ព័ត៌មានជាតិ
សម្តេច ស ខេង ណែនាំដល់គណៈគ្រប់គ្រងសាលា បង្កើនការយកចិត្តទុកដាក់ លើបរិស្ថានសាលារៀន
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាមតេយ្យសិក្សា ហ៊ុន សែន កំចាយមារ ចំនួន ១ខ្នង ៤បន្ទប់ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ថ្លែងនាឱកាសនោះ សម្តេចក្រឡាហោម ណែនាំដល់គណៈគ្រប់គ្រងសាលា ឱ្យបង្កើនការយកចិត្តទុកដាក់ លើបរិស្ថានសាលារៀន។

សម្តេចក្រឡាហោម បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការសាងសង់នូវអគារសិក្សាសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារ និងការបំពាក់សម្ភារៈបរិក្ខាក្នុងបន្ទប់រៀនផងនោះ គឺជាការរួមចំណែកដ៏ថ្លៃថ្លាក្នុងការជួយអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនេះ សម្តេចបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបានយកពីអស់កម្លាំង កាយចិត្តខិតខំបំពេញការងារជាអ្នកថែទាំ បង្ហាត់បង្រៀនអប់រំកុមារតូចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម បានមានមតិផ្តាំផ្ញើចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស សូមឱ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ បង្កើនការយកចិត្តទុកដាក់ លើបរិស្ថានសាលារៀនស្អាត លើកកម្ពស់អនាម័យ និងការអនុវត្តសកម្មភាព បន្ថែមទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដើម្បីបណ្តុះទម្លាប់ វិន័យ សីលធម៌ និងឥរិយាបថល្អរវាងសិស្សានុសិស្សគ្នាឯង រវាងសិស្សានុសិស្ស និងរៀមច្បង ឬចាស់ព្រឹទ្ធាចារ្យ មាតាបិតា និងលោកគ្រូ អ្នកគ្រូផងដែរ។ ជាពិសេស យកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពសិស្សានុសិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀនឱ្យបានជាប់ជាប្រចាំ ជាពិសេសចំពោះកុមារតូចៗដែលនៅកម្រិតមត្តេយ្យសិក្សានេះផ្ទាល់តែម្តង។

មួយវិញទៀត ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឱ្យចូលរួមយកចិត្តទុកដាក់បណ្តុះទម្លាប់គោរពច្បាប់ដល់សិស្សានុសិស្ស និងកូនៗឱ្យបានជាប់ជាប្រចាំដូចជា ការពាក់មួកសុវត្ថិភាព សីលធម៌នៃការបើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ព្រោះថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ទាំងអ្នកអនុវត្តច្បាប់ សាលារៀន និងឪពុកម្តាយ គឺត្រូវចូលរួមចំណែកគ្នា។
លើសពីនេះ សិស្សានុសិស្សត្រូវមានទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះបីប្រើ កង់ ម៉ូតូ ឬ កង់អាគុយក្តី ត្រូវតែបើកបរប្រកាន់ស្តាំ និងពាក់មួកការពារសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ។ ត្រូវខិតខំរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងត្រូវនៅឱ្យឆ្ងាយពីគ្រឿនញៀន ពីក្រុមក្មេងទំនើង និងពីល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងអំពើអបាយមុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម។

បន្ថែមពីនេះ សម្តេចបានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រៃវែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ។ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង អគារសិក្សា និងការបំពាក់សម្ភារៈបរិក្ខាបន្ទប់រៀននៅក្នុងសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារ ដែលនេះ គឺជាការរួមចំណែកដ៏ប្រពៃក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំ នៅក្នុងមូលដ្ឋានខេត្តព្រៃវែង ឱ្យកាន់តែរីកចម្រើនជាលំដាប់៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


