ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីអំពីការខិតខំជួយមីយ៉ាន់ម៉ា ក្នុងខណៈដែលកម្ពុជាជាប្រធានអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីការខិតខំជួយប្រទេសមីយ៉ាន់ម៉ា ក្នុងខណៈដែលប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២នេះ។ ការគូសបញ្ជាក់ជាថ្មីនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ខណៈដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍លោក Charles Michel និងគណៈប្រតិភូក្រុមប្រឹក្សាអឺរ៉ុប។សម្ដេចតេជោ ក៏បានរំលឹកថា សម្ដេច និងលោក Charles Michel បានជួបគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ កាលពីពេលថ្មីៗនេះដែរ។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប មកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ាន-ពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា អាស៊ាន-សហភាពអឺរ៉ុប មានកិច្ចសហការជាមួយគ្នា ហើយសម្ដេច នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ Asean-EU នៅខែធ្នូខាងមុខ នាទីក្រុងប្រុចស្សែល តាមការអញ្ជើញរបស់សហភាពអឺរ៉ុប។

ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងអំណរគុណសម្ដេចតេជោ ចំពោះការអញ្ជើញលោកទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។ លោកពិតជារីករាយ ចំពោះកិច្ចសហការប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប នាពេលនេះ។
នៅក្នុងជំនួបនេះដែរ លោក Charles Michel ក៏បានស្នើសុំពិគ្រោះយោបល់ជាមួយសម្ដេចតេជោ ជុំវិញសភាពការណ៍សង្រ្គាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាសន្តិភាពនៅមីយ៉ាន់ម៉ា, បញ្ហាស្ថានភាពទូទៅរបស់ពិភពលោក ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានៅមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា សម្ដេច បានខិតខំជួយប្រទេសមីយ៉ាន់ម៉ា ក្នុងខណៈដែលសម្ដេចជាប្រធានអាស៊ានឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ក៏បានលើកឡើងដែរថា ក្នុងខណៈជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាជួបបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធស្ថានភាពតំបន់ និងពិភព លោក ជាពិសេសដូចជាបញ្ហាមីយ៉ាន់ម៉ា ជាដើម។ តែទោះជាមានការលំបាក ឬជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏សម្ដេច នឹងខិតខំជួយដោះស្រាយដែរ។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនៃ DOC ហើយត្រូវខិតខំជំរុញការចរចា ដើម្បីឲ្យចេញ COC នាពេលខាងមុខ ទោះបីមានការលំបាកក៏ដោយ។ ម្យ៉ាងទៀត ក៏ខិតខំដោះស្រាយ ជុំវិញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ផងដែរ។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ទស្សនៈទាន ជុំវិញបញ្ហាអន្តរជាតិ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង, ស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានចាត់ទុកទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប ថា ពិតជាមានសារៈសំខាន់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


