Connect with us

ព័ត៌មានជាតិ

ពលរដ្ឋឃុំថ្មស កាន់តែទទួលបានសុវត្ថិភាព ក្រោយមានអគារសម្រាកប្រកបដោយផាសុកភាព

បានផុស

នៅ

ក្រុម​ប្រជាពលរដ្ឋ ពិសេស​ស្ត្រី​រស់នៅ​ក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ នឹង​កាន់តែ​ទទួល​បាន​សុខ​សុវត្ថិភាព​ទ្វេដង បន្ទាប់ពី​មាន​អគារ​ថ្មី​សម្រាក​មុន និង​ក្រោយ​សម្រាល ប្រកប​ដោយ​ផាសុកភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ថ្មី​មាន​ជា​អគារ​សម្រាក​មុន និង​ក្រោយ​ពេល​សម្រាល​ផ្ទៃពោះ លោក អ៊ួន សារុន ប្រធាន​មណ្ឌល​សុខភាព​ថ្ម​ស បាន​ឲ្យ​ដឹង​ថា អគារ​ដែល​ជា​សមិទ្ធផល​ថ្មី​នៅ​ក្នុង​ឃុំ​ថ្ម​ស មាន​ចំនួន ៤ បន្ទប់ បែងចែក​ជា​បន្ទប់​សម្រាក​ត្រៀម​សម្រាលកូន ,បន្ទប់​ស្ត្រី​សម្រាក​សម្រាលកូន ,បន្ទប់​ពលរដ្ឋ​សម្រាក​ថែទាំ​ជំងឺ​រយៈពេល​ខ្លី ,និង​បន្ទប់​សង្គ្រោះ​បឋម និង​វះកាត់​តូច ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ផែនការ​រំកិល ៥ ឆ្នាំ របស់​ឃុំ ជា​អាទិភាព​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​នីមួយៗ។

លោក អ៊ួន សារុន គូស​បញ្ជាក់​ទៀត​ថា បើ​ធៀប​នឹង​អគារ​ចាស់​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​មាន ២ បន្ទប់ និង​មាន​សំយាក​សម្រាប់​ចង្ក្រាន​ដាំ​ស្ល កន្លងមក​ដោយ​មាន​ការ​ពុក​ផុយ និង​បាក់បែក​ជា​បណ្តើរៗ។ ហើយ​ការ​ស្នើ​សុំ​នេះ ជិត ១០ ឆ្នាំ ទើបតែ​នៅ​ដើម​ឆ្នាំ ២០២២ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ថ្ម​ស ទាំងអស់ បាន​យល់ព្រម​ឯកភាព​រួមគ្នា ដាក់​ការ​សាងសង់​អគារ​ស្នាក់នៅ​មុន និង​ក្រោយ​សម្រាល ចូល​ក្នុង​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​សម្រាប់​ឆ្នាំ ២០២២ (អាទិភាព​ទី ១)។

តែ​ទោះ​យ៉ាងណា ចាប់ពី​ថ្ងៃ​នេះ​ទៅ លោក​ប្រធាន​មណ្ឌល​សុខភាព​ថ្ម​ស រំពឹង​ថា ស្ត្រី​នៅ​ក្នុង​មូលដ្ឋាន នឹង​លែង​ព្រួយបារម្ភ​ពី​ការ​មក​ទទួល​សេវា​សម្រាក​សម្រាលកូន​ទៀតហើយ ខណៈ​មាន​អគារ​ថ្មី​ត្រៀម​ចាំ​បម្រើ​សេវា​គ្រប់​ពេលវេលា។

មណ្ឌល​សុខភាព​ថ្ម​ស មាន​ការ​ប្រចាំការ ២៤ ម៉ោង និង​បម្រើ​សេវា ៧ ថ្ងៃ ក្នុង ១ សប្ដាហ៍។ បើ​គិត​ជា​មធ្យម ក្នុង ១ ខែៗ មណ្ឌល​សុខភាព​បាន​ផ្ដល់​សេវា​ពិគ្រោះ​ពិនិត្យ​ជំងឺ​ក្រៅ​ចន្លោះ​ពី ៣៥០ នាក់​-៤៥០ នាក់។ ការ​ពិនិត្យ​ផ្ទៃពោះ​សរុប ចន្លោះ​ពី ៤០-៥០ នាក់។ ចាក់​វ៉ាក់សាំង​ដល់​កុមារ​ក្រោម ២ ឆ្នាំ ចន្លោះ​ពី ៥០ នាក់​-៦០ នាក់។ សម្រាលកូន ជា​មធ្យម​ចំនួន ៨-១០ នាក់។ ការ​ពន្យារ​កំណើត​ស្ត្រី​វ័យ​បន្ត​ពូជ បន្ត​(​មាន​ប្ដី​) ជិត ៩០០ នាក់។ និង​ប្រព័ន្ធ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ចន្លោះ​ពី ៣-៥ ជើង។

លោក ក្រូច បូរីសីហា អភិបាល​ស្រុក​បូទុម​សាគរ បាន​ចាត់ទុក​សមិទ្ធផល​ថ្មី​នេះ​ជា​អាទិភាព​លើ​វិស័យ​សុខាភិបាល​ក្នុង​មូលដ្ឋាន​ដែល​មាន​មណ្ឌល​សុខភាព​លក្ខណៈ​ស្តង់ដារ​ល្អ​ប្រណិត​មួយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល មិន​ចាំបាច់​ទៅ​កន្លែង​ផ្សេង​ឆ្ងាយ និង​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ។

លោក​អភិបាល​ស្រុក​បូទុមសាគរ ក៏​គាំទ្រ​ពេញទំហឹង​នូវ​សកម្មភាព​ចូលរួម​របស់​សប្បុរសជន និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ប្រឹងប្រែង​កៀរគរ​ថវិកា​មក​អភិវឌ្ឍន៍​ឲ្យ​ចេញ​ជា​រូបរាង​នូវ​អគារ​ថ្មី​សន្លាង​នេះ​ឡើង ព្រមទាំង​ជា​សក្ខីភាព​ផ្ដល់​ទំនុក​ចិត្ត​ពី​មហាជន​លើ​កិច្ចការ​លើកកម្ពស់​វិស័យ​សុខាភិបាល​កាន់តែ​ល្អ​ប្រសើរ។

មណ្ឌល​សុខភាព​ថ្ម​ស ចាប់ផ្ដើម​សាងសង់​ថ្មី​ក្នុង​ឆ្នាំ ២០០៥ និង​ដាក់​ឲ្យ​មាន​ដំណើរការ​បម្រើ​សេវា​សុខភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០០៦ ដោយ​មាន​ការ​គិតគូរ​ពី​សុខុមាលភាព​ប្រជាពលរដ្ឋ មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង បាន​ប្រគល់​ឡានពេទ្យ ១ គ្រឿង ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក។

មណ្ឌល​សុខភាព​ថ្ម​ស សព្វថ្ងៃ មាន​បុគ្គលិក​បម្រើ​ការងារ​ប្រុស​-​ស្រី ចំនួន ១០ នាក់ ក្នុង​នោះ​មាន​ឆ្មប ៣ នាក់ វេជ្ជបណ្ឌិត ១ នាក់ គិលានុបដ្ឋាក ៥ នាក់ និង​កម្មករ ១ នាក់។ ក្រៅពី​សេវា​ពិនិត្យ​ជំងឺ​ទូទៅ មណ្ឌល​សុខភាព ក៏​ត្រួតពិនិត្យ​មាត់ស្បូន​ដើម្បី​ស្រាវជ្រាវ​រក​មហារីក​ស្បូន​លើ​ស្ត្រី និង​មាន​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់ស្បូន​លើ​កុមារី​ក្នុង​អាយុ ៩ ឆ្នាំ ក្នុង​ខែ​សីហា ក្រោយនេះ។ ផ្ដល់​សេវា​ស្រាវជ្រាវ​រក​មេរោគ ដើម្បី​ព្យាបាល​ជំងឺឆ្លង ដូចជា​គ្រុនចាញ់ និង​របេង​ជាដើម​(​ដោយ​មិន​គិត​ថវិកា​) និង​តាមដាន​ជំងឺ​មិន​ឆ្លង​ក្នុង​សហគមន៍ ដូចជា​ជំងឺ​ទឹកនោមផ្អែម និង​លើស​សំពាធ​ឈាម ពិសេស​ប្រជាជន​ដែល​មាន​អាយុ​លើស ៥០ ឆ្នាំ។

បច្ចុប្បន្ន​មណ្ឌល​សុខភាព​គ្របដណ្ដប់​ប្រជាជន​ចំនួន ៩ ៩៩៤ នាក់ មាន ១ ឃុំ និង ៥ ភូមិ ជា​រៀងរាល់​ខែ បុគ្គលិក ២ រូប ធ្វើការ​ចុះ​ផ្ដល់​សេវា​សុខភាព​ដល់​មូលដ្ឋាន​ចំនួន ៣ នៃ​ភូមិ​ឆ្ងាយ​ជាងគេ មាន​ភូមិ​ចំការលើ ភូមិ​ស្រែ​ថ្មី និង​ភូមិ​ចំលង​គោ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម