ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រកាសបន្តអនុគ្រោះពន្ធវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងពាណិជ្ជកម្ម
ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះវិស័យកសិកម្មនៅតែបន្ត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងអះអាងថា ការបន្តអនុវត្តគោលនយោបាយអនុគ្រោះ និងលើកលែងពន្ធចំពោះវិស័យនេះ គឺដើម្បីធានាបាននូវសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្ម។

អញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ លើកទី១៩ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលគ្រាន់តែនៅក្នុងឆ្នាំ២០២៣ វិស័យកសិកម្ម បានរួមចំណែកប្រមាណ២២% នៃផលិតផលសរុបក្នុងប្រទេស។ សម្ដេចធិបតី គូសរំលេចថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ តែងតែផ្ដល់អាទិភាពលើការជួយ និងពង្រឹងលើវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយ និងជួយដល់វិស័យកសិកម្ម និងប្រជាកសិករ។

«ជាក់ស្ដែង ការដាក់ចេញនូវគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្ម ដីស្រែលក្ខណៈគ្រួសារ គឺយើងបានធ្វើយូរមកហើយ ហើយដរាបណាគណបក្សប្រជាជន នៅបន្តមានឱកាសដែលប្រជាជនគាំទ្រ និងផ្ដល់ឱកាសឱ្យដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធកសិកម្មនៅតែបន្តសម្រាប់ប្រជាពលរដ្ឋរបស់យើង ជាពិសេសដីស្រែលក្ខណៈគ្រួសារ»។ នេះជាការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងទិវាមច្ឆជាតិ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទនេះ។
សម្ដេចធិបតី បន្តថា គោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ការលើកលែងសម្រាប់វិស័យកសិកម្ម មានជាអាទិ៍៖ ការលើកលែងពន្ធលើការនាំចូលសម្ភារៈ គ្រឿងយន្ត និងឧបករណ៍កសិកម្ម ក៏ដូចជាកសិផល និងអាហារដែលជាអាហារូបត្ថម្ភសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកលែងពន្ធអាករដល់ឆ្នាំ២០២៨ ដើម្បីធានាតម្លៃ សមរម្យសម្រាប់ប្រជាពលរដ្ឋ។

អាករបន្ថែមលើការនាំចូល និងផ្គត់ផ្គងទំនិញមួយចំនួន ដូចជា ដី ពូជដំណាំ ចំណីសត្វ ជាដើម ក៏ត្រូវបានលើកលែង ដោយធ្វើយ៉ាងណាឱ្យធាតុផ្សំនៃការផលិតរបស់កសិករ កុំឱ្យមានតម្លៃថ្លៃដើមថ្លែពេក ខណៈអាករបន្ថែមលើការផ្គត់ផ្គងទំនិញ និងសេវាសម្រាប់សហគ្រាសផ្គត់ផ្គងក្នុងស្រុកនាំចេញ ក៏ត្រូវបានលើកឡើង ព្រមទាំងវិធានអនុគ្រោះ និងគោលនយោបាយកសិកម្មថ្មីៗមួយចំនួនទៀត ក៏បាននិងកំពុងយកចិត្តទុកដាក់ផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាំងនេះ គឺដើម្បីធានាដល់ការរៀបចំការធានាតម្លៃ លើកទឹកចិត្តការធ្វើទំនើបកម្មលើវិស័យកសិកម្ម ប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្របតាមស្ថានភាពសង្គមបច្ចុប្បន្ន។

ពាក់ព័ន្ធនឹងការអភិវឌ្ឍលើវិស័យកសិកម្មនេះទៀតសោត ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា គឺមានគោលដៅសំខាន់ៗពីរ គឺទី១) ការយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងទី២) ការធ្វើពាណិជ្ជកម្ម ឬ និយាយដោយសាមញ្ញ គឺសម្រាប់ហូបចុក និងលក់ដូរ។ សម្ដេច ថា ការដោះស្រាយបញ្ហាកសិកម្ម គឺដៃម្ខាងគិតគូរពីចំណូលរបស់ប្រជាកសិករ ប៉ុន្តដៃម្ខាងទៀត ត្រូវធានាកុំឱ្យតម្លៃថ្លៃពេក ដែលអាចប៉ះពាល់ដល់អ្នកទិញបរិភោគ។
ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាល អាណត្តិទី៧នេះ សម្ដេចធិបតី បានប្រកាសប្ដេជ្ញាចិត្តបន្តពីរាជរដ្ឋាភិបាល អាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ជួយដល់កសិករនៅទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងក្នុងវិស័យកសិកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


