាំឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ លោករដ្ឋមន្ត្រី បានជឿជាក់ថា តាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែលក្រសួងពាណិជ្ជកម្មកម្ពុជាសម្រេចបានថ្មីៗនេះ ដូចជាកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជន និងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត៕
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


