ព័ត៌មានជាតិ
ប្រធានមន្ទីរ៖ ខេត្តកំពតទទួលបានទេសចរជាង ១លាននាក់ ទេសចរបរទេសជាង ៥ម៉ឺននាក់ ក្នុងឆ្នាំ ២០២២
វិស័យទេសចរណ៍ គឺជាវិស័យមួយដែលជួយកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ ក៏ដូចជាផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងតំបន់យ៉ាងច្រើនផងដែរ។

ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានកម្ពុជាថ្មី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចន្លោះពី ២៥០ ០០នាក់ ទៅ ៣ម៉ឺននាក់ ក្នុងមួយសប្តាហ៍។ ពេញមួយឆ្នាំ ២០២២ ពោលគឺគិតត្រឹមថ្ងៃទី ២០ ខែធ្នូ មានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ ទៅទស្សនាកម្សាន្តនៅខេត្តកំពត។ ក្នុងនោះទេសចរបរទេសមានជាង ៥ម៉ឺននាក់ មកពីអឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា។ ដោយឡែកប្រទេសជិតខាង ដូចជាថៃ វៀតណាម មិនទាន់មានច្រើននៅឡើយ។

បើតាមប្រធានមន្ទីទេសចរខេត្ត កំណើននៃអ្នកទេសចរនេះ ដោយសារខេត្តកំពតមានរមណីយដ្ឋានទេសចរទាក់ទាញច្រើនកន្លែង និងបង្ហាញអំពីទិដ្ឋភាពផ្សេងៗគ្នា។ ជាក់ស្តែងគោលដៅទេសចរណ៍នៅខេត្តកំពត ដែលមានភ្ញៀវចាប់អារម្មណ៍ និងទៅកម្សាន្តលេងច្រើន មានដូចជា តំបន់ធម្មជាតិទឹកឈូ ជាតំបន់មានភាពទាក់ទាញតាមរយៈសកម្មភាពកីឡាលើទឹក និងទឹកថ្លាត្រជាក់សម្រាប់ងូតលេងកម្សាន្ត។
តំបន់បន់ភ្នំបូកគោ មានទីតាំងកម្សាន្តច្រើន ជាតំបន់ធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។ នៅលើភ្នំ មានតំបន់ទេសចរណ៍ដ៏សម្បូរបែប ពិសេសមានអាកាសធាតុត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ សម្រាប់អ្នកទេសចរអាចបំបាត់រាល់ការស្មុគស្មាញទាំងឡាយ។

តំបន់ទំនប់ម្លេច មានការអភិវឌ្ឍច្រើន និងមានភ្ញៀវទេសចរទៅកម្សាន្តច្រើនផងដែរ។ ក្រៅពីតំបន់ធំៗទាំងនេះ នៅមានតំបន់កសិទេសចរជាច្រើនទៀត នៅក្នុងខេត្តកំពត។ ក្នុងនោះ សហគមន៍ត្រពាំងសង្កែក៏មានភ្ញៀវកើនឡើងជាលំដាប់ផងដែរ។
លោក ស៊ីណុល បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្តបានបង្កើតក្រុមការងារចំនួនបីក្រុម ដើម្បីចុះតាមតំបន់រមណីយដ្ឋានទេសចរនានា ក្នុងខេត្ត និងពង្រឹងការផ្តល់សេវា ការបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ អនាម័យបរិស្ថាន គ្រប់គ្រងការរក្សាតម្លៃសមរម្យ និងការងារទប់ស្កាត់ជំងឺកូវីដ ដើម្បីស្រូបទាញកំណើនទេសចរ។
ជាមួយកំណើនភ្ញៀវទេសចរនេះ អាជ្ញាធរខេត្ត បានគ្រប់គ្រងលើតម្លៃទំនិញ ឬចំណីអាហារ ដោយពុំឱ្យមានការឡើងថ្លៃឡើយ ពិសេសនៅក្នុងឱកាសបុណ្យទាននានា និងបានចុះណែនាំផ្ទាល់ដល់ប្រតិបត្តិករ អាជីវករ ឱ្យបានជ្រាបអំពីបញ្ហានេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មើលឃើញថា ភ្ញៀវនឹងកើនឡើងកាន់តែខ្លាំងនៅឆ្នាំ ២០២៣ ពិសេសភ្ញៀវបរទេស ដោយសារកំណើននៅឆ្នាំនេះកើនឡើងជាង ១០០% បើធៀបនឹងឆ្នាំ ២០២១ ដូច្នេះ ឆ្នាំ ២០២៣ ភ្ញៀវនឹងបន្តកើនឡើងថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


