ព័ត៌មានជាតិ
ស្វែងយល់ផ្លូវដែកនៅកម្ពុជា អាចរត់បានត្រឹមល្បឿនមធ្យម ៤០គីឡូម៉ែត្រ/ម៉ោង
ផ្លូវដែកដែលមានស្រាប់នៅកម្ពុជាមានចំនួន ២ ខ្សែ គឺខ្សែភាគខាងត្បូង និងខ្សែភាគខាងជើង ដែលមានប្រវែងសរុបប្រហែល ៦៥២ គីឡូម៉ែត្រ ជាប្រភេទខ្សែផ្លូវទោល និងទទឹងខ្លី (មួយម៉ែត្រ)។
ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងខ្សែផ្លូវភាគខាងត្បូងតភ្ជាប់ពីរាជធានី ភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦០ ដល់ឆ្នាំ១៩៦៩។

ឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជាបង្ហាញថា ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានស្តារផ្លូវដែកទាំងពីរខ្សែ ដោយចំណាយថវិកាសរុបប្រហែល ១៤០ លានដុល្លារអាម៉េរិក។
ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៥រាជរដ្ឋាភិបាលបានផ្ដល់ថវិកា ២០ លានដុល្លារអាម៉េរិក/ឆ្នាំ ដើម្បីបន្តការងារស្តារផ្លូវដែកឡើងវិញ។ ការស្តារឡើងវិញនូវផ្លូវដែកខ្សែភាគខាងត្បូងបានបញ្ចប់នៅឆ្នាំ២០១៣។
ចំណែកផ្លូវដែកភាគខាងជើងបានតភ្ជាប់នៅខែមេសាឆ្នាំ ២០១៨ រួមបញ្ចូលទាំងការសាងសង់កំណាត់ថ្មីតភ្ជាប់ពីក្រុងសិរីសោភ័ណទៅកាន់ក្រុងប៉ោយប៉ែតមានប្រវែង ៤៨ គីឡូម៉ែត្រ។
ទោះបីយ៉ាងនេះ ផ្លូវដែកខ្សែភាគខាងជើងមិនទាន់ត្រូវបានដាក់ឱ្យដំណើរការពេញលេញនិងជាផ្លូវការនៅឡើយទេ។
ផ្លូវដែកខ្សែភាគខាងជើងបានតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃនៅចំណុចច្រកព្រំដែនប៉ោយប៉ែត ប៉ុន្តែដោយសារកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃកំពុង ស្ថិតក្នុងការចរចា ដូច្នេះការដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយមធ្យោបាយផ្លូវដែកមិនទាន់បានចាប់ផ្ដើមនៅឡើយទេ។
បច្ចុប្បន្នចំនួនជើងរថភ្លើងដែលធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែរត់ភាគខាងត្បូងមានបរិមាណតិចតួច ដោយថេរវេលាប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ ៥ ម៉ោង/ជើង ដោយមានល្បឿនធ្វើដំណើរជាមធ្យមត្រឹម ៥៥ គីឡូម៉ែត្រ/ម៉ោង និងមានរថភ្លើងចំនួន ៤ គូ កំពុងដំណើរការសម្រាប់ការដឹកអ្នកដំណើររៀងរាល់សប្តាហ៍ និងមានអ្នកដំណើរប្រមាណ ៣៩ ១០០ នាក់ ក្នុងឆ្នាំ២០១៧។
ដោយឡែក ការដឹកជញ្ជូនទំនិញប្រើរយៈពេល ៦ ម៉ោង និងល្បឿន ៤៥ គ.ម/ម៉ោង ដឹកទំនិញសំខាន់ៗ រួមមាន៖ ប្រេងឥន្ទនៈ ស៊ីម៉ងត៍ ធ្យូង រ៉ែនិងទូរកុងតឺន័រ និងមានទំនិញប្រមាណ ៧៥៩ ៧០០ តោន ត្រូវបានដឹកក្នុងឆ្នាំ២០១៧។
ចំណែកឯផ្លូវរត់ភាគខាងជើងត្រូវបានរំពឹងថា ការដឹកជញ្ជូនអ្នកដំណើរនឹងចំណាយថេរវេលាប្រមាណ ១០ ម៉ោង/ជើង ដោយមានល្បឿនធ្វើដំណើរជាមធ្យមប្រហែល ៤០ គីឡូម៉ែត្រ/ម៉ោង ហើយការដឹកជញ្ជូនទំនិញប្រើប្រាស់រយៈពេល ១៣ ម៉ោង និងល្បឿន ៣០គ.ម/ម៉ោង ប៉ុន្តែខ្សែភាគខាងជើងនេះមិនទាន់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយ។
ដង់ស៊ីតេបណ្ដាញផ្លូវដែកនៅកម្ពុជាគឺ ៣៥,៩គ.ម/១០ ០០០គ.ម២ ស្មើនឹង ០,៤១គ.ម/ប្រជាជន ១០ ០០០ នាក់។ ធៀបជាមួយប្រទេសជិតខាងដូចជាវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ីដង់ស៊ីតេនៃបណ្តាញផ្លូវដែកនៅកម្ពុជា មានកម្រិតខ្ពស់តែជាងប្រទេសឡាវប៉ុណ្ណោះ។ ជារួម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជានៅមានកម្រិត ដោយសារមានស្តង់ដារបច្ចេកទេសទាប និងមិនទាន់មានភាពប្រកួតប្រជែង (ទាំងថ្លៃចំណាយ និងពេលវេលា)។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងពិចារណានិងគិតគូរទៅលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់ និងហួសសម័យ ដោយជំនួសមកវិញនូវផ្លូវរថភ្លើងល្បឿនលឿន។
រដ្ឋាភិបាលកំពុងស្វែងរកដៃគូអភិវឌ្ឍន៍នៅលើផ្លូវរថភ្លើងចាស់ ខណៈបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវដែកមានភាពយឺតយ៉ាវ មិនអាចឆ្លើយតបនឹងការវិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាបាននោះទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


