Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីជា​ច្រើនរូប​​ចូលរួម​​ប្រជុំផែនការមេ ជំរុញ​​អភិវឌ្ឍ​ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

បានផុស

នៅ

នៅ​ព្រឹកថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ​កំពូលៗ​មាន​ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីជាច្រើន​រូប​បាន​ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កិច្ចប្រជុំជាលើកទី ៣ និង​ដែលបាន​​រៀបចំ​ឡើង​នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំ​ដោយ​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.)។

ក្នុងកិច្ចប្រជុំ​ក៏ឃើញមាន​​វត្តមានចូលរួ​ម​ពី​ថ្នាក់ដឹកនាំកំពូល​ៗ​របស់​​រដ្ឋាភិបាល​ជាច្រើន​រូបក្នុង​នោះ​​រួម​មាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជាអនុប្រធានទីមួយ​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់ លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។


កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំផែនការមេខេត្តព្រះសីហនុ និងសេចក្តីព្រាង​របាយការណ៍ផែនការមេខេត្តព្រះសីហនុ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ ដោយពិនិត្យលើផែនការសកម្មភាព និងទិសដៅការងារបន្ទាប់។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ​ស្តីពីការ​រៀបចំ និងការ​ប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស​ពហុបំណង ដោយមានសមាសភាពនិងរចនាសម្ព័ន្ធ​មាន​ប្រធាន ១ រូប អនុប្រធាន ៣ រូប និងសមាជិក ២១ រូប ជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍសម្រាប់រយៈពេលមធ្យមនិងវែងផង រដ្ឋាភិបាល​បាន​ដាក់ចេញ​ការគិតគូរជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ​ឱ្យកាន់តែខ្លាំងឡើង សំដៅកសាងខេត្តព្រះសីហនុទៅជាខេត្តឈានមុខនិងជាខេត្តគំរូក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែស្ទុះឡើង។

ថ្លែង​ក្នុងពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ប្រមុខ​រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ​រំពឹងថា ការ​ដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និងអនាគតខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បងនិងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយ​ផល​ដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។

​សម្តេច​ធិបតី​បានគូស​បញ្ជាក់ថា កម្មវិធីពិសេសនេះសំដៅដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន ជាមួយនឹងការសម្របសម្រួលនៅនឹងកន្លែង និងការផ្តល់ការគាំទ្រទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយ​ផ្តោត​លើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្តនិងភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម