Connect with us

សុខភាព

អត្រាស្លាប់ដោយសារជំងឺអេដស៍នៅកម្ពុជា មានការថយចុះពីជាង ១ ពាន់នាក់ មកត្រឹមជិត ៧០០ នាក់

បានផុស

នៅ

អត្រា​ស្លាប់​ដោយសារ​ជំងឺអេដស៍​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ ពោលគឺ​ធ្លាក់ចុះ​ពី​ជាង ​១​ ពាន់​នាក់ មក​នៅត្រឹម​ជិត​ ៧០០​ នាក់ ​ប៉ុណ្ណោះ​ នៅក្នុង​ឆ្នាំ​ ២០២៥ ​កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ឡូ វាសនា​គី​រី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​បាន​មានប្រសាសន៍ថា ​ឆ្នាំ ២០២៥​ មាន​អ្នក​ជំងឺអេដស៍​ដែល​កំពុង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​បាន​កើនឡើង​ពី ៦៩ ៩៩៤​ នាក់ ដល់ ៧១ ៦៩៧​ នាក់ ឬ​កើនឡើង ២,៤៣% ធៀប​នឹង​ឆ្នាំ​ ២០២៤ ​និង​មាន​អ្នកជំងឺ ៦៩៧ នាក់ ក្នុងនោះ ​មនុស្ស​ពេញវ័យ ៦៨៨​ នាក់ និង​កុមារ ០៩​ នាក់ ត្រូវបាន​រាយការណ៍​ថា​ស្លាប់​។ អត្រា​នេះ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២៤​ កន្លងទៅ​ ឃើញថា ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​ ដោយ​ឆ្នាំ ២០២៤ ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍​ប្រមាណ ​១ ១០០​ នាក់។

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើស្បែក​ និង​កាមរោគ ​នៃ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​ថា មាន​មូលហេតុ​មួយចំនួន​ដែល​បណ្តាលឱ្យ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ទាំងនោះ​ស្លាប់បាត់​បង់ជីវិត​ ក្នុងនោះ​រួមមាន​ អ្នកជំងឺ​ចាស់ជរា គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អ្នកជំងឺ​មួយចំនួន​បាន​អនុវត្ត​ការ​លេបថ្នាំ​មិនបាន​ត្រឹមត្រូវ បណ្តាលឱ្យមាន​ភាព​ស៊ាំ​ក្នុង​ខ្លួន​ប្រឈម​នឹង​ការស្លាប់​ព្រោះថា អ្នកជំងឺ​អេដស៍​ ត្រូវកា​រ​លេបថ្នាំ​ពន្យារ​ជីវិត​ឱ្យបាន​ទៀងទាត់​ជា​ប្រចាំ ​ហាត់ប្រាណ​ និង​បរិភោគ​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់​ ដើម្បី​ទ្រទ្រង់​សុខភាព​ឱ្យ​បាន​ល្អប្រសើរ។

លោក​វេជ្ជបណ្ឌិត ​បានប​ន្ត​ទៀតថា ប្រសិនបើ​អ្នកជំងឺ​អនុវត្តបាន​ខ្ជាប់ខ្ជួន​នោះ​ពួកគាត់​នឹងមាន​សុខភាព​ល្អ និង​អាច​រស់នៅ​ដូច​មនុស្ស​ធម្មតា​អីចឹង​ដែរ​។

លោក​វេជ្ជបណ្ឌិត ​បាន​ពន្យល់​ថា ​«ការ​ដែល​យើង​ដឹង​ពី​អ្នកស្លាប់​នេះ ដោយសារតែ​អ្នកជំងឺ​មិន​បាន​មក​ទទួល​ថ្នាំ​ពន្យារ​អាយុជីវិត​រយៈពេល ​២៨​ ថ្ងៃ និង​មិនអាច​ទំនាក់ទំនង​បាន ​យើង​អាច​សន្និដ្ឋានថា គាត់​ស្លាប់បាត់​បង់ជីវិត​ហើយ​។ ​ប៉ុន្តែ​ក៏មាន​ករណីខ្លះ​គាត់​បាត់​មុខ​មិន​ទទួល​ថ្នាំ​មែន តែ​គាត់​បានមក​វិញ ​យើង​ក៏​ចុះឈ្មោះ​សាជាថ្មី ករណីនេះ​មាន​តិចតួច​ទេ​»។

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា បាន​បញ្ជាក់ថា ទោះបីជា​ក្នុង ​១ ​ឆ្នាំ ​អាច​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ ១ ១០០ ​នាក់ ក៏មាន​អត្រា​អ្នក​ឆ្លង​ជំងឺអេដស៍​ថ្មី​ប្រមាណ​ ១ ២០០ ​នាក់​ដែរ​ ដែល​ពួកគេ​ទាំងនោះ​ជា​ក្រុម​ប្រឈម​ខ្ពស់​ដូចជា​ ក្រុម​យុវវ័យ ក្រុម​បុរស​ស្រលាញ់​បុរស ក្រុម​បំប្លែង​ភេទ និង​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាដើម។

យ៉ាងណាក៏ដោយ ​កម្ពុជា ​កំពុងស្ថិត​នៅលើ​មាគ៌ា​ឆ្ពោះទៅ​សម្រេច​គោលដៅ​សកល ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បានដឹង​ពី​ស្ថានភាព​ នៃ​មេរោគ​អេដស៍​របស់​ខ្លួន ៩៥% និង​អ្នក​ដឹងខ្លួន​ថា​ផ្ទុកមេរោគ​អេដស៍ បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ (ART) និង ៩៥% នៃ​អ្នក​កំពុង​ទទួល ART មាន​លទ្ធផល​តេស្ត​បន្ទុក​មេរោគ​អេដស៍​ក្នុង​ឈាម​កម្រិត​ទាប​បំផុត​មិនអាច​រាប់បាន (viral load suppressed)។ ជា​លទ្ធផល ធៀប​នឹង​គោលដៅ ៩៥-៩៥-៩៥ ខាងលើនេះ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៤ កម្ពុជា សម្រេច​បាន ៩២% ១០០% និង ៩៨%៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម