Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍​ជាមាសបៃតង ជួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ

បានផុស

នៅ

វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត ផែនការ យុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ តាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជា មានការកើនឡើងគួរឱ្យកត់សំគាល់ ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។ បន្ទាប់មកចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

លោក ថោង ខុន បានថ្លែងថា «អ្វីដែលខ្ញុំចង់និយាយគឺគោលដៅថ្មី ការបង្កើតថ្មី ហើយទៅតាមគន្លងប្រក្រតីភាពថ្មី … រឿងទាំងអស់នេះ ដែលយើងត្រូវត្រួតពិនិត្យ គ្រប់គោលដៅទាំងអស់ បើសិនជាគោលដៅនីមួយៗអត់បានកែច្នៃ ឬអត់បានរៀបចំកែសម្រួលឱ្យបានល្អទេ ក៏មិនអាចទាក់ទាញភ្ញៀវទេចរបានច្រើនដែរ ។ ដើម្បីកែច្នៃឱ្យបានល្អ រដ្ឋបានរៀបចំទុនសម្រាប់ឱ្យខ្ចី កែលំសណ្ឋាគារ រមណីដ្ឋាន ផលិតផលទេសចរណ៍ ធុនតូច និង មធ្យម។ ចំណុចនេះត្រូវតែខិតខំធ្វើ ពិសេសផ្នែកឯកជនត្រូវតែគិតដល់បញ្ហានឹង»។

លោក ថោង ខុន បានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងកន្លងមក មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ ចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទុកចិត្តថាជា «គោលដៅទេសចរណ៍សុវត្ថិភាព» ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល ក្នុងនោះក្រសួងទេសចរណ៍ ក៏បានបង្កើតក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព នៅតាមកន្លែងគោលដៅទេសចរណ៍រួមមាន នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

បើតាមលោករដ្ឋមន្រ្តី ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថា ចលនាទេសចរណ៍អន្តរជាតិ ក្នុងកម្រិតតំបន់ និងសកលលោកមានការប្រែប្រួលជាមួយនិន្នាការថ្មីដូចជា ភ្ញៀវទេសចរនឹងមានការគិតគូរពីសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងការធ្វើដំណើរកម្សាន្តជាមុន, ស្ថានភាពទីផ្សារទេសចរណ៍ក៏នឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាព ផលិតផលនៃសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍ផងដែរ។

លោក ថោង ខុន ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធសហការជំរុញការអនុវត្តផែនការសកម្មភាពនៃ «វិធានការគោល នយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣» ឱ្យមានប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមសូចនាករសមទ្ធកម្មវាយតម្លៃគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម