ព័ត៌មានជាតិ
អាជ្ញាធរអេដស៍ ដាក់ចេញយុទ្ធសាស្ត្រចំនួន ៤ លុបបំបាត់ការឆ្លងជំងឺអេដស៍ថ្មី
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន ៤ ដើម្បីលុបបំបាត់ការឆ្លងជំងឺអេដស៍ថ្មី ដែលតាមប៉ាន់ប្រមាណមានអ្នកឆ្លងថ្មីចំនួន ៤ នាក់ ក្នុង ១ ថ្ងៃ។

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(NAA) បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៨ មិថុនានេះថា ដើម្បីលុបបំបាត់ការឆ្លងថ្មី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសេនាធិការឲ្យរដ្ឋាភិបាលលើផ្នែកអេដស៍ បានបង្កើតនូវយុទ្ធសាស្ត្រជាច្រើន ជាពិសេសផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ ជាពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានយុទ្ធសាស្ត្ររងចំនួន ៤។

លោកអគ្គលេខាធិការ បានបន្តថា យុទ្ធសាស្ត្ររងចំនួន ៤ រួមមាន ៖ យុទ្ធសាស្ត្រទី១-ការផ្ដល់ការបង្ការ ថែទាំ ព្យាបាល និងគាំទ្រទូលំទូលាយ តាមរយៈវិធីសាស្ត្រពហុវិស័យ។ យុទ្ធសាស្ត្រទី២-ការធ្វើសមាហកម្មការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល ក្រសួងពាក់ព័ន្ធ និងស្ថាប័នជាតិផ្សេងៗ។ យុទ្ធសាស្ត្រទី៣-ការពង្រីកវិសាលភាពកិច្ចគាំពារសង្គម និងការលើកកម្ពស់សេវាសុខភាព សង្គម និងច្បាប់ ដល់អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ និងយុទ្ធសាស្ត្រទី៤-ការបង្កើនថវិការបស់រាជរដ្ឋាភិបាលឲ្យបាន ៥០% ក្នុងការចំណាយការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅឆ្នាំ ២០២៣ និងវិភាជន៍ថវិកាដល់អង្គការសង្គមស៊ីវិល ជាពិសេសក្នុងការចូលរួមជំរុញសម្រេចបាននូវយុទ្ធសាស្ត្រទី ១ ក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគជាសេនាធិការបច្ចេកទេស បានបង្កើត និងអនុវត្តផែនការយុទ្ធសាស្ត្រ ដើម្បីបង្ការការរីករាលដាលជំងឺអេដស៍-កាមរោគ និងថែទាំអ្នកផ្ទុកមេរោគអេដស៍/ជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ ២០២១-២០២៥។

លោកអគ្គលេខាធិការ បានបន្តទៀតថា «ដូច្នេះ ប្រសិនបើអនុវត្តបាននូវផែនការយុទ្ធសាស្ត្រជាតិនេះ បានជោគជ័យ នោះការឆ្លងថ្មី នៃមេរោគអេដស៍ពិតជាអាចលុបបំបាត់បាន»។

យ៉ាងណាក៏ដោយ លោកអគ្គលេខាធិការ ទទួលស្គាល់ថា វិបត្តិសកល ក៏បានជះឥទ្ធិពលដល់ការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជាផងដែរ ដោយផ្អែកលើកត្តាមួយចំនួនដូចជា វិបត្តិប្រេងឥន្ធនៈ ថាមពល សង្គ្រាមអ៊ុយក្រែន វិបត្តិស្បៀងអាហារ ការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ដែលជះឥទ្ធិពលអវិជ្ជមានដល់ការសម្រេចគោលដៅ ៩៥-៩៥-៩៥ បានកំណត់នៅឆ្នាំ ២០៣០ ទាមទារឲ្យប្រទេសទាំងអស់ចូលរួមប្រឹងប្រែងទាំងអស់ជម្នះនូវឧបសគ្គនានា។

យោងតាមការប៉ាន់ប្រមាណពីកម្រិត នៃការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានប្រភពពី NAA, NCHADS & UNAIDS បានបង្ហាញថា ក្នុងឆ្នាំ ២០២២ កន្លងទៅ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មី មាន ១ ៤០០ នាក់ កើនឡើង ៣០០ នាក់ បើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំកន្លងទៅ ដែលមានត្រឹមតែ ១១០០ នាក់ ប៉ុណ្ណោះ ឬមានមនុស្ស ៤ នាក់ បានឆ្លងថ្មី ក្នុង ១ ថ្ងៃ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មាន ១ ១០០ នាក់ ឬ មានមនុស្សស្លាប់ដោយសារជំងឺអេដស៍ ៣ នាក់ ក្នុង ១ ថ្ងៃ។ ៨៣% នៃអ្នកឆ្លងថ្មី នៃមេរោគអេដស៍ គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត និងអ្នកប្រើប្រាស់គ្រឿងញៀន ជាពិសេសចំណោមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងយុវវ័យមានអាយុពី ១៥-២៤ ឆ្នាំ។
របាយការណ៍ បានបង្ហាញទៀតថា មានមនុស្សប្រមាណ ៧៦.០០០ នាក់ កំពុងផ្ទុកមេរោគអេដស៍ ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ ៦៥.៦៤៦ នាក់ បាននិងកំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមូលដ្ឋានសុខាភិបាលរបស់រដ្ឋ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


