ព័ត៌មានជាតិ
ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញានាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាកម្ពុជា
ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អគ្គនាយិកាក្រុមហ៊ុន Trip.com លោកស្រី Jane Sun ប្តេជ្ញានាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀតមកទស្សនាប្រទេសកម្ពុជា។
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ។ ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


