ព័ត៌មានជាតិ
ខេត្ត៥ នាំមុខគេ មានទេសចរមកកម្សាន្តច្រើនជាងគេ ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី
(ទិន្នន័យជំហានដំបូង) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងគ្រិស្តសករាជ ២០២៤ ប្រជាពលរដ្ឋកម្ពុជា បានធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស ដែលក្នុងនោះ របាយការណ៍បង្ហាញថា ខេត្តចំនួន ៥ មានទេសចរជាតិ-អន្តរជាតិ ទៅកម្សាន្តច្រើនជាងគេ គឺខេត្តកំពង់ចាម បាត់ដំបង សៀមរាប កំពត និងព្រៃវែង។

បើតាមរបាយការណ៍ខេត្តនីមួយៗ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ បង្ហាញថា កំពង់ចាម កំពុងឈរនៅលេខរៀង១ នាំមុខខេត្តទេសចរណ៍ផ្សេងទៀត ដែលមានទេសចរមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបជិត ២លាននាក់ (១ ៩១៨ ០៧៣នាក់) ដែលក្នុងនោះ ភ្ញៀវបរទេស មានចំនួនសរុបប្រមាណតែជាង ១០០នាក់ ប៉ុណ្ណោះ ។
រីឯខេត្តបាត់ដំបង បើតាមលោក អ៊ុច អ៊ំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេលបីថ្ងៃ ពោលគឺគិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៤ នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកម្សាន្ដនានា នៅកណ្ដាលក្រុងបាត់ដំបង បានទទួលភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១លាននាក់ (១ ០៧៣ ៦៤៦ នាក់) ។ ដោយឡែកនៅថ្ងៃបង្ហើយចូលឆ្នាំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គឺទទួលបានទេសចរជាតិ-អន្តរជាតិ បន្តមកកម្សាន្តសប្បាយជាង ៦០មុឺននាក់បន្ថែមទៀត។
ចំណែកខេត្តសៀមរាប បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប គិតចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ទេសចរជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តនៅខេត្តសៀមរាប សរុបជាង ១លាន ២០មុឺននាក់ (១ ២៣៩ ៨០៨ នាក់)។ ក្នុងនោះ ទេសចរជាតិសរុបប្រមាណ ៦៦មុឺននាក់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៥៦៣ ០០០ នាក់ និងទេសចរបរទេសសរុបប្រមាណ ១៦ ៨០៨ នាក់។
ចំពោះខេត្តព្រៃវែងវិញ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកលេងកម្សាន្ដ ប្រមាណជាង ១.៣លាននាក់។
ដោយឡែក ចំនួនទេសចរដែលមកកម្សាន្ត ខេត្តកំពត រយ:ពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ សរុបប្រមាណជាង ១លាន ៣សែននាក់ (១ ៣៩៩ ៨៩៧នាក់) ក្នុងនោះ ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តក្នុងខេត្ត សរុបប្រមាណ ៣១២២ នាក់ ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


