ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើតចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីធានាបានសុខសុវត្ថិភាពទាំងទៅ និងត្រឡប់មកធ្វើការងារវិញ។

ការអំពាវនាវនេះ ធ្វើឡើងដោយសារកម្មកររោងចក្រត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាថ្ងៃទី ១៣ មេសា ខាងមុខនេះ។
លោក កត្តា អ៊ន បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ មេសា នេះថា «សង្ក្រាន្តឆ្នាំថ្មីនេះ ខ្ញុំសូមអំពាវនាវដល់កម្មករ-និយោជិត ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពសុវត្ថិភាពផ្ទាល់ខ្លួននារដូវក្តៅ ក៏ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈផ្សេងៗ សូមបើកបរគោរពច្បាប់ចរាចរណ៍ការយោគយល់គ្នាអត់ឱនឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ណាមួយកើតឡើង»។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់កម្មករ-និយោជិតចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងប្រពៃណីជាតិ ដើម្បីលើកតម្កើង ក៏ដូចជាថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្ស និងរីកចម្រើន ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត។
លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ នៅទូទាំងប្រទេសមានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរសរុបចំនួន ៤៣ ៤៦១ រោងចក្រ មានកម្មករ-និយោជិត ១ ៧៧៣ ១២១ នាក់ ស្រី ១ ០៧០ ៥៤៣ នាក់។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរមានចំនួន ១ ៥៧៩ រោងចក្រ មានកម្មករ-និយោជិត ៩២៥ ៤៦៥ នាក់ ស្រី ៦៩៨ ៧២៦ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ៤១ ៨៨២ រោងចក្រ មានកម្មករ-និយោជិតចំនួន ៨៤៧ ៦៥៦ នាក់ ស្រី ៣៧១ ៨១៧ នាក់។

គួរបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសឱ្យកម្មករ-និយោជិត ទាំងអស់ ទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៤ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៤។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ បានត្រៀម និងបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើររាប់រយគ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


