Connect with us

ព័ត៌មានជាតិ

អគ្គស្នងការ​នគរបាល​ជាតិ​ស្នើ​ឲ្យ​អូស្ត្រាលី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​បទល្មើស​បច្ចេកវិទ្យា

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានស្នើ​ដល់​អគ្គស្នងការ​នគរ​បាល​សហព័ន្ធ​អូស្ត្រាលី ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ពាក់ព័ន្ធ​បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ក្នុងប្រទេស​ក៏ដូចជា​ក្នុង​តំបន់​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី ជាមួយ លោក​Reece Philip Kershaw អគ្គស្នងការ​នគរបាល​សហ​ព័ន្ធ​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃទី ១ មីនា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានស្នើ​អគ្គស្នងការ​នគរបាល​សហព័ន្ធ​អូស្ត្រាលី ជួយ​ពង្រឹង​ធនធានមនុស្ស​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់ បទល្មើស​សេដ្ឋកិច្ច បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា ដែល​ចាត់ទុកជា​បញ្ហា​ថ្មី​សម្រាប់​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

ទន្ទឹម​នឹង​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ស្នើ​ដល់​ភាគី​អូស្ត្រាលី ជួយ​ដល់​ការគាំទ្រ​ពាក់ព័ន្ធ​និង​ការ​ផ្លាស់ប្តូ​រព័ត៌មាន​នានា ដែល​ពាក់ព័ន្ធ​ដល់​ព្រឹត្តិការណ៍​ន​យោ​បាល ក៏ដូចជា​ព្រឹត្តិការណ៍​តំបន់​ដែល​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា ដែល​ឆ្នាំ​២០២២-២០២៣​នេះ កម្ពុជា​នឹងមាន​ការបោះឆ្នោត​ឃុំ សង្កាត់ ការបោះឆ្នោត​សភាជាតិ​។ ដោយឡែក​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​វេទិកា​សំខាន់​មួយទៀត គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែលជា​ព្រឹ​ត្តិ​ការណ៍​ទី​១ សម្រាប់​កម្ពុជា ដែល​ត្រូវ​ទទួល​រ៉ាប់រង​ជា​ម្ចាស់ផ្ទះ ជាពិសេស​គឺ​ការ​ផ្តល់​ជា​បទពិសោធន៍​មកដល់​នគរបាល​កម្ពុ​ជា ចំពោះ​កិច្ចការពារ​ព្រឹ​ត្តិ​ការណ៍​ទាំងអស់នេះ តាមរយៈ​ការប្រជុំ​តាម​វីដេអូ​ពី​ចម្ងាយ រឺក៏​អាច​ចាត់​បញ្ជូន​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ក្នុង​ក្របខណ្ឌ​ពាក់ព័ន្ធ​និង​កិច្ចការពារ​នេះ​។

បន្ថែម​ពី​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​បញ្ជាក់​អំពី​បញ្ហា​ប្រឈម​ជា​សត្យានុម័ត​មួយចំនួន​ពាក់ព័ន្ធ​ដល់​និន្នាការ​គ្រឿងញៀន​នៅ​កម្ពុជា រួមទាំង​ការគ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​សម្រាប់​សំយោគ​កែច្នៃ​ផលិត​គ្រឿងញៀន​ផងដែរ ដែល​បញ្ហា​នេះ​បាន​ផ្លាស់ប្តូរ​យោបល់ និង​ពិសោធន៍​ទៅវិញទៅមក និង​ប្តេជ្ញា​រួមគ្នា​ផ្លាស់ប្តូរ​ព័ត៌មាន ក្នុងន័យ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ ការបណ្តុះបណ្តាល ដើម្បី​ទប់ស្កាត់​នូវ​បទឧក្រិដ្ឋ ពិសេស​ទប់ស្កាត់​គ្រឿងញៀន​ឲ្យ​បាន​ពី​ចម្ងាយ​។

ជា​ការ​ឆ្លើយតប លោក Reece Philip Kershaw អគ្គស្នងការ​នគរបាល​សហ​ព័ន្ធ​អូស្ត្រាលី បាន​ថ្លែង​បញ្ជាក់​ថា​ ភាគី​អូស្ត្រាលី ពេញចិត្ត​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ ដែល​ជា​សំណូមពរ​របស់​ភាគី​កម្ពុជា និង​សន្យា​ជួយ​ជ្រោមជ្រែង​ដល់​ភាគី​កម្ពុជា ទាំង​ពិសោធន៍ និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​អាចធ្វើ​ទៅបាន​។

លោក Reece Philip Kershaw បានបញ្ជាក់​ទៀតថា ក្នុង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាង​២០​ឆ្នាំ រវាង​នគរបាល​កម្ពុជា និង​អូស្ត្រាលី ដែល​បន្សល់ទុក​នៅ​សមិទ្ធផល​ជាច្រើន ព្រមទាំង​បានធ្វើ​ឲ្យ​ចំណងមិត្តភាព​នេះ​ក្លាយទៅជា​មិត្ត​ភាពជា​ប្រពៃណី​។

ក្នុង​ឱកាស​នោះ លោក​អគ្គស្នងការ​នគ​របាល​សហព័ន្ធ​អូស្ត្រាលី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​របស់​នគ​របាល​កម្ពុជា​ពាក់ព័ន្ធ​និង​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការបង្ការ​ទប់ស្កាត់​ពី​ចំងាយ​គ្រឿងញៀន​ទៅ​អូ​ស្ត្រា​លី ក៏ដូចជា​ក្រុម​ម៉ូតូ​ធំ​៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម