Connect with us

ព័ត៌មានជាតិ

មហាជនស្នើចាត់វិធានការច្បាប់ចំពោះលោក សុវណ្ណ រិទ្ធី ដែលធ្វើលើសពីតួនាទី និងក្រមសីលធម៌

បានផុស

នៅ

ក្មួយស្រីរបស់សម្ដេចតេជោ ហ៊ុន សែន គឺឧកញ៉ា នឹម វណ្ណៈ បានប្រតិកម្មនឹងទង្វើមិនសមគួររបស់បុគ្គលម្នាក់ដែលអាងខ្លួនជាអ្នកសារព័ត៌មាន តែផ្ទុយទៅមិនបានគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។ ឧកញ៉ា នឹម វណ្ណៈ បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់ជាធរមានលើបុគ្គលប្រភេទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មនេះធ្វើឡើងក្រោយពីលោក សុវណ្ណ រិទ្ធី ដែលបានយកឈ្មោះជាអ្នកសារព័ត៌មានប្រើពាក្យសម្ដីមិនសមរម្យ គំរាមកំហែងបុរសម្នាក់ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ទង្វើបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយចាត់ទុកលោកជាអ្នកសារព័ត៌មានដែលមិនមានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។

ពាក់ព័ន្ធនឹងករណីនេះ លោកស្រីឧកញ៉ា នឹម វណ្ណៈ ដែលជាក្មួយស្រីរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះទង្វើអ្នកសារព័ត៌មានប្រភេទនេះ ហើយបានស្នើដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ចំពោះលោក សុវណ្ណ រិទ្ធី។ លោកស្រីបានចាត់ទុកទង្វើរបស់លោក សុវណ្ណ រិទ្ធី ដែលតែងតែបានអាងខ្លួនជាអ្នកសារព័ត៌មាន ដើរថតគេឯងដោយមិនមានការអនុញ្ញាត ប្រើពាក្យគំរាមកំហែង ហើយតាំងខ្លួនជាអ្នកចេះធ្វើបុណ្យតែម្នាក់ឯង។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានពីររូបក៏បានបង្ហាញប្រតិកម្មចំពោះទង្វើលោក សុវណ្ណ រិទ្ធី នេះដែរ។ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ក្នុងនាមជាអ្នកសារព័ត៌មានត្រូវស្គាល់ត្រឹមតួនាទីខ្លួនឯងបានហើយ កុំឲ្យលើស»។ រីឯលោកស្រី ឆៃច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ «មានខ្លះបានដើរតួជាអ្នកវិភាគវែកញែកផង ជាមន្ត្រីយុត្តិធម៌ផង ហើយស្រែកឲ្យមហាជនជួយកាត់សេចក្ដី ជាពិសេសការសរសេរ ឬឡាយដៀលត្មេះ ប្រើអារម្មណ៍ក្រេវក្រោធចេញមកការពារភាគីម្ខាងណាមួយរវាងគូជម្លោះ»។ លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា «ឃើញហើយនឹកអនិច្ចាវាសនាអ្នកសារព័ត៌មានមិនបានចូលសាលាទាំងនោះ»។

ជាក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរាល់ការសរសេរ ការនិយាយព័ត៌មាន អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរនូវភាពត្រឹមត្រូវជានិច្ច ត្រូវបែងចែកឲ្យដាច់រវាងព័ត៌មាន និងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ដើម្បីញែកឲ្យដាច់ពីគ្នារវាងហេតុការណ៍ និងការបញ្ចេញមតិ ហើយរាល់ការបញ្ចេញមតិ ឬរិះគន់នេះទៀតសោត ក៏ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានត្រូវរាយការណ៍តែហេតុការណ៍ណាដែលបានឃើញ និងដឹងប្រភពច្បាស់លាស់ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ហើយត្រូវផ្សព្វផ្សាយព័ត៌មានពិត មិនលំអៀង និងមានភាពច្បាស់លាស់ដល់សាធារណជន កុំឲ្យមហាជនមានភាពភាន់ច្រឡំ។ បន្ថែមពីនេះ អ្នកសារព័ត៌មានគួរព្យាយាមស្វែងរក និងផ្តល់ឱកាសដល់អ្នកមានភាពពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីឲ្យពួកគេបានបកស្រាយនូវបញ្ហាដែលពាក់ព័ន្ធនឹងរូបគេ ឬបទចោទប្រកាន់ណាមួយដែលធ្វើឡើងដោយភាគីម្ខាងទៀត ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម