ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានឡើយ បើសិនធនធានមនុស្សមិនខ្លាំង
កម្ពុជា មិនអាចក្លាយទៅជាប្រទេសអ្នកមានបានឡើយ ប្រសិនបើធនធានមនុស្សរបស់កម្ពុជាមិនខ្លាំងពូកែ។ នេះជាការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។ ដូច្នេះ «មនុស្ស» ជាកត្តាស្នូលនៃគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការសាខាសាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត (DE MONTFORT) របស់អង់គ្លេស នាព្រឹកថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ជាការកត់សម្គាល់ កម្ពុជា បានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យក ឤទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ប៉ុន្តែយ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើងពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាងមូលដ្ឋាននៃសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង»។
ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចង់បញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ ខាងលើនេះ គឺមិនមែនជាការដៃចន្យទេ ជាពិសេសគឺកត្តាមនុស្សដែលត្រូវបានចាប់យកជាអាទិភាពគន្លឹះខ្ពស់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយ តាមរយៈការចាប់យកការអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ដែលជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង។ សម្ដេច បន្ថែមថា ប្រការនេះ ក៏ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់ខ្លួន ហើយឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។ ប៉ុន្តែ ដោយសារវិបត្តិជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចកម្ពុជា បានជួបប្រទះបញ្ហាប្រឈមខ្លះ។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ ហើយរក្សាបានលំនឹងសង្គម-សេដ្ឋកិច្ច និងឈានទៅបើកប្រទេសទាំងស្រុងឡើងវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


