Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ពង្រឹងសមត្ថភាពឆ្មាំឆ្នេរសមុទ្រ ការពារសុវត្ថិភាពភ្ញៀវទេសចរ

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ឆ្មាំ​ឆ្នេរ និង​ការ​ពង្រឹង​សមត្ថភាព​ឆ្មាំ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​​តាម​ឆ្នេរ​នៅ​ក្រុង​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្មាំ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៣២ នាក់​នៅ​សណ្ឋាគារ ឃ្វីនកូ កាលពី​ថ្ងៃ​ទី ២៥ តុលា លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្ត​ព្រះសីហនុ​

បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ជំនាញ​ឆ្មាំ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ មាន​សារៈសំខាន់​ណាស់ ដែល​រាជរដ្ឋាភិបាល ជំរុញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង និង​ជា​វិស័យ​អាទិភាព​ក្នុងចំណោម​វិស័យ​អាទិភាព​នានា ជួយ​ជំរុញ​កំណើន និង​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច តាមរយៈ​ការ​បង្កើត​ការងារ ការ​វិនិយោគ ការ​កាត់បន្ថយ​ភាព​ក្រីក្រ ទ្រទ្រង់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ចូលរួម​ការពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​ប្រទេសជាតិ​យ៉ាង​សំខាន់។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ​វា​ចាំបាច់​ណាស់ ព្រោះថា​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​គោលដៅ​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ ២០១០-២០២៥ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ផ្អែកលើ​សក្ដានុពល​ដ៏​វិសេសវិសាល នៃ​ធនធាន​សេដ្ឋកិច្ច និង​ធនធានធម្មជាតិ​រួមមាន កំពង់ផែ​អន្តរជាតិ ឆ្នេរ និង​កោះ​ដ៏​ស្រស់​ស្អាត ទឹកជ្រោះ​ក្បាលឆាយ និង​ធនធាន​បាតសមុទ្រ ដែល​ផ្ដល់​សក្ដានុពល​យ៉ាង​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍ ក៏ដូចជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា និង​សម្រាក​កម្សាន្ត​ច្រើន​ជា​រៀងរាល់​ឆ្នាំ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ទៀត​ថា លើស​ពី​នេះ​ទៀត ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ឆ្មាំ​ឆ្នេរ និង​ការ​ពង្រឹង​សមត្ថភាព​ឆ្មាំ គឺជា​ផ្នែក​មួយ នៃ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍ ក៏ដូចជា​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ទេសចរណ៍ ក្នុង​ផែនការ​សកម្មភាព​ពង្រឹង​ការគ្រប់គ្រង​សុវត្ថិភាព​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន​មាន​ដូចជា ការ​ពង្រឹង​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​សាធារណៈ និង​អនាម័យ​ចំណីអាហារ ការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍ ការ​ផ្ដល់​ព័ត៌មាន និង​ស្តង់ដារ​ស្លាក​សញ្ញា​ព័ត៌មាន​នៅ​តាម​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ទន្ទឹម​នេះ​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ឆ្មាំ​ឆ្នេរ គឺជា​ផ្នែក​មួយ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ជំរុញ និង​អភិវឌ្ឍន៍​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង នៃ​ប្រទេស​ទាំង​បី កម្ពុជា ថៃ និង​វៀតណាម (CVTEC : Cambodia Vietnam Thailand Economic Corridor) ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្នែក​សំខាន់ៗ​ដូចជា ៖

១.ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ជំនាញ​វិស័យ​ទេសចរណ៍។

២.ការ​ជំរុញ​ផ្សព្វផ្សាយ និង​រៀបចំ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម។

៣.ជំរុញ​ការ​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​ជាដើម។

លោក​អភិបាលរង​ខេត្ត​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក តាន់យ៉ា វ៉ាត់ថាណាវីយ៉ាផុង នាយករង​ទី​ចាត់​ការ​ការពារ​គ្រោះ​មហន្តរាយ និង​ប្រធាន​សហគមន៍​ទេសចរណ៍​ខេត្ត​ត្រាត ប្រទេស​ថៃ បាន​រៀបចំ​គ្រូ​ជំនាញ​ឆ្មាំ​ឆ្នេរ​មក​ជួយ​បណ្ដុះបណ្ដាល​ឆ្មាំ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​នា​ពេលនេះ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះសីហនុ មាន​ប៉ម​យាម​ចំនួន ១២ ប៉ម ស្ថិតនៅ​ឆ្នេរ​អូរ​ឈើទាល ២ ​ក្នុង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ហើយ​ឆ្មាំ​ឆ្នេរសមុទ្រ​ដែល​នៅ​ប្រចាំការ​តាម​ប៉ម​នីមួយៗ ត្រូវ​មាន​កញ្ចែ មេក្រូ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដើម្បី​ផ្តល់​ព័ត៌មាន និង​ជួយសង្គ្រោះ​ដល់​អ្នកទេសចរ​មក​លេង​ទឹក​ក្នុង​ករណី​មាន​ឧប្បត្តិហេតុ​ចៃដន្យ​ណាមួយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម