ព័ត៌មានជាតិ
អតីតអ្នកកាសែត ២រូប នឹងឡើងជារដ្ឋមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី
អតីតអ្នកសារព័ត៌មានដ៏មានបទពិសោធចំនួន២រូប គឺលោក នេត្រ ភក្ត្រា និងលោក ប៉ែន បូណា នឹងក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះ។

អតីតជានាយកគ្រប់គ្រងការីនិពន្ធនៃកាសែតភ្នំពេញប៉ុស្តិ៍ ហើយបច្ចុប្បន្ន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសរើសឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសលោក ខៀវ កាញារីទ្ធ។ រីឯ អ្នកកាសែតជើងចាស់ លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។
លោក នេត្រ ភក្ត្រា គឺជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្ស។ អតីតអ្នកកាសែតរូបនេះ ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។

លោក នេត្រ ភក្ត្រា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោក ក៏ធ្លាប់បានទៅសិក្សានៅប្រទេសបារាំងថែមទៀតផង។ រដ្ឋមន្ត្រីថ្មីនៃក្រសួងព័ត៌មានរូបនេះ ក៏ធ្លាប់បំពេញការងារជាប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។ តាមរយៈការងារជាអ្នកនាំពាក្យឱ្យសាលាក្ដីខ្មែរក្រហម ក៏ដូចជាការងារនៅក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តែងតែបានផ្ដល់កិច្ចសហការល្អជាមួយភាគីជាដៃគូ អង្គការជាតិ-អន្តរជាតិ ជាពិសេសអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើកិច្ចការដែលលោកទទួលបន្ទុក។
ដោយឡែក អនាគតអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា គឺជាអ្នកកាសែតជើងចាស់ មានបទពិសោធយូរឆ្នាំ ដែលបានប្រឡូកក្នុងវិស័យព័ត៌មាន តាំងពីឆ្នាំ១៩៩០។ អតីតសិស្សសាលាកាសែតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៉ែន បូណា ធ្លាប់បានបម្រើការជាអ្នកកាសែតនៅស្ថាប័នល្បីៗជាច្រើន រួមមាន កាសែតបារាំង CAMBODGE SOIR ជានិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI និងជានាយកព័ត៌មានរបស់ទូរទស្សន៍ PNN។

លើសពីនេះ លោក ប៉ែន បូណា ក៏ជាអតីតប្រធានក្លិបអ្នកកាសែត ២អាណត្តិជាប់ៗគ្នា ក្នុងចន្លោះឆ្នាំ២០១៥ រហូតដល់ចុងឆ្នាំ២០២២ ទើបលោកបានលាលែងពីប្រធានក្លិបអ្នកកាសែតនេះ ដោយហេតុថា លោក ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
ក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មាន នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១៤ ខែសីហា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការជ្រើសរើសលោក ប៉ែន បូណា ជាអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ជាការសម្រេចចិត្តរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកសមាសភាពរបស់គណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧នេះ សុទ្ធសឹងតែជាក្រុមមនុស្សដែលមានសមត្ថភាពខ្ពស់ សម្រាប់ការឆ្លើយតបរាល់សភាពការណ៍បច្ចុប្បន្នទាំងឡាយនៅកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


