ព័ត៌មានជាតិ
បន្លែអឺរ៉ុបច្រើនមុខដាំលើភ្នំបូកគោតាមបែបស្តង់ដារសុវត្ថិភាពផ្គត់ផ្គង់ទីផ្សារមួយថ្ងៃ ១,៥តោន
កសិដ្ឋានបន្លែសរីរាង្គបូកគោ របស់ក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេនគ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានវិនិយោគលើវិស័យកសិកម្មដាំបន្លែសុវត្ថិភាព គ្មានជាតិគីមី នៅលើកំពូលភ្នំបូកគោ ទំហំផ្ទៃដី ១២ហិកតា ដោយប្រើប្រាស់ទុនជាង ៤លានដុល្លារសហករដ្ឋអាមេរិក និងកំពុងសិក្សាពង្រីកបន្ថែមទៀត តបតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

កញ្ញា ណោត លីដា អនុប្រធានកសិដ្ឋានបូកគោហ្វាម បានឱ្យដឹងថា ក្នុងទំហំផ្ទៃដី ១២ហិកតានេះ សរុបមានបន្លែ ៣៦មុខ បានបែងចែកជាពីរ គឺបន្លែដាំលើទឹក និងបន្លែលើដី ដោយបន្លែលើទឹកទំហំ ៨ហិកតា និងបន្លែលើដី ៤ហិកតា ក្នុងនោះបន្លែដាំលើទឹកមាន ១៨មុខ និងបន្លែលើដី មាន២០មុខ ។

បើតាមកញ្ញា ណោត លីដា នៅក្នុងកសិដ្ឋាន ផ្តោតលើបន្លែអឺរ៉ុបច្រើន ដោយក្នុងនោះ ប្រភេទសាឡាត់អឺរ៉ុប មាន៨មុខ មានដូចជា សាឡាត់ផ្កាថ្មក្រហម សាឡាត់រ៉ូមែន សាឡាត់អាយបឺក(សាឡាត់ក្តោប) សាឡាត់ប៉ាតតូវែ ជាដើម។ ដោយឡែក បន្លែផ្លែមានដូចជា ស៊ូគីនី(ននោងបារាំង) ននោងបារាំងលឿង និងននោងបារាំងខៀវ ជាដើម។

នៅប្រទេសកម្ពុជា មិនសូវមានកសិករដាំបន្លែទាំងនេះនោះទេ ដោយសារប្រភេទបន្លែទាំងនេះ ត្រូវការអាកាសធាតុត្រជាក់ និងពិបាកក្នុងការដាំដុះ ប៉ុន្តែនៅលើភ្នំបូកគោ អំណោយផលក្នុងការដាំប្រភេទបន្លែទាំងនេះ និងទទួលបានទិន្នផលខ្ពស់។ នេះជាការបន្ថែមរបស់កញ្ញា ណោត លីដា។
កញ្ញា បានឱ្យដឹងថា «បន្លែងបួកគោយើង អាចផ្គត់ផ្គង់អតិថិជនគ្រប់ប្រាំងគ្រប់វស្សា មានន័យថា បើបន្លែនៅខាងក្រៅ រងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សា តែនៅបូកគោនៅតែអាចផ្គត់ផ្គង់បានធម្មតា»។

អ្នកជំនាញបច្ចេកទេស ដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្មជាន់ខ្ពស់ពីបរទេស កញ្ញា ណោត លីដា បានលើកឡើងថា ចំពោះការដាំដុះ ដែលអំណោយផលល្អសម្រាប់បន្លែ គឺចាប់ពីខែ វិច្ឆិកា រហូតដល់ខែ មីនា ដែលចន្លោះពេលនេះ ការដាំដុះគឺទទួលបានទិន្នផលខ្ពស់។
កញ្ញា បានបន្តថា អ្វីដែលពិសេសសម្រាប់បន្លែសុវត្ថិភាព និងសរីរាង្គ នៅកសិដ្ឋានបូកគោហ្វាម គឺការដាំដុះមិនប្រើជាតិគីមី ១០០ភាគរយ គឺប្រើតែជីលាមកប្រជៀវ ជីលាមកគោ ជីត្រីធ្វើជាកំប៉ុសទឹក ដែលជីទាំងនេះ បានជួយឱ្យបន្លែផ្លែមានទំហំធំជាងដំណាំនៅតាមតំបន់ផ្សេងៗ។
អ្នកស្រី សៀ ចាន់រ៉ា នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន សូគម៉ិច អ៊ិនវេសមេនគ្រុប បានឱ្យដឹងថា ក្រៅពីបន្លែបែបអឺរ៉ុប នៅក្នុងកសិដ្ឋាន មានដាំដុះ ដូចជា បន្លែស្ពៃក្តោប ស្ពៃបូកគោ ខាត់ណា ប៉េងប៉ោះខៀវ ប៉េងប៉ោះក្រហម និងប្រភេទសាឡាត់ជាច្រើនមុខទៀត។

អ្នកស្រី បានឱ្យដឹងថា «សម្រាប់បន្លែខាងយើង ធ្វើការផ្គត់ផ្គង់នៅតាមសណ្ឋាគារសុខាទាំងអស់ ដែលមាន ៧ទីតាំងនៅកម្ពុជា ចែកចាយទៅបូកគោម៉ាត និងផ្គត់ផ្គង់ទៅផ្សារទំនើបមួយចំនួននៅទីក្រុងភ្នំពេញ និងចែកចាយទៅខេត្តព្រះសីហនុ កំពត រួមទាំងសហគមន៍បូកគោផងដែរ»។
បច្ចុប្បន្នកសិដ្ឋានបូកគោហ្វាម អាចផ្គត់ផ្គង់បន្លែធម្មជាតិ និងបន្លែសរីរាង្គ ប្រមាណ ១,៥ ក្នុងមួយថ្លៃ និងគ្រោងពង្រីកឱ្យបាន ២តោន នៅថ្ងៃខាងមុខ។

បើតាមអ្នកស្រី ចាន់រ៉ា បន្លែនៅកសិដ្ឋានបូកគោហ្វាម គឺបានដាំដុះលើកំពូលភ្នំមានរយៈកម្ពស់ ១០៧៥ម៉ែត្រ ដែលជាចំណុចពិសេសធ្វើឱ្យបន្លែមានគុណភាពល្អជាងបន្លែដាំនៅកន្លែងដទៃ ដោយសារការដំាហ៊ុំព័ទ្ធដោយសំណាញ់ជុំវិញ និងតាមស្តង់ដារសុវត្ថិភាពខ្ពស់ ដោយមិនប្រើជីគិមី ឬថ្នាំសម្លាប់មេរោគ សូម្បីមួយដំណក់ ហើយក៏ពុំមានសត្វល្អិតអាចចូលបានឡើយ។
ទាក់ទាងជាមួយតម្លៃ បន្លែនៅកសិដ្ឋានបូកហ្វាម មានតម្លៃសមរម្យ ដោយសារកសិដ្ឋានបង្កើតឡើង ក្នុងបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរ បានទទួលទានបន្លែដែលមានសុវត្ថិភាព និងគុណភាពស្តង់ដារ។
កសិដ្ឋាបូកគោហ្វាម ធ្លាប់មានការវាយតម្លៃការអនុវត្តកសិកម្មល្អ ពីក្រសួងកសិកម្ម ហៅកាត់ GAP ដោយទទួលបានវិញ្ញាប័នបត្រពីគម្រោងនេះ។
សូមបញ្ជាក់ថា កសិដ្ឋានបូកគោហ្វាម បានចាប់ផ្តើមដាំបន្លែលើដី នៅឆ្នាំ ២០១២ និងដាំបន្លែលើទឹក នៅឆ្នាំ ២០១៧ ដោយមានការគាំទ្រខ្លាំងពីសំណាក់អ្នកទទួលទាន និងស្រឡាញ់សុខភាព៕






-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


