Connect with us

ព័ត៌មានជាតិ

ក្រសួង​បរិស្ថាន​ផ្ដើម​យុទ្ធ​នាការ​អន្ទាក់​សូន្យ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​ រយៈ​ពេល​ ៦ ខែ​

បានផុស

នៅ

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តួចផ្តើមកិច្ចការអភិរក្សធនធានធម្មជាតិ ដោយចាប់ផ្ដើមអនុវត្តយុទ្ធនាការ​អន្ទាក់សូន្យ​នៅ​ក្នុងតំបន់ការពារ​ធម្មជាតិ​កម្ពុជា ចាប់ពីថ្ងៃទី ៣ ខែមីនានេះ រយៈពេល ៦ ខែនៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការនេះមានការគាំទ្រ និងចូលរួមពីតំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF ) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអននតរជាតិ (USAID Green Prey Lang) និងអង្គការ FFI។

លោក នេត្រ ភក្ដ្រាបានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី ៣ ខែមីនាស្របពេលដែលពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយា បថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃនៅកម្ពុជាមានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀតគឺធ្វើឱ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះផ្សេង ទៀត។ ឯកឧត្តមបានថ្លែងថា អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។

មន្ត្រីរូបនេះបានលើកឡើថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។

ក្រៅពីនេះ អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។ យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។

លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា ក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃឱ្យងាកមកគោរពច្បាប់ និងឱ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល។

លោក គឹម ណុងបន្តថា កម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ដែលក្នុងនេះមានទាំងការផាកពិន័យនិងទោសទណ្ឌ ដោយក្នុងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានដល់១៥០លានរៀល។

ក្នុងយុទ្ធនាការនេះគឺយើងនឹងរួមគ្នាធ្វើឡើងរយៈពេល៦ខែ ហើយក្នុងអំឡុងពេលនេះយើងនឹងឱ្យអាជ្ញាធរមូលដ្ឋាននិងសហគមន៍រួមគ្នាទប់ស្កាត់ក៏ដូចជាអប់រំផ្សព្វផ្សាយឱ្យពួកគាត់យល់ច្បាស់ពីច្បាប់ ពីទោសទណ្ឌនិងរួមទាំងតម្លៃរបស់សត្វព្រៃ។

លោក សេង ទៀក ប្រធានអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះនៅតាមតំបន់ការពារធម្មជាតិបានត្រឹមតែ២០ភាគរយប៉ុណ្ណោះហើយចំនួន៨០ភាគរយទៀតមិនទាន់បានដោះដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។

ប្រធានអង្គការ WWFរូបនេះបានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ ២០២០នៅតាបន់អាស៊ីអាគ្នេយ៍មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃនិងកម្ពុជាដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះគឺជាដមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។

ប្រធានអង្គការរូបនេះចង់ឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូចជាភោជនីយដ្ឋានឬតំបន់នានាដែលបានជួញដូរសត្វព្រៃ ដែលទាំងនេះសំដៅធ្វើយ៉ាងណាការពារសត្វព្រៃកម្ពុជាមិនឱ្យបាត់បង់ពូជនៅថ្ងៃខាងមុខ។

លោក ឈិន សំអាត តំណាងមកគម្រោង USAID ព្រៃឡង់បៃតងបានលើកឡើងថា បើយើងពុំមានវិធានការណាមួយឱ្យជាក់លាក់ទៅលើបញ្ហាអន្ទាក់ដែលត្រូវបានជនល្មើសកំពុងប្រព្រឹត្តិរៀងរាល់ថ្ងៃទេយើងពិតជាទទួលរងផលលំបាកនិងសត្វព្រៃនឹងបាត់បង់បន្តបន្ទាប់ទៀតជាក់ជាពុំខាន។ទន្ទឹមជាមួយគ្នាក៏ត្រូវអនុវត្តច្បាប់និងការផ្សព្វផ្សាយក៏ជាការមួយចាំបាច់ដែលត្រូវធ្វើឡើងដល់សហគមន៍មូលដ្ឋានផងដែរ។

លោកប៊ូវរក្សសក្ស ប្រធានអង្គការ Birdlife in Cambodia បានលើកថា អន្ទាក់ក្រៅពីបានសម្លាប់សត្វជើងជំពាម សត្វព្រៃដទៃទៀតវាក៏បានសម្លាប់សត្វស្លាបជាបន្តបន្ទាប់ផងដែរ។ ពួកគេក្រៅពីដាក់អន្ទាក់ នៅរាយមង និងដាក់ឧបករណ៍ដទៃទៀតសម្រាប់សម្លាប់សត្វដ៏កម្រថែមទៀត។ ជាក់ស្តែងក្នុងឆ្នាំ ២០២១ កន្លងមកសត្វត្រយ៉ងយក្ស៣ក្បាលត្រូវបានជាប់អន្ទាក់ ប៉ុន្តែត្រូវបានក្រុមសង្រ្កោះជួយដោះលែងវាវិញបានទាន់ពេលវេលា។

ដោយឡែក លោក Leremy Parker តំណាងមកពីអង្គការ FFI បានថ្លែងបញ្ជាក់ឱ្យដឹងថា អន្ទាក់គឺជាបញ្ហាមួយដែលយើងតែងជួបប្រទះ ហើយយើងចាំបាច់ត្រូវពង្រឹងតាមសហគមន៍ដើម្បីឱ្យគាត់ដើរល្បាត និងស្តារនៅតាមតំបន់សំខាន់ៗដើម្បីធ្វើយ៉ាងណាកុំឱ្យសម្លាប់សត្វបន្តទៅទៀត។

យុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីអន្តរក្រសួង រដ្ឋបាលខេត្តពាក់ព័ន្ធ នឹងអង្គការដៃគូនានាដែលសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម