Connect with us

ព័ត៌មានជាតិ

តំណាង WHO ប្រចាំកម្ពុជា ប្រាប់ពលរដ្ឋខ្មែរឲ្យបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Dr Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ បន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រោះថាជំងឺនេះនៅមិនទាន់ចប់នៅឡើយទេ។ លោកស្រីវេជ្ជបណ្ឌិតបានណែនាំបែបនេះ​ នៅក្នុងលិខិតមួយកាលពីយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ ជូនពរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកស្រីវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺឱកាសដ៏វិសេសវិសាល បន្ទាប់ពីមានការរាត ត្បាត ជាសកលនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះ។ លោកស្រីថា ក្នុងនាមអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា យើងពិតជាមានក្ដីរំភើបរីករាយ សូមចូលរួមប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីនេះ ជាមួយប្រជាជនកម្ពុជាទាំងអស់ ហើយយើងយល់យ៉ាងច្បាស់អំពីសារៈសំខាន់​ក្នុងការជួបជុំគ្នាជាថ្មីម្ដងទៀត ជាមួយមនុស្សជាទីស្រលាញ់នាឱកាស ដ៏មានសារៈសំខាន់មួយនេះ។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា «យើងគួរជួបជុំគ្នា និងរីករាយចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩។ នៅពេលចូលរួមរីករាយជាមួយគ្រួសារ និងមិត្តភក្តិ យើងត្រូវចងចាំទាំងអស់គ្នាថា អ្នកដែលងាយរងគ្រោះបំផុតនោះ គឺមនុស្សដែលមានវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ បុគ្គលិកសុខាភិបាល និងស្ត្រីមានផ្ទៃពោះ។ យើងទាំងអស់គ្នាសុទ្ធសឹងតែមានក្រុមមនុស្សងាយរងគ្រោះទាំងនេះនៅក្នុងគ្រួសារ និងសហគមន៍របស់យើង ហើយយើងគឺជាអ្នកសម្រេចចិត្តក្នុងការការពារពួកគេ»។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាបង្ហាញនូវការគោរពចំពោះមនុស្សដែលមានវ័យចំណាស់ ហើយការពារសមាជិកគ្រួសារ ដែលជាមនុស្សដែលមានវ័យចំណាស់ឲ្យរួចផុតពីជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃភារកិច្ច និងវប្បធម៌ដ៏គួរឲ្យគោរពរបស់យើង។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា នៅក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដែលជាវិធានការការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា គឺពិតជាមានប្រសិទ្ធភាព ហើយនេះគឺជាមូល​ហេតុ​ដ៏ចម្បង ដែលយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំនេះបាន។

យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ជាការពិតណាស់ ការរាតត្បាតជាសកលនៃជំងឺនេះ គឺមិនទាន់ចប់នៅឡើយនោះទេ ហើយវីរុសនេះនៅតែបន្តឆ្លងនៅជុំវិញពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ យើងត្រូវបន្តរក្សានូវការប្រុងប្រយ័ត្ន និងការពារការកើនឡើងនៃជំងឺនេះម្ដងទៀត នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដូច្នេះយើងត្រូវបន្តរួមចំណែកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយនិរន្តរភាព និងបើកដំណើរការប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ»។

លោកស្រីវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាជនទាំងអស់គ្នា គិតគូរអំពីទីតាំងល្អបំផុត និងសុវត្ថិភាពបំផុត ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ទីតាំងខាងក្រៅដែលមានខ្យល់អាកាសបរិសុទ្ធ ឬកន្លែងដែលមានលំហូរខ្យល់ចេញចូលល្អ គឺជាជម្រើសទីតាំងដ៏ល្អ និងមានសុវត្ថិភាពសម្រាប់គ្រួសារ និងមិត្តភក្តិទាំងអស់គ្នាហើយអ្នក ដែលមិនស្រួលខ្លួននៅក្នុងផ្ទះកុំចេញទៅណាឲ្យសោះ។

លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា «ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការអបអរសាទរដ៏សំខាន់មួយ ហើយខ្ញុំពិតជាមានក្ដីរំភើប ក្នុងការស្ថិតនៅក្នុងប្រទេសដ៏ល្អអស្ចារ្យមួយនេះ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២២ ដ៏ពិសេសនេះ។

សូមបង្ហាញនូវក្ដីស្រលាញ់ និងការគោរពចំពោះគ្រួសាររបស់យើង តាមរយៈការធានាថាយើងកំពុងការពារពួកគាត់ពីជំងឺកូវីដ-១៩ ខណៈដែលរីករាយនាថ្ងៃឈប់សម្រាក ដែលសមនឹងទទួលបាននេះ។ វីរុសនេះនៅតែបន្តរីករាលដាល នៅក្នុងសហគមន៍ហើយនឹងអាចមានឱកាសឆ្លងបន្ថែមទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់។ សូមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នៅក្នុងលក្ខណៈមួយដែលមានសុវត្ថិភាព ខណៈដែលយើងអាចរីករាយ ជាមួយនឹងមនុស្សដែលយើងស្រលាញ់ជាទីបំផុត»៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម