ព័ត៌មានជាតិ
កម្ពុជាមានជំងឺគ្រុនឈាមជិត១ពាន់ករណី កើនឡើងជាងឆ្នាំមុន
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ចាប់តាំងពីខែមករា រហូតមកដល់ពេលនេះមានករណីជំងឺគ្រុនឈាមប្រមាណជិត១ពាន់ករណីនៅទូទាំងប្រទេស ក្នុងនោះមាន១ករណីបានស្លាប់បាត់បង់ជីវីត។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះថា ករណីជំងឺគ្រុនឈាមនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ ឃើញថា មានការកើនឡើង១០០ករណី។ ប៉ុន្តែឆ្នាំមុនមិនមានករណីស្លាប់ទេ។

លោកវេជ្ជបណ្ឌិតបានបន្តថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២២ នេះជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩កន្លងទៅ។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបន្តថា ទោះបីជាឆ្នាំនេះករណីជំងឺគ្រុនឈាមមានទំនោរកើនឡើងខ្ពស់ក្តីក៏យើងអាចគ្រប់គ្រងបានដោយមិនអាចឱ្យផ្ទុះដូចឆ្នាំ២០២១៩ដែរ។ ជាក់ស្តែងថ្មីៗនេះមានករណីផ្ទុះករណីជំងឺគ្រុនឈាមនៅភូមិចំនួន៣នៅខេត្តកំពង់ស្ពឺតែយើងបានទប់ស្កាត់បានទាន់ពេលវេលាមិនឱ្យមានការរីកសាយភាយធំ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បច្ចុប្បន្ននេះរាជធានី-ខេត្ត ដែលមានករណីជំងឺគ្រុនឈាមច្រើនរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ហើយមន្ត្រីបានចាប់ផ្តើមដាក់ថ្នាំអាបែតជាបន្តបន្ទាប់នៅតាមខេត្តទាំងនោះរួចហើយដើម្បីទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការដាក់ថ្នាំអាបែតនេះចែកជាពីរវគ្គ គឺទី១នៅរដូចប្រាំងដោយចាប់ផ្តើមដាក់នៅតាមពាង អាងប្រជាពលរដ្ឋ ពីខែមេសាដល់ខែឧសភា និងទី២នៅរដូវវស្សាចាប់ពីខែមិថុនាដល់ខែតុលាហើយការដាក់ថ្នាំអាបែតនេះដាក់តែទៅលើភូមិឃុំណាដែលមានករណីគ្រុនឈាមប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ត្រូវចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមនេះទាំងអស់គ្នា
ក្នុងការចូលរួមសំអាតអនាម័យនៅជុំវិញលំនៅឋាន និងទីសាធារណៈឲ្យបានស្អាតដូចជាលប់បំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗ និងរាល់វត្ថុដែលអាចដក់ទឹកបានព្រោះវាជាជម្រកនៃការកកើតដង្កូវទឹកដែលវិវត្តទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។

លោកប្រធានកម្មវិធីជាតិ បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី៣៩ ទៅដល់៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើមត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណជិត២០០ តោនសេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


