Connect with us

សុខភាព

គិតត្រឹមសប្ដាហ៍ទី ១ ខែតុលានេះ កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់

បានផុស

នៅ

គិត​ត្រឹម​សប្ដាហ៍​ទី ១ នៃ​ខែ​តុលា ឆ្នាំ ២០២៥ នេះ កម្ពុជា មាន​ករណី​ជំងឺគ្រុនឈាម​ប្រមាណ​ជាង ៤ ម៉ឺន ៤ ពាន់​ករណី និង​ស្លាប់ ៥៥ នាក់ ប៉ុន្តែ​ស្ថានភាព​ជំងឺ​កំពុង​ថយ​ចុះ​វិញ​ជា​បន្តបន្ទាប់​ប្រមាណ​ជាង ៤០ ករណី ក្នុង​មួយថ្ងៃៗ ចាប់​តាំងពី​ដើមខែ​សីហា រហូត​មក​ដល់​ដើមខែ​តុលា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៨ តុលា នេះ​ថា ឆ្នាំ ២០២៥ គឺជា​ឆ្នាំ នៃ​វដ្ត​ជំងឺគ្រុនឈាម​ដែល​បណ្តាល​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម​ច្រើន​ដោយ​គិត​ពី​ខែ​មករា​រហូតមកដល់​សប្ដាហ៍​ទី ១ នៃ​ខែ​តុលា ឆ្នាំ ២០២៥ នេះ មាន​ករណី​ជំងឺ​សរុប​ជាង ៤ ម៉ឺន ៤ ពាន់​ករណី និង​ស្លាប់ ៥៥ នាក់។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា បច្ចុប្បន្ន ស្ថានភាព​ជំងឺគ្រុនឈាម បាន​និង​កំពុង​ថយ​ចុះ​វិញ​ជា​បន្ត​បន្ទាប់​ជាង ៤០ ករណី ក្នុង​មួយថ្ងៃៗ ចាប់​តាំងពី​ដើម​ខែ​សីហា​រហូតមកដល់​ដើមខែ​តុលា​នេះ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា «បើ​ប្រៀបធៀប​ជាមួយ​សន្ទស្សន៍​ព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៥ នេះ គឺ ជំងឺគ្រុនឈាម​អាច​កើតមាន​ប្រមាណ​ជា ជាង ៧ ម៉ឺន ៦ ពាន់​ករណី តែ​ដោយ​ចលនា​បុ​រេ​សកម្ម និង​កិច្ចសហការ​ចូលរួម​ពី​គ្រប់​កម្រិត ព្រមទាំង​សហគមន៍ ក៏ដូចជា​ការ​ជំរុញ​លើកទឹកចិត្ត និង​ចង្អុលបង្ហាញ​ជាប្រចាំ​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មកដល់ពេលនេះ គឺ​យើង​បាន​បង្ការ​ទប់ស្កាត់​មិន​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម​ប្រមាណ​ជា ៤១% ឬ ស្មើនឹង ៨៦ នាក់ ក្នុង​មួយថ្ងៃ ដែល​សរុប​គឺ​បង្ការ​បាន​ជាង ៣ ម៉ឺន​នាក់ មិន​ឱ្យ​កើត​ជំងឺគ្រុនឈាម​»។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា បើ​ប្រៀបធៀប​ឆ្នាំ ២០២៤ បាន​បង្ហាញ​ថា ឆ្នាំ ២០២៥ នេះ ស្ថានភាព​ជំងឺ​ត្រូវ​បាន​កាត់បន្ថយ​កំពូល​ប្រចាំ​ឆ្នាំ​មក​ត្រឹម​សប្ដាហ៍​ទី ២៩ ឬ​ដើមខែ​សីហា ដែល​ឆ្នាំ ២០២៤ គឺ​កំពូល​នៅ​សប្ដាហ៍​ទី ៣៤ ឬ​ចុងខែ​សីហា ដែល​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សមិទ្ធផល នៃ​ការ​ចូលរួម​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​គួរ​ជាទី​មោទនភាព។

លោក​វេជ្ជបណ្ឌិត បន្ថែម​ទៀត​ថា បើ​ទោះបី​ជា​ឆ្នាំ ២០២៥ នេះ ស្ថានភាព​បន្ទុក​ជំងឺគ្រុនឈាម​កំពុង​ធ្លាក់​ចុះ​វិញ​មែន ប៉ុន្តែ​និន្នាការ នៃ​ការ​ថយ​ចុះ​នៅ​មាន​កម្រិត​ទាប ដែល​ទាមទារ​ឱ្យ​គ្រប់គ្នា សហគមន៍ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ពង្រឹង​កិច្ច​អន្តរាគមន៍​អនុវត្ត អនាម័យ​បរិស្ថាន លុបបំបាត់​ប្រភព​សម្ភារៈ​ដក់​ទឹក​មិន​ប្រាស់ សំបក​កង់​យានជំនិះ លុបបំបាត់​ដង្កូវទឹក​តាម​គេហដ្ឋាន​រៀងៗ ខ្លួន ជាប្រចាំ និង​ត្រូវ​ស្វែងរក​សេវា​ថែទាំ​សុខភាព​បន្ទាប់ពី​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មិន​លើស​ពី ២ ថ្ងៃ ពិសេស​ទៅ​ប៉ុស្តិ៍​សុខភាព ឬ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​នៅ​ជិត​បំផុត​មិន​ឱ្យ​យឺត​ពេល។ បើ​យឺត​ពេល​មួយ​ថ្ងៃ ជា​កត្តា​ជំរុញ​ការវិវត្តន៍​ជំងឺ​ធ្ងន់ធ្ងរ​អាច​យាយី​ដល់​អាយុជីវិត។

លោក​វេជ្ជបណ្ឌិត បាន​ឱ្យ​ដឹង​ទៀត​ថា «ចូរ​ចងចាំ​ថា បើ​នៅតែ​បន្ត​មាន​វត្ថុ​ដក់​ទឹក​ពាសវាលពាសកាល បន្ត​មាន​ដង្កូវទឹក គឺ​នៅតែ​បន្ត​កើតមាន​សត្វ​មូស​ខាំ​ជានិច្ច «​ចូរ​រួមគ្នា ធ្វើ​អនាម័យ​បរិស្ថាន​គ្រប់គ្នា ព្រោះ​បញ្ហា​មាន​សត្វ​មូស គឺជា​បញ្ហា និង​កាតព្វកិច្ច​របស់​យើង​គ្រប់គ្នា​ក្នុង​ការ​បង្ការ និង​កម្ចាត់​»។ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​ចាំបាច់​លើ​អនាម័យ​បរិស្ថាន គ្មាន​ទឹក​ដក់ គ្មាន​ដង្កូវ​ទឹក»។

គួរ​ជ្រាប​ផង​ដែរ​ថា សម្រាប់​ឆ្នាំ ២០២៥ នេះ មិនមែន​តែ​កម្ពុជា​មាន​ការ​កើន​ឡើង​ករណី​ជំងឺគ្រុនឈាម​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ជំងឺគ្រុនឈាម​នៅ​បណ្ដា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ក៏​មាន​កំណើន​យ៉ាង​ខ្លាំង​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០២៤ ដល់ ២០២៥ នេះ ព្រោះ​ពាក់ព័ន្ធ​នឹង​ជុំ​ជា​វដ្ត នៃ​ជំងឺ និង​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ច្រើន ក៏ដូចជា​កត្តា​បម្លាស់ទី​របស់​ប្រជាជន​ពី​មួយ​ប្រទេស​ទៅ​មួយ​ប្រទេស​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម