Connect with us

ព័ត៌មានជាតិ

វត្តចំណាស់​ ៣ កន្លែង ជាគោលដៅទេសចរណ៍នៅក្នុងខេត្តបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបងជាខេត្តមួយដែល​បន្សល់ទុក​​មរតកវប្បធម៌ និង​ធម្មជាតិជាទីទាក់ទាញ​ទេសចរ​ដូច​បទចម្រៀង​តែងតែ​រំលឹកជា​រឿយៗ​ពីខេត្ត​សក្តានុពល​មួយ​នេះ។ បើតាមមន្ទីទេសចរណ៏បានឲ្យដឹងថា ខេត្ត​បាត់ដំបង​​មាន​ទីតាំង​ទេសចរណ៍​ទាក់ទាញរហូតដល់ជាង ១១១ កន្លែង។

ក្រៅ​ពី​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​យ៉ាងច្រើន ខេត្ត​បាត់ដំបងមានវត្តអារាមចំណាស់​មួយចំនួនដែលជាគោលដៅសម្រាប់ទេសចរណ៏ជាតិ​និងអន្តរជាតិទៅ​កម្សាន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. វត្តព្នៅ

វត្តព្នៅជាទីវត្តបុរាណមួយ កកើតតាំងពីឆ្នាំ ១៨៧៨ មានទីតាំងស្ថិតនៅក្នុងភូមិ សំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ បរិវេណអារាមទាំងមូល មានសំណង់បុរាណ ទីសក្ការៈ ដូចជា ព្រះវិហារ កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា ដើមឈើតូចធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់ពុទ្ធប្រវត្តិ និងរូបចម្លាក់សត្វជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុង​ទីវត្ត​មានឆ្មាំតោពីរឈរចាំស្វាគមន៏។

២. វត្តស្វេតឆត្រកុញ្ជាជ័យ(ហៅវត្តដំរីស)

វត្តស្វេតឆត្រកុញ្ជារជ័យ ហៅវត្តដំរីសកកើតតាំងពីឆ្នាំ ១៧៩៣ មានអាយុកាលប្រមាណ ២២៩ ឆ្នាំមកហើយគិតត្រឹមឆ្នាំ២០២២ នេះ។ វត្តនេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ប្រារព្ធពិធីផ្សេងៗ បម្រើដល់វិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមផងដែរក្នុងក្រុងបាត់ដំបង។ កត្តានាំឲ្យមានភាពទាក់ទាញទេសចរដោយសារ ទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការទស្សនា ស្ថិតនៅទីប្រជុំជនក្រុងបាត់ដំបង ភ្ញៀវអាចធ្វើដំណើរដោយថ្មើរជើង និងស្ថិតនៅក្បែរកន្លែងទាក់ទាញទេសចរផ្សេងទៀត ងាយស្រួលបញ្ចូលក្នុងកម្មវិធីទស្សនកិច្ច (City Tour)។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ វត្តបុរាណនេះជាទីជម្រកស្នាក់អាស្រ័យច្រើនជំនាន់ ដល់ព្រះសង្ឃ សិស្ស និស្សិតក្រីក្រ ដែលមកបន្តការសិក្សា និងជាទីកន្លែងផ្តល់ចំណេះដឹង ពិសេសភាសារបរទេសដ៍ពេញនិយមតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។ ទៀតសោទនៅក្នុងបរិវេណវត្តទាំងមូលមាន រូបចម្លាក់ ដំរីសនៅខ្លោងទ្វារ និងនៅខាងកើតជាប់ព្រះវិហារ រូបចម្លាក់ពុទ្ធប្រវត្តិ ចម្លាក់រូបសត្វជាច្រើនប្រភេទ កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា ប្រាង្គ និងមាន​សកលវិទ្យាល័យមួយ ឈ្មោះថា សកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបង។

៣. វត្តសំរោងក្នុង

វត្តសំរោងក្នុង គឺជាទីអារាមដ៏ចំណាស់មួយ ក្នុងបណ្ដាវត្ដដែលមានភាពចំណាស់ជាងគេក្នុងខេត្ដបាត់ដំបង កសាងឡើងក្នុងកំឡុង ព.ស ២៤៣១ គ.ស ១៨៨៧ ដោយព្រះគ្រូ មុនី វិសុទ្ធវង្ស រាជាគណថ្នាក់ចត្វានិងជាចៅ​អធិការ​ទី​៧ ​នៃវត្តសំរោងក្នុង មានទីតាំងស្ថិតក្នុង ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង។

ក្នុងបរិវេណអារាមទាំងមូល មានសំណង់ទាក់ទាញទេសចរដូចជា ព្រះវិហារចាស់ គុកសម័យខ្មែរក្រហម ព្រះវិហារថ្មី ប្រាសាទឥដ្ឋ ក្បាច់របងព្រះវិហារ ក្លោងទ្វាព្រះវិហាររូបប្រាសាទអង្គរវត្ត សាលាឆាន់ សាលាធម្មសភា ចេតិយ ក្លោងទ្វារ របបវត្ត សួនផ្កា ដើមឈើតូចធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់រូបហនុមាន អគារសួរចម្លើយសម័យខ្មែរក្រហម សារមន្ទីរទារុណកម្មសម័យខ្មែរក្រហម និងបូជនីយដ្ឋានជាតិ៕

ក្នុង​ទីវត្ត​អារាម​មាន​ដំកល់ព្រះធាតុព្រះគ្រូចៅអធិការ ០៦ អង្គមុនៗ រួមមាន៖ ព្រះធាតុធុត្តុង្គជ័យ, ធុត្តុង្គតាត, ធុត្តុង្គណាក, ធុត្តុង្គរស់, ធុត្តុង្គរដ្ឋ និងលោកតា កែ៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម