Connect with us

ព័ត៌មានជាតិ

កូនខ្មែរកើតនៅបារាំង តាំងចិត្តហាត់របាំក្បាច់បុរាណ រហូតបានសម្ដែងឆាកធំនៅកម្ពុជា

បានផុស

នៅ

ម្រាមដៃទន់ ដងខ្លួនល្វតល្វន់ ពត់ពេនតាមចង្វាក់ភ្លេងពិពាទ្យបទរបាំអប្សរា បានខាបអារម្មណ៍អ្នកទស្សនាស្លុងហាក់បានទៅដល់ពិភពបុរាណស្ងប់សុខសាន្ត។ បើមិនប្រាប់ ច្បាស់ជាមិនដឹងឡើយថា តួអង្គរបាំអប្សរាទាំងនោះ បានកើត និងរស់នៅធំដឹងក្ដីពីប្រទេសបារាំង ដ្បិតការរាំរបាំក្បាច់បុរាណរបស់នាង មិនមានឃ្លាងឃ្លាតចាកឆ្ងាយ ពីសិល្បការនី ឬសិស្សរបាំក្បាច់បុរាណនៅកម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទើបតែបញ្ចប់ការសម្ដែងរបាំក្បាច់បុរាណ នៅក្នុងពិធីបើកព្រឹត្តិការណ៍ “សិល្បៈខ្មែរ” ប្រារព្ធសាលសន្និសីទចតុម្មុខ ថ្មីៗនេះ តួអង្គអប្សរាស យុវតី លក្ខិណា មានសម្ដីស្រទន់និយាយភាសាខ្មែរតិចៗមិនសូវច្បាស់ ដោយស្នៀងសំឡេងដូចជនជាតិបារាំងនិយាយភាសាខ្មែរ បានឱ្យដឹងថា ឆ្នាំនេះនាងមានអាយុ ១៥ ឆ្នាំ នាង​បានចាប់ផ្ដើមហាត់រៀនរបាំក្បាច់បុរាណ តាំងនាងមានអាយុ ៨ ឆ្នាំ។

លក្ខិណា ដែលអាចនិយាយភាសាខ្មែរបានច្រើនជាអ្នកដទៃនោះបានបញ្ជាក់ថា ការហាត់រៀនរបាំក្បាច់បុរាណនេះ មិនមែនដោយសារជំរុញ ឬបង្ខំពីឪពុកម្ដាយនោះទេ គឺកើតពីទឹកចិត្តរបស់នាងដែលស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។

យុវតី អេលែន អាយុ ១៤ ឆ្នាំ បានឱ្យដឹងថា នាង​បានចាប់ផ្ដើមហាត់រៀនរបាំ ពេលនាងមានអាយុ ៩ ឆ្នាំ។ ការហាត់រៀនរបាំក្បាច់បុរាណរាងពិបាកដែរចំពោះនាង ពិសេសគឺរបាំអប្សរាដែលមានការ​ពិបាករៀនមែនទែន។

អេលែន បានឱ្យដឹងថា នាងមានទឹកចិត្តសប្បាយរីករាយខ្លាំង ពេលបានមកហាត់រៀនបន្ថែម និងបានសម្ដែងនៅឆាកដ៏ធំនៅកម្ពុជាពេលនេះ ដែលជាទឹកដីកំណើតរបស់ឪពុកម្ដាយរបស់នាង ព្រមទាំងមានទស្សនិកជនជាច្រើនមកទស្សនា និងទះដៃគាំទ្រខ្លាំងបែបនេះ។

ចំណែកយុវតី រក្សា អាយុ ១៣ ឆ្នាំ លើកឡើងថា នាងមានអារម្មណ៍ភិតភ័យខ្លះដែរ ពេលឡើងរាំលើឆាក ដែលមានទស្សនិកជនទស្សនាច្រើនបែបនេះ។ នាងសប្បាយចិត្តពេលបានគ្រងសំលៀកបំពាក់តួអង្គអប្សរាបែបនេះ។

យុវតី រក្សា បានឱ្យដឹងថា ចំពោះការស្លៀកពាក់របាំបុរាណ និងពាក់ម្កុដអប្សរា មានការលំបាកខ្លះដែរ ព្រមទាំងត្រូវចំណាយពេលស្លៀកពាក់យូរ ប៉ុន្តែនាងពេញចិត្តខ្លាំងដែលបានស្លៀកសំលៀកបំពាក់នេះ ព្រោះមានភាពស្រស់ស្អាត ថ្លៃថ្នូរ អស្ចារ្យ។

គួរបញ្ជាក់ថា ដំបូងឡើយនៅឆ្នាំ ២០១៦ លោកស្រី រស់ ច័ន្ទម៉ូលី ដែលជាសាស្ត្រាចារ្យរបាំបុរាណ មានស្វាមី និងបានទៅរស់នៅប្រទេសបារាំង បានបង្កើតបង្ហាត់បង្រៀនរបាំក្បាច់បុរាណដល់កូនខ្មែរដែលកើតនៅបារាំង នៅផ្ទះលោកស្រីផ្ទាល់។ ក្រោមមក ដោយមានការជ្រោមជ្រែង ពីលោក គាត សាផាន់ ជាអតីត ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអង្គការ យូនីស្កូ ដែលបច្ចុប្បន្ន លោកជា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសបារាំង បានផ្ដល់ទីកន្លែងឱ្យ សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង បានហាត់របាំនៅ និវាសនដ្ឋានខ្មែរ នៅទីក្រុងបារីស ប្រទេសបារាំង។

ពួកគេមានឱកាសហ្វឹកតែថ្ងៃសៅរ៍ រយៈពេល ៤ ម៉ោង ពីម៉ោង ២ ដល់ម៉ោង ៦ល្ងាច។ មុនពេល មកសម្ដែងនេះ ពួកគេមានពេលរយៈមួយសប្ដាហ៍ប៉ុណ្ណោះ ដើម្បីហាត់រៀនជាមួយគ្រូធំ ឬសាស្ត្រាចារ្យរបាំក្បាច់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួររម្លឹកថា នៅក្នុងព្រឹត្តិការណ៍ “សិល្បៈខ្មែរ” នេះ មានការសម្ដែងរួមគ្នារវាងសិល្បករ សិល្បការិនីពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង នូវទម្រាំងរបាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនខោល សៀក របាំសហសម័យ និងតន្ត្រីសម័យជាដើម ដោយមានទស្សនិកជនទស្សនាលើសចំនួនកៅអី នៃសាលសន្និសីទចតុម្មុខ មុនម៉ោងកំណត់ បើទោះបីមានភ្លៀងតាំងពីក្បាលព្រលប់ក្ដី៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម