Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ សន្ទុះគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បានទៅបិទបញ្ចប់នយោបាយជ្រុលនិយម

បានផុស

នៅ

ជាមួយសន្ទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ បានឈានទៅបិទបញ្ចប់នយោបាយជ្រុលនិយមរបស់ក្រុមប្រឆាំង។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងនៅថ្ងៃទី២៩ ខែមេសានេះ ថា «សន្ទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង​ និងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពង ដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន»។

លោក ប៉ែន បូណា ចាត់ទុកការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះ កំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។

បើតាមការបញ្ជាក់របស់លោក ប៉ែន បូណា គម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ពោល គឺវាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះ ក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ។

ព្រែកជីកនេះ ក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ រួមនៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ថា ផលប្រយោជន៍ដ៏មហិមានេះហើយ ដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ប៉ុន្តែ លោក បានលើកឡើងថា ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ លោក សង្កត់ធ្ងន់ថា ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះ គឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។

ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា អះអាងថា ចលនាជាតិដ៏ធំធេង ដើម្បីគាំទ្រព្រែកជីកហ្វូណន តេជោ ដែលកើតឡើងនាពេលនេះ កំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ និងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ ផ្ទុយទៅវិញ ចលនាជាតិនេះ ក៏កំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម