ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ជំរុញមន្ត្រីទទួលតំណែងភារកិច្ចចាប់ពីអនុប្រធានមន្ទីរ ចុះក្រោម បង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តជំរុញដល់មន្ត្រីដែលមានតំណែងតួនាទីចាប់ពីអនុប្រធានមន្ទីរចុះក្រោម ត្រូវបង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងបន្ថែម ដើម្បីប្រសិទ្ធភាពការងារកាន់តែច្បាស់។

ការបំផុសស្មារតីដល់ក្រុមមន្ត្រីរាជការថ្នាក់ក្រោមនៅពេលនេះ ធ្វើឡើងក្នុងពិធីតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការចំនួន ១៩ នាក់ មកពីមន្ទីរអប់រំ មន្ទីរសុខាភិបាល និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្រើនរម្លឹកនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ ថា ក្រុមមន្ត្រីរាជការក្នុងខេត្ត ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងមន្ទីរអង្គភាពដទៃទៀត ប្រឹងប្រែងបំពេញការងារទៅតាមតួនាទីភារកិច្ចដែលមានចែង និងត្រូវអនុវត្តទៅតាមច្បាប់វិធានការជាធរមាន សំដៅធ្វើយ៉ាងណាចូលរួមចំណែកអភិវឌ្ឍន៍អង្គភាព និងខេត្តកាន់តែរីកចម្រើនទៅមុខ។

មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីអភិបាលខេត្តកោះកុង បានណែនាំដល់មន្ត្រីជំនាញក្រោមឱវាទរបស់ខ្លួន ត្រូវចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់។ ព្រោះថា បញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា មិនទាន់ផុតរលត់អស់ទាំងស្រុងនៅឡើយទេ ដោយតម្រូវបន្តយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ហើយមានប្រសិទ្ធភាព ដើម្បីសុខុមាលភាពគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។

លោក អ៊ូ ឡា ដែលទទួលភារកិច្ចជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លើកឡើងថា លោកនឹងប្រឹងប្រែងទៅតាមការចាត់តាំងរបស់រដ្ឋបាលខេត្ត និងប្រធានមន្ទីរ លើកិច្ចការងារស្នូរដែលជាផ្នែកទទួលបន្ទុករបស់ខ្លួន។ ជាក់ស្ដែង នឹងពិនិត្យមើលពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូស ដោយផ្តល់សេវាទៅផ្ទះរបស់ពួកគាត់តែម្ដង ទើបធានាបានការមិនឆ្លងរីករាលដាលជាថ្មី។

តាមរបាយការណ៍លទ្ធផលការងារ ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា មន្ត្រីជំនាញធ្លាប់បានថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយសរុបចំនួន ៥.៩៧២ នាក់ ស្ត្រី ៣.៤០៧ នាក់។ ក្នុងនោះក៏បានផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារទូទាំងខេត្តប្រមាណ ១៣ ម៉ឺននាក់។

ដោយឡែកលោក ហែម បូរ័ត្ន អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុង ប្ដេជ្ញាចិត្តថា នឹងបំពេញតួនាទីភារកិច្ចអនុវត្តប្រកបដោយភាពទំនួលខុសត្រូវចំពោះតួនាទីភារកិច្ច មិនធ្វេសប្រហែសនឹងការងារចំពោះមុខនោះឡើយ។ កន្លងទៅ មន្ទីរ ធ្លាប់បានចុះធ្វើអធិការកិច្ចបញ្ហាដីធ្លីជាច្រើនករណីផងដែរ ករណីទំនាស់ណាធំហួសពីសមត្ថកិច្ច លោកនឹងសុំគោលការណ៍បន្ថែមពីរដ្ឋបាលខេត្ត ឬ ក្រសួងសាមី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


