បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ខៃ ខែត្រ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន រួមជាមួយកម្លាំងចំរុះ បានចុះត្រួតពិនិត្យមើលភាគីថៃ ចុះរុះរើស្លាកសញ្ញាដោះមីន នៅចន្លោះបង្គោលសីមា២៧-២៨ ក្នុងភូមិសាស្ត្រ ភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់ជាមួយភូមិសាស្ត្រភូមិ២ ឃុំណងវែង ស្រុកឡាក់ហាន់សាយ ខេត្តបូរីរ៉ាំហើយនៅព្រឹក ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២០នេះ។
លោកវរសេនីយ៍ទោ ខៃ ខែត្របានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចុះត្រួតពិនិត្យថៃរុះរើផ្លាកសញ្ញាមីនពេលនេះធ្វើទៅតាមសំណើរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ដែលបានស្នើឲ្យភាគីថៃចុះរើស្លាកសញ្ញាមីន ដែលពួកគេបានដោះរួចចូលមកលើខ្សែបន្ទាត់ព្រំដែន ១៨៩ម៉ែត្រ។លោកវរសេនីយ៍ទោ ខៃ ខែត្របានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា តាមសំណើរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន ទើបថ្ងៃនេះភាគីថៃ បានជួបជាមួយភាគីកម្ពុជា ហើយយល់ព្រមធ្វើការរុះរើផ្លាកសញ្ញាមីនចំពោះមុខភាគីកម្ពុជាភ្លាមៗ។
បន្តមកថៃក៏បានស្នើសុំឲ្យភាគីទាំងសងខាង កំណត់ពេលវេលាជួបជុំគ្នាដើម្បីពិភាក្សាការងារផ្សេងអំពីសន្តិសុខព្រំដែនក្នុងរយៈពេល១ខែម្តង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានរុះរើផ្លាកសញ្ញាមីនដែលថៃបោះចូលលើខ្សែបន្ទាត់ព្រំដែនក្នុងចន្លោះបង្គោល ៣២-៣៣ រួចម្ដងមកហើយ ក្រោយពីភាគីកម្ពុជាស្នើសុំទៅភាគីថៃ ហើយភាគីថៃមិនបានឆ្លើយតបនឹងចូលមករុះរើ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើការអរគុណដល់កម្លាំងថៃ ដែលបានគោរពកិច្ចសន្យារបស់ខ្លួនខាងលើនេះ។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់ឱសានវាទទៅភាគីទាហានថៃ នៅក្នុងកិច្ចប្រជុំមួយ ដោយឲ្យភាគីថៃរុះរើរាល់ស្លាកសញ្ញាមីន និងខ្សែក្រហមដោះមីន ចេញពីតំបន់ចន្លោះបង្គោលសីម៉ាលេខ៣២ និងលេខ៣៣។ ឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ឲ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីនចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅបើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះ នឹងធ្វើការរុះរើដោយខ្លួនឯង ហើយរាល់សកម្មភាពផ្សេងៗ តាមបណ្តោយព្រំដែន សូមភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក ប៉ុន្តែក្រោយការស្នើសុំនោះ និងដល់ថ្ងៃកំណត់ក៏ថៃមិនទាន់បានរុះរើស្លាកសញ្ញាដោះមីនចេញផងដែរទេ ទើបតែថ្ងៃនេះទាហានថៃបានសម្រេចរុះរើតែម្តង៕
ដោយ ៖ វ៉ាន់ ណាង