គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេ​ឌី​ត ប្រកាស​ប្តូរ​ម្ចាស់​ភាគហ៊ុន​ថ្មី​ជា​ផ្លូវការ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេ​ឌី​ត ប្រកាស​ប្តូរ​ម្ចាស់​ភាគហ៊ុន​ថ្មី​ជា​ផ្លូវការ

Published

on

​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​តុលា ​ឆ្នាំ​២០២០ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាយ័ន​ក្រេ​ឌី​ត បានប្រកាស​ប្តូរ​ម្ចាស់​ភាគហ៊ុន​ថ្មី​ជា​ផ្លូវការ បន្ទាប់ពី​ស្ថាប័ន​ក្នុងស្រុក​មួយ​នេះ​លក់​ភាគហ៊ុន​១០០%​ទៅ​ឲ្យ​ក្រុមហ៊ុន​CHENG FUNG INVESTMENT(CFI) និង​ក្រុមហ៊ុន​NETGOLD INVESTMENT (NETGOLD ) ដែល​ការទិញ​លក់​នេះ​ធ្វើឡើង​តាំងពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០ និង​បាន​បិទ​បញ្ចប់​ការទិញ​លក់​នៅ​ថ្ងៃទី ០១​ខែ តុលា ឆ្នាំ​២០២០​។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី លោកស្រី ប៊ុត កេ​រ៉ា​ឌី បាន​សម្តែង​ចំណាប់អារម្មណ៍​ថា​៖ ការសម្រេច​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​នាពេលនេះ គឺ​ដោយ​មើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​មាន​សុខុមាលភាព​អាជីវកម្ម​ល្អ ក៏ដូចជា​ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា ទាំង​ទីក្រុង និង​ជនបទ​ ដែល​កំពុង​មាន​តម្រូវការ​ហិរញ្ញវត្ថុ​យក​ទៅ​ពង្រីក ឬ​បង្កើត មុខរបរ​របស់​ពួកគាត់ ពិសេស​ជាង​នេះ​ទៅ​ទៀត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ចជាតិ​ផងដែរ​។ លោកស្រី​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​បន្ត​ទៀត​ថា សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ ​ក្រុមហ៊ុន​គ្រោង​បន្ថែម​ដើមទុន​វិនិយោគ​២៥​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។

​លោក ញាណ វីរៈ ប្រធាន​អគ្គនាយក របស់​គ្រឹះស្ថាន​បាយ័ន ក្រេ​ឌី​ត ម​.​ក បាន​មានប្រសាសន៍ ជា​មួយ​នឹង​ភាព​ប៉ិនប្រសប់​និង​គុណ​វ​ឌ្ឍ​របស់​បុគ្គលិក ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាច្រើន​ឆ្នាំ អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មាន​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​សម័យ​ទំនើប​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដូច​បច្ចុប្បន្ន​។ សម្រាប់​គ្រឹះស្ថាន​បាយ័ន​ក្រេ​ឌី​ត គឺ​ផ្តោត​យកចិត្តទុកដាក់​ខ្លាំង​លើ​ការបម្រើ​សេវាកម្ម​អតិថិជន ក្នុងការ​ប្រកួតប្រជែង ស្របតាម​ពាក្យស្លោក​របស់​ខ្លួន ​គឺ “ ផ្តល់​ជូន​លោកអ្នក​នូវ​សេវាកម្ម​ជាទី​គាប់ចិត្ត​” (BRING THE BEST) ដោយ​ផ្អែកលើ​ការ​រចនា​ផលិតផល​តាម​តម្រូវការ​អតិថិជន បំពាក់​បច្ចេកវិទ្យា​ធនាគារ​ថ្មី​ទំនើបៗ គឺ​ធ្វើយ៉ាង​ណា បំពេញ​តាម​ការ​ចង់​បាន​របស់​អតិថិជន និង​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន​ជូន​ម្ចាស់​ភាគហ៊ុន​និក ដោយ​អនុលោម​តាមច្បាប់ ជាពិសេស​ការ​ប្រកាន់​ភ្ជាប់ និង​អនុវត្តតាម​សេចក្តី​ណែនាំ​របស់​ធនាគា​រ​ជាតិ​ ដែល​ជា​អាណាព្យាបាល​របស់​យើង​។ លោក​ប្រធាន​អគ្គនាយក បាន​បន្ថែម​ដោយ​សុទិដ្ឋិនិយម​ទៀត​ថា “ គ្រឹះស្ថាន បាយ័ន ក្រេ​ឌី​ត បាន​រចនា​នូវ​ពាណិជ្ជ​សញ្ញា​ថ្មី ដែល​ជា​អត្តសញ្ញាណ​មួយ​យ៉ាង​ជាក់លាក់​ដល់​សាធារណជន ជា​មួយ​នឹង​បេសកកម្ម​និង​ចក្ខុវិស័យ​យូរអង្វែង ផែន​ការ​អាជីវកម្ម​ច្បាស់លាស់ ការ​សហការ​គ្នា​រវាង​បុគ្គលិក និង​បុគ្គលិក​គ្រប់​ឋានៈ ព្រមទាំង​គោលការណ៍​អភិបាលកិច្ច​ល្អ នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ដណ្តើម​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​។

​ស្របពេល​ជាមួយគ្នានេះដែរ គ្រឹះស្ថាន បាយ័ន ក្រេ​ឌី​ត ក៏បាន​ធ្វើ​ពិធី​សូត្រមន្ត ក្រុង​ពាលី ឡើង​អាគារ​ការិយាល័យ​ថ្មី ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​អគារ​លេខ ៣៤២​មហាវិថី ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ អគារ​ថ្មី​នេះ​មាន​កម្ពស់ ១៩​ជាន់ សាងសង់​ឡើង​តាម​បទដ្ឋាន​ស្តង់ដារ​ត្រឹមត្រូវ ហើយ​កន្លែង​បម្រើ​អតិថិជន​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់ អគារ​ថ្មី​នេះ​បាន​ចំណាយ​ទឹកប្រាក់​ជិត​មួយ​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​រចនា​។

​សូម​បញ្ជាក់​ថាៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេ​ឌី​ត ម​.​ក បាន​បង្កើត​តាំងពី​ឆ្នាំ​២០១១​ដោយ​ទទួលបាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ហិរញ្ញវត្ថុ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ភតិសន្យា នៅ​ឆ្នាំ​២០១៧ ពី​ធនាគារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គិត​មកទល់​សព្វថ្ងៃ មាន​ការិយាល័យ​សាខា​ប្រតិបត្តិការ​ចំនួន​៦​កន្លែង ​នៅ​តាម​បណ្តាល​ខេត្ត​សំខាន់ៗ ដែល​មាន​អតិថិជន​ប្រាក់កម្ចី​ជាង​២.៩៣២​នាក់ និង​មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​ជិត​១០០​នាក់ មាន​ដើមទុន​ចុះបញ្ជី​ថ្មី ៣​លាន​ដុល្លារ​អាមេរិក​។​

អត្ថបទពាណិជ្ជកម្ម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម