ព័ត៌មានជាតិ
ពលរដ្ឋមកទទួលវ៉ាក់សាំងដូសជំរុញក្នុងខេត្តកោះកុង មិនទាន់សម្រេចដល់គោលដៅចង់បាន
កោះកុង ៖ លោកស្រីអភិបាលខេត្តកោះកុង លើកឡើងថា ការមកទទួលថ្នាំវ៉ាក់សាំងរបស់ប្រជាពលរដ្ឋសម្រាប់ដូសជំរុញនៅមិនទាន់សម្រេចដល់គោលដៅដែលចង់បាននោះទេ ដោយទាមទារឱ្យពង្រឹងយន្តការផ្សព្វផ្សាយ និងផ្តល់សេវាបន្ថែម។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងថា ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងដំបូងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ខេត្ត សម្រេចបានលទ្ធផលចាក់វ៉ាក់សាំងដូសមូលដ្ឋាន គឺបានលើស១០០ភាគរយ ដោយឡែកដូសជំរុញទី៣ ទី៤ និងទី៥ ទទួលបានភាគរយទាបមិនទាន់ដល់គោលដៅចង់បាននោះទេ។

ទោះយ៉ាងលោកស្រីអភិបាលខេត្ត ក៏កោតសរសើរចំពោះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យក្រសួងការពារជាតិ និងក្រុមគ្រពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានខិតខំក្នុងការបំពេញបេសកម្មផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងកន្លងទៅមក ក្រោមស្មារតីទទួលខុសត្រូវខ្ពស់។

ដើម្បីបំផុសស្មារតីឱ្យមានការចូលរួមប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យគ្រប់ដូសឥតគិតថ្លៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋទូទាំងខេត្ត លោកស្រី មិថុនា ភូថង តម្រូវឱ្យអាជ្ញាធរ សមត្ថកិច្ច មន្ត្រីមន្ទីរជំនាញ គ្រប់លំដាប់ថ្នាក់ គប្បីបង្កើនការយកចិត្តទុកដាក់ពិនិត្យតាមដាន និងបំផុសចលនាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយលើការផ្តល់សេវាមួយនេះឱ្យដល់មូលដ្ឋាន តាមរយៈរៀបចំផែនការចុះពន្យល់ណែនាំជូនប្រជាពលរដ្ឋទូទៅអំពីអត្ថប្រយោជន៍នៃវ៉ាក់សាំងកូវីដ១៩ វត្តអារាម សាលារៀន តាមរោងចក្រ សហគ្រាស ព្រមទាំងអាជីវកម្មនានា។
គួរជម្រាបថា យោងតាមក្រុមការងារស្រាវជ្រាវ រកឃើញថា ការចាក់ដូសជំរុញ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ វានឹងមិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់វ៉ាក់សាំងដូសជំរុញនេះថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ស្កាត់នឹងមេរោគកូវីដ១៩ ឬប្រភេទបំប្លែងថ្មីផ្សេងទៀតផង។

ដោយឡែកលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអះអាងដែរថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ដល់ដូសទី៥ ហាក់យឺតយ៉ាវខ្លាំងដែលជាសញ្ញាមួយគួរឱ្យបារម្ភខ្លាចអត្រាឆ្លងកើតឡើងជាថ្មីក្នុងសហគមន៍ ប្រសិនបើអ្នកមិនទាន់ចាក់វ៉ាក់សាំងគ្រប់ដូសមកទទួលសេវាសុខាភិបាលមួយនេះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង កត់សម្គាល់ថា រយៈពេល២ឆ្នាំកន្លងទៅ កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល មន្ត្រីរាជការ និងពលរដ្ឋស្ទើរតែ១០០ភាគរយបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដសម្រាប់ដូសទី១ដល់ដូសទី៣ ក្រោមទំនួលខុសត្រូវខ្ពស់ក្នុងន័យប្រយុទ្ធប្រឆាំងជំងឺកូវីដ។ ទាំងអស់នេះដោយសារតែមានការសហការល្អរវាងអ្នកពាក់ព័ន្ធទាំងអស់ ទើបធ្វើឱ្យសម្រេចជោគជ័យដូសមូលដ្ឋាន។ ទោះនៅតំបន់ឆ្ងាយដាច់ស្រយោល ឬដែនកោះក៏ដោយ គឺមន្ត្រីសុខាភិបាល ក៏ប្រឹងប្រែងណាស់ដែលលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានបន្តផ្តល់វ៉ាក់សាំងជូនពលរដ្ឋរៀងរាល់ម៉ោងធ្វើការនៅតាមមណ្ឌលសុខភាពទូទាំងខេត្ត នាពេលសព្វថ្ងៃ។

គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋអ្នកពាក់ព័ន្ធចាក់វ៉ាក់សាំងដូសទី៥បានជាង៤ពាន់នាក់ ដូសទី៤ មាន២ម៉ឺន១ពាន់នាក់ និងដូសទី៣ បាន៨ម៉ឺន៩ពាន់នាក់។ នេះបើតាមលទ្ធផលការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តកោះកុង បង្ហាញឱ្យដឹង៕
អត្តបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


