ព័ត៌មានជាតិ
កម្ពុជា ក្លាយជាប្រទេសគំរូ និងឈានមុខគេ នៅមហាអនុតំបន់ទន្លេមេគង្គ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់
ប្រទេសកម្ពុជា ត្រូវបានគេចាត់ថ្នាក់ជាប្រទេសគំរូទទួលបានពិន្ទុកម្រិត A និងឈានមុខគេ ចំណោមប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងថា ការចាត់ទុកប្រទេសកម្ពុជាជាប្រទេសគំរូក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ដោយសារតែកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំយើងបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ចាប់តាំងពីឆ្នាំ ២០១៨ មក ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ ៣ ឆ្នាំ គ្រោងទុក ឆ្នាំ ២០២០។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ជាក់ស្ដែងឆ្នាំ ២០២៣ នេះ កម្ពុជា មានករណីជំងឺគ្រុនចាញ់តែ ១ ៣៨៤ ករណី និងមិនមានអ្នកស្លាប់ទេ មានការថយចុះបើធៀបទៅនឹងឆ្នាំ ២០២២ ដែលមានចំនួន ៤ ០៤១ ករណី។ ចំណោម ១ ៣៨៤ ករណី ក្នុងនោះមានជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ចំនួន ១ ៣០៩ ករណី និងជំងឺគ្រុនចាញ់សន្ធំ ចំនួន ៣៤ ករណី។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ដោយឡែកនៅដើមឆ្នាំ ២០២៤ នេះ មានករណីជំងឺគ្រុនចាញ់ ៩៨ ករណី ក្នុងនោះមានជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ ៩៦ ករណី និងជំងឺគ្រុនចាញ់សន្ធំ ចំនួនតែ ២ ករណី។
លោកវេជ្ជបណ្ឌិត រំពឹងថា កម្ពុជា នឹងអាចឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងពីរប្រភេទខាងលើនេះបានទាំងស្រុងនៅឆ្នាំ ២០២៥ ខាងមុខនេះ ដោយសារយើងបានបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។ ក្រៅពីនេះ យើងមានសម្ភារៈគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិត បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្ដការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែសកម្មថែមទៀត ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥ ខាងមុខនេះ សំដៅចូលរួមលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃ សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬ អ្នកស្ម័គ្រចិត្តភូមិ ហើយប្រសិនបើបងប្អូនអនុវត្តតាមនោះ គឺជាជោគជ័យរបស់កម្មវិធីគ្រុនចាញ់ហើយ»។
លោកវេជ្ជបណ្ឌិត បានណែនាំថា ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានឆាប់រហ័សដែលនៅជិតបំផុត តាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ឱ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ