ព័ត៌មានជាតិ
ធនាគារកណ្តាលឡាវ ស្នើឲ្យកម្ពុជាជួយចែករំលែកបទពិសោធន៍លើប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាទំនើប
ភ្នំពេញ ៖ ធនាគារកណ្តាលឡាវបានស្នើឲ្យធនាគារជាតិនៃកម្ពុជា ជួយចែករំលែកបទពិសោធន៍លើប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាទំនើបដល់ខ្លួនបន្ថែមទៀត ក្រៅពីការផ្តល់ជំនួយផ្នែកបច្ចេកទេសនោះ។
ការស្នើសុំនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធអនឡាញរវាងធនាគារកណ្តាលឡាវនិងធនាគារជាតិនៃកម្ពុជា។

លោក Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាលឡាវបានមានប្រសាសន៍ថា «ខ្ញុំស្នើសុំឲ្យធនាគារជាតិនៃកម្ពុជាជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមលើការចែករំលែកបទពិសោធន៍លើប្រព័ន្ធទូទាត់ ជាពិសេសប្រព័ន្ធបាគងនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
យ៉ាងណាក៏ដោយ លោក Sonexay Sitphaxay បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជាដែលបានផ្តល់ជំនួយបច្ចេកទេសដល់ធនាគារកណ្តាលឡាវនាពេលកន្លងមកផងដែរ។
ទន្ទឹមនឹងនេះ ធនាគារកណ្តាលឡាវបានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអបអរសាទរចំពោះរដ្ឋាភិបាលឡាវ និងធនាគារកណ្តាលឡាវដែលរក្សាបាននូវមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ធនាគារកណ្តាលឡាវដែលបានជួយគាំទ្រដល់ធនាគារពាណិជ្ជកម្ពុជាដែលកំពុងដំណើរការនៅប្រទេសឡាវ និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ព្រមទាំងលើកទឹកចិត្តដល់ការធ្វើការចែករំលែកព័ត៌មាន ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍តាមរយៈប្រព័ន្ធវីដែអូ ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ មិនទាន់បានបញ្ចប់ការរីករាលដាលនៅឡើយ។
កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច ការដឹកនាំគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ ជាពិសេស គោលនយោបាយនិងវិធានការដែលប្រទេសទាំងពីរអនុវត្តក្នុងពេលដែលទទួលរងឥទ្ធិពលអវិជ្ជមាននៃការរីករាលដាលជំងឺកូវីដ-១៩។
ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពថ្លៃ និងការអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីគាំទ្រការផ្តល់សន្ទនីយភាពរបស់វិស័យធនាគារចំពោះសកម្មភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ ធនាគារកណ្តាលទាំងពីរ ក៏បានចូលរួមក្នុងការជួយសម្រាលបន្ទុករបស់ប្រជាជនក្រីក្រនិងក្រុមហ៊ុន-សហគ្រាស ដែលទទួលរងការធ្លាក់ចុះចំណូល ដោយបានបន្ធូរបន្ថយបញ្ញត្តិកម្មមួយចំនួន ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញបាន។ ទន្ទឹមនេះ ធនាគារកណ្តាលទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកពង្រឹងសមត្ថភាពជំនាញ តាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងជំនាញ និងពង្រឹងការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ធនាគារកណ្តាលទាំងពីរបានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីជាប្រពៃណីឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រទេសទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


