ព័ត៌មានជាតិ
គម្រោងស្នើសុំវិនិយោគនឹងធ្វើតាមអនឡាញ កាត់បន្ថយឯកសារស្មុគស្មាញ សម្រួលដល់អ្នកវិនិយោគ
ថ្លែងនៅក្នុងសន្និសីទខ្លីមួយកាលពីរសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល បានលើកពីគម្រោងបង្កើតប្រព័ន្ធស្នើសុំវិនិយោគតាមអនឡាញ ដើម្បីកាត់បន្ថយនីតីវិធីស្មុគស្មាញនិងសម្រួលទាក់ទាញដល់វិនិយោគិន។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ការរៀបចំប្រព័ន្ធស្នើសុំវិនិយោគតាមអនឡាញនេះ ដើម្បីសម្រួលដល់អ្នកវិនិយោគកុំឲ្យពិបាកកាន់ឯកសារមកស្មុគស្មាញ។

ប្រព័ន្ធនេះអាចតភ្ជាប់ជាមួយក្រសួងស្ថាប័នមួយចំនួនទៀត ដែលនឹងផ្តល់ភាពងាយស្រួលលើការពិនិត្យស្នើសុំគម្រោងវិនិយោគផ្សេងៗ។ បើតាមលោក ស៊ុន ចាន់ថុល ទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគឺលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅសម្រួលការងារដល់វិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។
ជាមួយគ្នានេះដែរ ទាក់ទងការវិនិយោគនៅកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រដ្ឋាភិបាលលើការទាក់ទាញការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍អ្នកវិនិយោគពីគ្រប់ទិសទីគ្រប់ជាតិសាសន៍មិនមានការរើសអើង និងមានការលើកទឹកចិត្តស្មើភាពគ្នា។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងផែនការនេះមានគម្រោងវិនិយោគសរុបចំនួន ១៧៤ គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ ប៊ីលានដុល្លាអាមេរិក។ គម្រោងមហិច្ចតាដ៏ធំបំផុតមួយគឺការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលចាយទុនវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីបង្កើនការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា ជាពិសេសក៏នឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះផងដែរ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផែនការមេអភិវឌ្ឍវិស័យភស្តុភារកម្មធ្វើម៉េចឲ្យតម្លៃឡូជីស្ទិកនៅកម្ពុជាថោកជាមុន និងមានភាពប្រកួតប្រជែង។
បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទុនគម្រោងវិនិយោគនៅប្រទេសកម្ពុជាបានកើនឡើងជិត ១ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ បើធៀបទៅឆ្នាំ ២០២២។
កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២៦៨ គម្រោងដែលមានទុនវិនិយោគប្រមាណជិត ៤,៩ ពាន់លានដុល្លារអាមេរិក បើធៀបទៅឆ្នាំ២០២២ ទទួលបានគម្រោងវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក។
ឆ្នាំ ២០២៤ កម្ពុជារំពឹងនឹងទទួលបានកំណើនការវិនិយោគបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣២ គម្រោងច្រើនជាង ២ ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


