ព័ត៌មានជាតិ
រដ្ឋលេខាធិការម្នាក់ ត្រូវបានចាត់ឱ្យទៅធ្វើជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំមហាអំណាចចិន
រដ្ឋលេខាធិការក្រសួងការបរទេសម្នាក់ ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជានៅប្រទេសចិន។ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី នឹងត្រូវទៅជំនួសកៅអីឯកអគ្គរាជទូតរបស់លោកស្រី ខែក កែមាលី ស៊ីសូដា ដែលបានធ្វើជាឯកអគ្គរាជទូតនេះជាច្រើនឆ្នាំមកហើយ។

លោកស្រី ខែក កែមាលី ស៊ីសូដា ត្រូវបានចាត់ទុកថា ជាអ្នកការទូតស្ត្រីរបស់កម្ពុជាដែលកាន់តួនាទីជាឯកអគ្គរាជទូតយូរជាងគេ។ ក្រោយធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនជាច្រើនឆ្នាំមកនេះ លោកស្រី ខែក កែមាលី ស៊ីសូដា នឹងត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួន នាដើមខែមករា ឆ្នាំ២០២៤នេះ ដែលក្នុងនោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតថ្មីនៃកម្ពុជាប្រចាំនៅប្រទេសចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង។
បច្ចុប្បន្ន លោកស្រី សឿង រដ្ឋចាវី កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ អ្នកការទូតស្ត្រីវ័យជាង៦៥ឆ្នាំរូបនេះ គឺជាអ្នកការទូតឆ្នើមមួយរូបរបស់កម្ពុជា ដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ មានចំណេះដឹង និងសមត្ថភាពពោរពេញដោយបទពិសោធន៍ តាមរយៈមុខតំណែង និងតួនាទីជាបន្តបន្ទាប់របស់លោកស្រី នៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ លោកស្រី សឿង រដ្ឋចាវី មានសមត្ថភាពអាចនិយាយអន្តរជាតិ ៤ ភាសា គឺអង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ ហើយជាអតីតនិស្សិតខ្មែរ ដែលទទួលបានបញ្ចប់ការសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

រយៈពេលប្រមាណជាង១០ឆ្នាំ ដែលលោកស្រី សឿង រដ្ឋចាវី បានចំណាយពេលសិក្សានៅប្រទេសរុស្ស៊ី ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញទំនាក់ទំនងអន្តរជាតិ និងបានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូនៃសាកលវិទ្យាល័យ MGIMO។ នៅអំឡុងឆ្នាំ១៩៨០ លោកស្រី បានកាន់តួនាទីជាអនុប្រធានការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរយៈពេល ៤ឆ្នាំ មុនពេលដែលលោកស្រីចេញទៅសិក្សានៅរុស្ស៊ី ក្នុងឆ្នាំ១៩៨៤។
ក្រោយវិលមកកម្ពុជាវិញ លោកស្រី បានចូលបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានតួនាទីជាប្រធានការិយាល័យ។ នៅក្នុងឆ្នាំ១៩៩៩-២០០១ លោកស្រី បានផ្ដើមធ្វើជាសាស្ត្រាចារ្យនៅសាលាភូមិន្ទរដ្ឋបាល ហើយបន្ទាប់មកធ្វើជាអគ្គនាយករង និងឡើងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេស។

កិច្ចការជាបន្តបន្ទាប់ គឺលោកស្រី សឿង រដ្ឋចាវី ត្រូវបានជ្រើសតាំងឱ្យធ្វើជាអគ្គលេខាធិការរងអាស៊ាន នៅក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ រហូតដល់ឆ្នាំ២០១០ លោកស្រី ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស ហើយអំឡុងខែឧសភា ឆ្នាំ២០១៧ លោកស្រី បានទទួលបេសកកម្មថ្មីមួយទៀត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ហើយក្រោយចប់អាណត្តិការទូតក្នុងឆ្នាំ២០២០ លោកស្រី សឿង រដ្ឋចាវី ក៏មកកាន់តំណែងចាស់ជារដ្ឋលេខាធិការក្រសួងការបរទេស រហូតមកដល់ពេលនេះ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ