ព័ត៌មានជាតិ
សម្តេចធិបតី៖ ក្រសួងមហាផ្ទៃ ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
«ក្រសួងមហាផ្ទៃ ជាស្ថាប័នស្នូលដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ»។ នេះជាគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសន្និបាតក្រសួងមហាផ្ទៃ ថា ជាឱកាសដ៏មានសារៈ សំខាន់សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក។ សម្ដេចធិបតី បានថ្លែងថា ក្រសួងមហាផ្ទៃ បានដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្ដេច សង្កត់ធ្ងន់ថា «ពិតណាស់ គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកដឹកនាំសម្របសម្រួល»។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញការកត់សម្គាល់ចំពោះការរៀបចំ និងដាក់ឱ្យអនុវត្ដផែនការយុទ្ធសាស្ដ្រស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលជាផែនទីបង្ហាញផ្លូវឈានឆ្ពោះទៅសម្រេចបាននូវបេសកកម្មចម្បងៗរបស់ក្រសួងមហាផ្ទៃ និងការរួមចំណែកដល់ការសម្រេចបានកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ការរៀបចំឱ្យមានផែនការយុទ្ធសាស្ដ្រនេះ ជាការកំណត់នូវចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ដ្រធំៗចំនួន៦ ដោយកំណត់សូចនាករគន្លឹះជាក់លាក់ ដែលត្រូវបានសម្រេចក្រោមគោលការណ៍ជាមូលដ្ឋានចំនួន៥ និងអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។

ពាក់ព័ន្ធនឹងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការវិញ ក៏ត្រូវបានសម្ដេចធិបតី បង្ហាញការកត់សម្គាល់ជាវិជ្ជមានចំពោះវឌ្ឍនភាព និងការសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងពង្រឹងជាបណ្ដើរៗ ទាំងក្នុងការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដការងារ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈបានទាន់ពេល និងចំគោលដៅ។
តាមរយៈការកែទម្រង់នេះ សម្ដេចធិបតី បានលើកឡើងថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗកាន់តែមានសមត្ថភាព និងលទ្ធភាពជាបណ្ដើរៗ ក្នុងការផ្ដល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈការផ្ទេរមុខងារត្រូវបានធ្វើឡើងជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?