Connect with us

ព័ត៌មានជាតិ

អាជីវករតាមកញ្ច្រែងល្អីនៅភ្នំពេញ មិនបាច់បង់ថ្លៃ ហើយទទួលបានបណ្ណមូលនិធិសមធម៌

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកយ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្តេចតេជោ បានសម្រេចមិនឱ្យយកលុយពីអាជីវករលក់តាមកញ្ច្រែងល្អីតាមផ្សារ និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ក្រោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងខ្ជាប់ខ្ជូនជុំវិញការមិនយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនពួកគាត់ថែមទៀត។

លោក ឡយ ស៊ាងអាង ប្រធាន គណៈកម្មការផ្សារអូរឫស្សីបានឱ្យដឹងថា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គណៈកម្មការផ្សារអូរឫស្សី បានប្រគល់ជូនបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី នៅតាមទីផ្សារ បានចំនួន ២លើករួចមកហើយ ដោយលើកទី១ ចំនួន ២៧០បណ្ណ និងលើកទី២ បានចំនួន ៣០៨បណ្ណ។

ចំណែក លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូងវិញ បានឱ្យដឹងថា គណៈកម្មការផ្សារទួលទំពូង បានប្រគល់ជូនបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី បានចំនួន ២លើករួចមកហើយ ដោយលើកទី១ ចំនួន ១៣២ បណ្ណនិងលើកទី២ បានចំនួន ៤៨ បណ្ណ សរុបចំនួន ១៨០ បណ្ណ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះជូនគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងមកនេះ ដើម្បីឱ្យគណៈកម្មការផ្សាររដ្ឋទាំង២៥ បន្តចែកជូនបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី ឱ្យបានគ្រប់ចំនួន។

បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់។ ក្រុមអាជីវករ បានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរ រាជធានី និងគណៈកម្មការផ្សារ បានជួយគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ជូនពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួមសម្រួលដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺជាច្រើន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម