ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើប៉ាគីស្ថានពិនិត្យសក្តានុពល លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ពិនិត្យមើលសក្ដានុពលទាំងឡាយ ដែលប្រទេសទាំងពីរមាន និងអាចធ្វើបានលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រោះវិស័យទាំងអស់នេះមានសារៈសំខាន់ សម្រាប់ការបំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោក Zaheerudin Badar Thaheem (ហ្សាហ៊ីរូឌីន បាបារ ថាហ៊ីម) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២នេះ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្ទាប់ពីជំនួបនោះថាលោក Zaheerudin Badar Thaheem បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចំណាយពេលវេលាអនុញ្ញាតឲ្យលោក បានចូលជួបសម្ដែងការគួរសម។ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈពេលជាងមួយខែមកនេះ លោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍស្រស់ស្អាត ជាមួយនឹងប្រជាពលរដ្ឋ ដែលមានភាពរាក់ទាក់ និងមន្ត្រីរាជការបានផ្តល់កិច្ចការសហការដ៏ល្អ។
លោក Zaheerudin Badar Thaheem បានជម្រាបជូនសម្ដេចតេជោផងដែរថា ប៉ាគីស្ថានចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់។ ដូចនេះក្នុងបេសកកម្មរបស់លោកនៅកម្ពុជា គឺបន្តបេសកកម្មដែលមានស្រាប់ផងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យឈានដល់កម្រិតថ្មីមួយទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក Zaheerudin Badar Thaheem ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានស្វាគមន៍ផងដែរ នូវការលើកឡើងរបស់លោក Zaheerudin Badar Thaheem និងបានលើកទឹកចិត្តឲ្យលោកពិនិត្យមើលសក្ដានុពលទាំងឡាយ ដែលប្រទេសទាំងពីរអាចធ្វើបាន លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ព្រោះវិស័យទាំងនេះមានសារៈសំខាន់ សម្រាប់ការបំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងនឹងវ័យចំណាស់រហូតដល់ ៧០ ឆ្នាំនៅក្នុងឆ្នាំនេះ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោក Zaheerudin Badar Thaheem ផងដែរថា ឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក្នុងក្របខ័ណ្ឌអាស៊ានអ្វីដែលកម្ពុជាចង់ បានគឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលយើងកំពុងរស់នៅក្នុងដំណាក់ការកូវីដ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងបានស្នើឲ្យរដ្ឋាភិបាលប៉ាគីស្ថាន បន្តផ្ដល់អាហារូបករណ៍ថែមទៀត ដល់និស្សិតកម្ពុជា៕
អត្ថបទ៖ ណារី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


