ព័ត៌មានជាតិ
ដាក់ជាអាទិភាពឆ្នាំ ២០២៤ ជំរុញបើកការដ្ឋានឲ្យបានឆាប់ផ្លូវជាតិ ៥០C កំពង់ឆ្នាំង-កំពង់ធំ
បើតាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងស្ថាបនាផ្លូវជាតិ ៥០C កំពង់ឆ្នាំង-កំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសជាគម្រោងអាទិភាពជាងគេសម្រាប់ឆ្នាំ២០២៤ ដូច្នេះគម្រោងផ្លូវនេះ នឹងអាចឈានទៅដល់ការចរចាតម្លៃ និងសម្រេចបើកការដ្ឋានសាងសង់ឲ្យបានឆាប់។

ក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉ែង ពោធិ៍នា បានលើកឡើងពីគម្រោងជាច្រើនដែលក្រសួងត្រូវសម្រេចឲ្យបាននៅក្នុងឆ្នាំ២០២៤ នេះ ប៉ុន្តែលោកយល់ឃើញថា ក្រសួងគួរតែធ្វើឲ្យសម្រេចបានមួយគម្រោងជាមុនសិន គឺចរចាឲ្យបានចប់សព្វគ្រប់ការដ្ឋានសាងសង់ផ្លូវ ៥០C កំពង់ឆ្នាំង-កំពង់ធំ ដែលជាគម្រោងអាទិភាពបំផុត។
ពាក់ព័ន្ធទៅនឹងគម្រោងស្ថាបនាផ្លូវ ៥០C តភ្ជាប់ពីកំពង់ឆ្នាំង-កំពង់ធំ បើតាមលោក ស៊ុន ចាន់ថុល សម្ដេច តេជោ ហ៊ុនសែន ប្រកាសជាគម្រោងអាទិភាពមួយសម្រាប់ការសាងសង់។ ឈានមកដល់អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសដាក់ជាគម្រោងអាទិភាពជាងគេ ដែលត្រូវសម្រេចឲ្យបានក្នុងឆ្នាំ២០២៤ នេះដូចគ្នា។
លោក ស៊ុន ចាន់ថុល បានអះអាងដែរថា គម្រោងស្ថាបនាផ្លូវ ៥០C នេះ ក៏ត្រូវបានលោក ប៉ែង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរ ដើម្បីដាក់បញ្ចូលជាគម្រោងសម្រាប់ឆ្នាំ២០២៤។
ហេតុដូចនេះ លោកសូមស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការតាមដានគម្រោងផ្លូវ ៥០C យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឈានទៅដល់ការចរចាតម្លៃជាមួយមិត្តចិន និងឈានទៅសម្រេចបើកការដ្ឋានសាងសង់ឲ្យបានឆាប់បំផុត។


គួរជម្រាបដែរថា គម្រោងផ្លូវ ៥០C គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ផ្លូវនេះជាច្រកដឹកជញ្ជូនដ៏សំខាន់មួយ ខណៈស្ពានដែលគ្រោងសាងសង់កាត់បឹងទន្លេសាបតភ្ជាប់គម្រោងផ្លូវនេះនឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា ហើយតាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺអាចចំណាយថវិកាប្រមាណជា ២៥០លានដុល្លារអាមេរិក ក្នុងនោះអាចត្រូវបែងចែកទៅលើគម្រោងស្ថាបនាផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


