ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពាវនាវឲ្យអន្តរជាតិខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ក្រោយពីមានការសម្លាប់ជនស៊ីវិល
រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នេះបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវយ៉ាងដាច់អហង្ការឲ្យមានការខិតខំប្រឹងប្រែងជាទីបំផុតពីគ្រប់ភាគី និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឈានទៅដល់ការបង្ហូរឈាម។

សេចក្តីថ្លែងការណ៍ស្តីពី “ការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន” បានបញ្ជាក់៥ ចំណុចគឺ៖
ទី១, យើងរដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះប្រជាជនអ៊ុយក្រែន ស្ដីពីរបាយការណ៍នៃការសម្លាប់ ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ យើងទាំងអស់គ្នាសូមកាន់ទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ ពួកគេនៅក្នុងជម្លោះ។

ទី២, យើងគាំទ្រការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើសាហាវ ឃោរឃៅប្រឆាំងជនស៊ីវិលស្លូតត្រង់ ក្នុងនោះរួមមានទាំងក្នុងទីក្រុងប៊ូចា ដើម្បីទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើងច្រំដែល និងដើម្បីយុត្តិធម៌។
ទី៣, យើងក៏សូមសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃច្រកផ្លូវមនុស្សធម៌ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពទៅកាន់ប្រទេសអ៊ុយក្រែន។
ទី៤, យើងសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ និងបញ្ចៀស ឱ្យបាននូវរាល់ការវាយប្រយុទ្ធគ្នា ហើយខ្នះខ្នែងបិទបញ្ចប់ មិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំ និងការបង្ហូរឈាមគ្នានោះទេ។
ទី៥, យើងសូមបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់យើង ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបន្តកិច្ចសន្ទនានយោបាយគ្រប់ជ្រុងជ្រោយ ដែលនឹងនាំទៅរកសន្តិភាពជាចីរភាពនៅក្នុងប្រទេសអ៊ុយក្រែន។
គួររំលឹកថា ទាហានរុស្ស៊ី ត្រូវបានចោទថា បានសម្លាប់ជនស៊ីវិលប្រមាណជិត៣០០នាក់ ខណៈពួកគេចាកចេញពីក្រុងប៊ូចា នៅជិតរដ្ឋធានីកៀវ ហើយលោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាព នៃជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងទីក្រុងប៊ូចា (Bucha) ហើយលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

លោក Antonio Guterres បានសសេរនៅលើបណ្ដាញសង្គម Twitter ថា “ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបភាពនៃជនស៊ីវិល ដែលត្រូវបានសម្លាប់នៅទីក្រុង Bucha ប្រទេសអ៊ុយក្រែន។ ដូច្នេះករណីនេះ ចាំបាច់ណាស់ត្រូវតែបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ដើម្បីនាំទៅរកការទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព ចំពោះហេតុការណ៍ទាំងនេះ”។
ចំណែកក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលនូវការចោទប្រកាន់លើសកម្មភាពរបស់កម្លាំងទាហានរុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha និងបានចាត់ទុកការបញ្ចេញរូបភាពវីដេអូ នៃសាកសពទាំងនេះ គឺជាការបង្កហេតុថ្មីមួយទៀត ពីរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីបង្ហាញដល់បច្ឆិមលោក និងបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមយោធា ជួយដល់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


