ក្រុមឈ្មួញនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ដែលតាមប្រភពបានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗ គឺប្រមាណពី ៣០០ ទៅ ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុងពីព្រំដែនក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេរដាក់រថយន្តធំ ដឹកបន្តទៅរាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹង កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ថា មានក្រុមឈ្មួញបាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាម ឆ្លងដែនចូលមកប្រទេសកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួសន ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ប្រភពបានឲ្យដឹងបន្តថា នៅល្ងាចថ្ងៃទី ៣០ ខែមេសា ខាងវៀតណាម បានសាងជ្រូករស់ចំនួន ៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែន ចូលមកប្រទេសកម្ពុជា រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់ លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន ៣គ្រឿង។
ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបាន ៤ ទៅ ៥ក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក ១គ្រឿង ដោយបើកចូលទៅភូមិក្រាំងលាវ នៃស្រុកកំពង់ត្របែក និង ២គ្រឿងទៀត បើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀត ដែលមិនទាន់បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។
សមត្ថកិច្ចម្នាក់ បានឲ្យដឹងថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម និងនៅដីខ្មែរ ស្ថិតនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពួកគេដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ទាក់ទងករណីនេះអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក យ៉ន សុផល មេប៉ុស្ត៍វរៈការពារព្រំដែនក្រសាំងជ្រំបានទេ ដោយទូរសព្ទ័ចូលហើយឆ្លើយថា កំពុងបើករថយន្តការពារគណៈប្រតិភូ ពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន។
លោក ប៉ែន មចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្រុមការងារពេទ្យសត្វ បានចុះផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ពន្ធ័ ដែលឈរជើងតាមប៉ុស្ត៍វរៈការពាព្រំដែនគោក សូមឲ្យជួយទប់ស្កាត់ និងបង្ក្រាបបទល្មើស ការនាំចូលសត្វជ្រូករស់ និងផលិតផលដែលមានដើមកំណើតពីសត្វ ពីប្រទេសវៀតណាម ឆ្លងដែនចូលមកប្រទេសកម្ពុជា។
ជាមួយគ្នានេះលោក ប៉ែន មចន្ធី ក៏បានចេញលិខិតដាក់សំណើទៅ លោកអភិបាលខេត្តស្វាយរៀងតាមរយៈលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សូមឲ្យដាក់បញ្ជាទៅលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ឲ្យមន្ត្រីនគបាលវរៈការពារព្រំដែនរឹតបន្តឹង និងបង្ក្រាបបទល្មើសនាំសត្វជ្រូករស់ ឆ្លងដែនពីប្រទេសវៀតណាមចូលមកដោយខុសច្បាប់នេះ ផងដែរ៕
អត្ថបទ៖ ភក្ដី