Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងពង្រឹងប្រព័ន្ធការពារជាតិ ពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រឹងប្រព័ន្ធការពារជាតិ ពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក ដែលបច្ចុប្បន្នកំពុងតែសកម្មក្នុងការបំពេញភារកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ធ្វើឡើងនៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។   

នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់វិស័យការពារជាតិ ដែលដូចទៅនឹងអាណត្តិមុនៗដែរ ហើយផ្តោតសំខាន់ទៅលើការការពារ​​ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាព ដែលរកបានដោយលំបាក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «យើងនឹងប្រើប្រាស់​នូវយុទ្ធសាស្រ្ដការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ…ដូច្នេះឈរលើយុទ្ធសាស្រ្ដការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារនោះ បានន័យថា អ្វីៗទាំងអស់នឹងពឹងផ្អែកទៅលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នឹងផ្តោតជាពិសេសបំផុតទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ព ជាពិសេសសមត្ថភាពការឆ្លើយតប និងការពារខ្លួនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជា នឹងកាន់តែពង្រឹងសមត្ថភាពទ័ពពិសេសបន្ថែមទៀត ឲ្យកាន់តែខ្លាំងក្លា និងរឹងមាំ។ កម្ពុជា ក៏នឹងផ្ដោតផងដែរ ទៅលើការពង្រឹងប្រព័ន្ធការពារជាតិ ពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក ដែលបច្ចុប្បន្នកំពុងតែសកម្មក្នុងការបំពេញភារកិច្ច។

បន្ថែមពីលើនេះទៀត កម្ពុជា នឹងកាន់តែចូលរួមឲ្យបានសកម្មបន្ថែមទៀត នៅក្នុងបេសសកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃការពង្រឹងអំណាចទន់ (Soft Power) របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍ ចំពោះបញ្ហាគ្រាប់មីន កម្ពុជា ក៏នឹងចែករំលែកនេះដល់គ្រប់បណ្ដាប្រទេសទាំងអស់ ដែលនេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម