Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយកិច្ចការព្រំដែនដែលនៅសេសសល់១៤ភាគរយ ដោយសន្តិវិធី

បានផុស

នៅ

កម្ពុជា-ឡាវ ប្តេជ្ញាចិត្តក្នុងការដោះស្រាយកិច្ចការព្រំដែនដែលនៅសេសសល់ចំនួន ១៤ ភាគរយ ដោយសន្តិវិធី ស្របទៅ តាមសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន ដោយភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងវិស័យសន្តិសុខនៅតាមព្រំដែនដើម្បីផលប្រយោជន៍ប្រជាជន។

ការប្តេជ្ញាជាថ្មីនេះ ធ្វើឡើងក្នុងអំឡុងពេលលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា​រយៈពេលពីរថ្ងៃកាលពីថ្ងៃ ​២៣-២៤ ខែ មេសា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះ​ដើម្បី​ពង្រឹង​និង​លើក​ក​ម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ក្នុង​អត្ថន័យ​ជា​អ្នក​ជិត​ខាង​ល្អ​ ​ទំនាក់ទំនង​ជា​បងប្អូន​ ​និង​សាមគ្គីភាព​ ​ព្រមទាំង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​និង​យូរអង្វែង​ដើម្បី​វិបុលសុខ​រួម​នៃ​ប្រទេស​ទាំងពីរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្តីប្រកាសព័ត៌ក្រសួងការបរទេស និងសហប្រតិបត្តិការការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី ២៥ មេសា បានឱ្យដឹងថា ចំពោះកិច្ចការព្រំដែន ថ្នាក់ដឹកនាំទាំងពីរកោតសរសើរចំពោះការផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ន និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្តូរលិខិតតុបករណ៍សច្ចាប័ន នៃសន្ធិសញ្ញាកំណត់ព្រំដែន រដ្ឋរវាងកម្ពុជា និងឡាវ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសឡាវ។ សេចក្តីប្រកាសនេះបញ្ជាក់ថា៖«ភាគីទាំងពីរ បានឯក​ភាពគ្នាដោះស្រាយកំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។

ពាក់ព័ន្ធវិស័យសន្តិសុខ និងការពារជាតិវិញ  ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំ ប្រឹងប្រែងរួម លើបញ្ហាសន្តិសុខនានារវាងអាជ្ញាធរពាក់ព័ន្ធនៅតាមតំបន់ព្រំដែន ជាពិសេសការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

កាលពីខែមីនា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេលពីរថ្ងៃដូចគ្នា ក្នុងគោលដៅពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គី និងកិច្ចសហប្រតិបត្តិការ ឈរលើមូលដ្ឋាននៃភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ថ្នាក់ដឹកនាំកម្ពុជា ឡាវ ក៏បានអញ្ជើញធ្វើជាអធិបតី ពិធីចុះហត្ថលេខា និងប្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ ដោយផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការព្រំដែន និងថាមពលជាដើម។ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលនោះ លោក ថងលុន ស៊ីសុលីត បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះស្រាយលើបញ្ហាដែលនៅសេសសល់ ជាពិសេសលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

ជុំវិញរឿងព្រំដែននេះ សារព័ត៌មានកម្ពុជាថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាននៅឡើយទេ ត្រឹមថ្ងៃទី ២៦ មេសា នេះ។

ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា ដែលបានតាមដានរឿងនេះ បានចូលរួមសាទរចំពោះកិច្ចខិតខំប្រែងរបស់រដ្ឋាភិបាលទាំងពីរដែលបានឈានដល់ចំណុចឯកភាពគ្នាជាបន្តបន្ទាប់។ សម្រាប់លោកយល់ថា កិច្ចការព្រំដែនដែលជាប់គាំងចំនួន ១៤ ភាគរយ អាចបណ្តាលមកពីកម្រិតបច្ចេកទេសទាំងផែនទី និងផែនដីជាក់ស្តែង។ លោកនិយាយថា៖«ផែនទីបោនខ្នាត១/១០០.០០០ ដែលផលិតដោយអាណាព្យាបាលបារាំងនាពេលនោះ ក្នុងការស្វែងរកវត្ថុធាតុគោលធៀប ដើម្បីកំណត់ទីតាំងជាក់លាក់ នៅមានកម្រិតលម្អៀងច្រើននៅតំបន់ខ្លះ។ ហើយផែនដីក៏ដូចគ្នាដោយ​សារ​មា​នការប្រែប្រួលវត្ថុធាតុតាងខ្លះ ដែលទាំងនេះគឺជាចំណុចឧបសគ្គសម្រាប់ក្រុមការងារវាស់វែងព្រំដែននៃប្រទេសទាំងពីរ»។ បន្ថែមពីនេះលោកសង្ឃឹមថា តាមរយៈការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណុះរាជរដ្ឋា​ភិ​បាល​កម្ពុជា ដែលជាស្ថាប័នប្រមូលផ្តុំធនធានមនុស្ស និងធនធានបច្ចេកទេស នឹងជួយសម្រួលដល់កិច្ចការបោះបង្គោលព្រំដែនកាន់តែលឿន និងមានប្រសិទ្ធភាព។

គួររំឭកទៅក្រោយបន្តិចថា បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ធ្លាប់ល្អក់កករនឹងគ្នា ​រហូតដល់​កម្ពុជា​ចល័ត​ទ័ព​ទៅកាន់​ព្រំដែន​នៅតំបន់ជម្លោះ ស្ថិតនៅក្បែរតំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងរជ្ជកាល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​សម្តេចតេជោ ​ហ៊ុន​ ​សែន។ ប៉ុន្តែ​ស្ថានការណ៍​ឡើងកម្តៅ បាន​ថមថយមក​វិញ​ ​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ​ជ្រើសរើស​យក​ផ្លូវ​ច​ចារ​ដោយ​ការ​មិន​ប្រើ​អាវុធ​ និងស្វែងរកកិច្ចចរចាដោយសន្តិវិធី។​

គួរជម្រាបថា ប្រទេស​កម្ពុជា​មាន​ព្រំដែន​ជាប់​ប្រទេស​ឡាវ​ប្រវែង​ប្រមាណ​៥​៤​០​គីឡូម៉ែត្រ​គិត​ទាំង​ព្រំដែន​ដីគោក​និង​ព្រំដែន​ទឹក​។​ ​មកដល់ពេលនេះ​ភាគី​កម្ពុជា ​និង​ឡាវ​ បាន​ស្រុះស្រួល​គ្នា​បោះបង្គោល​ព្រំដែន​សរុប​ចំនួន​១​២​១​បង្គោល​ឬ​ស្មើនឹង​៨​៦​% ​ហើយ​នៅ​សល់​ ​១​៤​% ​ទៀត​កំពុង​បន្ត​ការចរចា​ដោះស្រាយ​ ​គឺ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ស្ទឹង​ត្រែង​។

ពាក់ព័ន្ធកិច្ចព្រំដែននេះដែរ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កាលពីថ្ងៃទី ១៤ ខែកក្កដា ២០២៣ បានប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នការប្រឆាំងរាជរដ្ឋាភិបាល ដោយបានភ្ជាប់ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ជូនជាថ្មីថា៖« ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីត)នាយករដ្ឋមន្ដ្រីកម្ពុជា ធ្វើបានត្រឹមត្រូវម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១ ថ្ងៃ មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

ព័ត៌មានជាតិ២ ថ្ងៃ មុន

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

Sokha Hotels

ព័ត៌មានពេញនិយម